បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើសុំខ្ចីផែនទីកម្ពុជាដែលបានតម្កល់ទុកនៅឯអ.ស.ប.ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា វៀតណាម ដែលកំពុងក្លាយជាបញ្ហាដ៏រសើបនោះ មន្ត្រីអ្នកនាំពាក្យលោកអគ្គលេខាធិការអ.ស.ប.ម្នាក់គឺនាង Eri Kaneko បានថ្លែងបញ្ជាក់ប្រាប់វីអូអេពីទីក្រុងញូវយ៉កមកថា ខ្លួនបានផ្តល់ឲ្យកម្ពុជានូវព័ត៌មានខ្លះហើយ។
«អ.ស.ប.បានផ្តល់ជូនកម្ពុជានូវព័ត៌មានដែលទាកទងនឹងការស្នើសុំ ដែលយើង អាចរកឃើញហើយ។ ហើយយើងនឹងបន្តស្វែងរកឯកសារសំខាន់ៗមួយចំនួនទៀត ដែលកម្ពុជាត្រូវការ»។
មន្ត្រីអ.ស.ប.បដិសេធមិនផ្តល់ព័ត៌មានលម្អិតទេថា តើព័ត៌មានអ្វីខ្លះដែលអ.ស.ប.បានផ្តល់ជូនកម្ពុជានោះ។
ក្នុងសារលិខិតកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានស្នើទៅលោកអគ្គលេខាធិការអ.ស.ប. បាន់ គីមូន ដើម្បីសុំខ្ចីផែនទីខ្នាត១ភាគ១០០០០០ ដែលកម្ពុជាបានយកទៅតម្កល់ទុកនៅឯអ.ស.ប.កាលពីឆ្នាំ១៩៦៤។ ការស្នើសុំនេះធ្វើឡើង ប៉ុន្មានថ្ងៃក្រោយពីពលរដ្ឋ កម្ពុជា និងពលរដ្ឋវៀតណាមហើយនឹងឆ្មាំព្រំដែនវៀតណាមមានការប៉ះទង្គិចគ្នាដែលបណ្តាលឲ្យមានមនុស្សជាង១០នាក់រងរបួសក្នុងខេត្តស្វាយរៀងនោះ។
ក្រោយពេលដែលមានការផ្តល់ព័ត៌មានខ្លះពីអ.ស.ប. លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសរសេរលិខិតបីផ្សេងគ្នាទៅកាន់លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Francois Hollande ប្រធានាធិបតីបារាំង និងលោក David Cameron នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ដើម្បីសុំខ្ចីឯកសារសំខាន់ៗ ទាក់ទិននឹងផែនទី១ភាគ១០០.០០០និងសុំអ្នកជំនាញដើម្បីផ្ទៀងផ្ទាត់ជាមួយ ផែនទីដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានគ្រប់គ្រងអំណាចជាង៣០ឆ្នាំដោយចាប់ផ្តើមពីការលើកបន្តុបដោយវៀតណាមនោះ បានប្រយ័ត្នប្រយែងក្នុងការប្រើពាក្យសម្តីដែលប៉ះពាល់ដល់ការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម។ ភាគច្រើន លោកហ៊ុន សែនគ្រាន់តែបានបញ្ជាក់កម្រិតត្រឹមតែខ្ចីផែនទីមកគឺដើម្បីបង្ហាញភាពស្អាតស្អំ និងរកយុត្តិធម៌ ដែលលោកហើយនឹងរដ្ឋាភិបាលលោករងការចោទប្រកាន់ពីគណបក្សជំទាស់ជាច្រើនទសវត្សថា បានធ្វើឲ្យបាត់ទឹកដីកម្ពុជា។
តែលោកបានបញ្ជាក់ច្បាស់ៗថា ការបោះបង្គោលព្រំដែនដែលបានធ្វើ៨៣ភាគរយហើយ ហើយសល់១៧ភាគទៀតនោះ ក៏អាចសើរើ និងធ្វើការត្រួតពិនិត្យបានដែរ។ គេជឿថា នេះជាការបញ្ជាក់ច្បាស់លាស់ដ៏កម្រមួយក្នុងរយៈពេលជាច្រើនឆ្នាំនេះ។
ប៉ុន្តែក្រុមមន្ត្រីគណបក្សជំទាស់នឹងមិនចាំការសើរើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ។ ពួកគេបានអះអាងថា គេនឹងធ្វើដំណើរម្តងទៀតនៅចុងសប្តាហ៍នេះដើម្បីទៅត្រួតពិនិត្យមើលព្រំដែនដែលគេចោទថា វៀតណាមបានឈ្លានពាន ដោយការធ្វើផ្លូវ បុស្តិ៍យោធាជួរមុខ ហើយនឹងជីកស្រះចូលក្នុងទឹកដីខ្មែរ តែវៀតណាមថា ដីខ្លួនដែរនោះ។ លោកអ៊ុំ សំអាន សមាជិកសភាគណបក្សសង្គ្រោះជាតិ បានថ្លែងថា ពលរដ្ឋខ្មែរ សមាជិកសភាគណបក្សសង្គ្រោះជាតិនឹងចាប់ផ្តើមទៅមើលព្រំដែននៅក្នុងខេត្តស្វាយរៀង កន្លែងផ្ទុះអំពើហិង្សាចុងក្រោយនេះជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យទី១៩ ខែកក្កដាខាងមុខ ដោយលោកនិយាយថា វៀតណាមមិនអើពើនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសដែលសុំឲ្យផ្អាកការសាងសង់ផ្លូវនៅទីនោះ។
«ទោះបីជាមានការប្រឈមយ៉ាងណាក៏ដោយ យើងត្រូវតែទៅមើលឲ្យដល់ថា តើ មានការរំលោភពីសំណាក់ប្រទេសវៀតណាម ឬយ៉ាងណា? យើងមិនចង់បង្កហិង្សាជាមួយប្រជាពលរដ្ឋវៀតណាម ក៏ដូចជាអាជ្ញាធរវៀតណាម កងកម្លាំងប្រដាប់អាវុធរបស់វៀតណាមដែរ។ យើងនឹងសុំការសហការពីអាជ្ញាធរដែនដី ក្នុងខេត្តស្វាយរៀងដើម្បីជូនយើងទៅមើលកន្លែងរំលោភពីសំណាក់ប្រទេសវៀតណាម»។
លោកថ្លែងថា ទោះជាមានការរៀបចំកម្លាំងដែលលោកបានឃើញតាមបណ្តាញ ព័ត៌មានក្តីក៏លោកបានអះអាងថា លោកមិនខ្លាចរអា មិនហ៊ានទៅពិនិត្យមើលព្រំដែនទេ។
របាយការណ៍ព័ត៌មានក្នុងប្រទេសវៀតណាមបាននិយាយថា ប្រទេសវៀតណាម បានបដិសេធថា គ្មានការរៀបចំចល័តកម្លាំងទ័ពនោះទេ។
អ្នកនាំពាក្យអ.ស.ប.បានឲ្យដឹងថា លោកអគ្គលេខាធិការអ.ស.ប.បាន់ គីមូនបានកំពុងឃ្លាំមើលបញ្ហាព្រំដែនកម្ពុជា និងវៀតណាម ហើយគាំទ្រភាគីទាំងពីរក្នុងការពិភាក្សាគ្នា។
ក្រោយពីកិច្ចចរចាគ្នាកាលពីដើមខែកក្កដារវាងគណៈកម្មការព្រំដែនប្រទេសទាំងពីរ ដែលគេអះអាងថាគ្មានលទ្ធផលធំដុំនោះ ប្រទេសកម្ពុជាបានផ្ញើរកំណត់ទូតចុងក្រោយទៅប្រទេសវៀតណាមលើបញ្ហាចំនួនបីគឺទី១ សុំឲ្យវៀតណាម លុបចោលស្រះចំនួន៨កន្លែងក្នុងខេត្តរតនគីរីស្ថិតនៅចន្លោះបង្គោលលេខ៣០ទៅ៤០។ ទី២សុំឲ្យវៀតណាមផ្អាកការសាងសង់បុស្តិ៍យោធាជាបន្ទាន់ នៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល។ ទី៣ សុំឲ្យវៀតណាមផ្អាកការសាងសង់ផ្លូវនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕