លោកឈាង វុន អ្នកនាំពាក្យនៃរដ្ឋសភាជាតិ នៅថ្ងៃសុក្រនេះ បានថ្លែងការពារលោកហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលបានបដិសេធ មិនបញ្ជូនលិខិតរបស់តំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិមួយក្រុមទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីស្នើសុំឲ្យរដ្ឋាភិបាលផ្អាកការបោះបង្គោលព្រំដែនជាបណ្តោះអាសន្ន ដោយឲ្យរង់ចាំដល់ក្រោយការបោះឆ្នោតជាតិ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯរដ្ឋសភា លោកឈាង វុនបានមានប្រសាសន៍ថា លោកអ៊ុំ សំអានកំពុងជ្រៀតជ្រែកការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបានចោទអ្នកតំណាងរាស្រ្តមកពីបក្សប្រឆាំងរូបនេះថា បានធ្វើខុសនីតិវិធីក្នុងការស្នើឲ្យមានការផ្អាកការបោះបង្គោលព្រំដែននេះ ពីព្រោះអ្នកតំណាងរាស្រ្តមានសិទ្ធិត្រឹមតែតាំងសំណួរប៉ុណ្ណោះ។
«មាត្រា៩៦ហ្នឹងគឺច្បាស់ណាស់ចែងថា តំណាងរាស្រ្តមានសិទ្ធិដាក់សំណួរទៅរាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយល៍ក្ខណ៍អក្សរ ប្រគល់តាមរយៈប្រធានរដ្ឋសភា។ ឯកសាររបស់គាត់នេះសរសេរជាលាយល័ក្ខណ៍អក្សរហើយ ក៏ប៉ុន្តែបើយើងអានខ្លឹមសារនៃឯកសារគាត់ វាមិនមែនដាក់សំណួរ»។
លោកឈាង វុន អ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការចោទប្រកាន់របស់លោកអ៊ុំ សំអាន អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិលើលោកហេង សំរិននោះគឺជាទង្វើរំលោភលើរដ្ឋធម្មនុញ្ញ។ លោកបានបន្ថែមថា៖
«ការណ៍ដែលចោទប្រកាន់សម្តេចប្រធានមិនគោរពរដ្ឋធម្មនុញ្ញ ហើយរឿងហ៊ានរហូតដល់ប្រកូកប្រកាស់រកប្តឹងសម្តេចប្រធានទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលខ្លួនគាត់សោះជាអ្នកធ្វើខុសនឹងរដ្ឋធមុ្មនុញ្ញនោះ គឺមិនសមជាអ្នកតំណាងរាស្រ្តនៅក្នុងបរិបទថ្មីនៃនយោបាយកម្ពុជាទេ»។
លោកឈាង វុនបានថ្លែងការពារលោកហេង សំរិន ក្រោយពីក្រុមតំណាងរាស្រ្តមកពីគណបក្សជំទាស់១២រូបបានដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីស្នើសុំការផ្អាកការបោះបង្គោលព្រំដែនរវាងភាគីកម្ពុជា និងវៀតណាម និងសុំការពន្យល់អំពីការដោះដូរដីនៅតាមខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរនេះ។ កាលពីថ្ងៃអង្គារ លោកហេង សំរិនបានចេញលិខិតបដិសេធមិនបញ្ជូនលិខិតនេះទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែនទេ បន្ទាប់ពីលោកទទួលបានលិខិតនេះជិតមួយសប្តាហ៍។
លោកអ៊ុំ សំអានបានប្រាប់វីអូអេថា លោកទទួលយកការបកស្រាយរបស់លោកឈាង វុនមិនបានទេ ដោយលោកបានបញ្ជាក់ថា បើមានការសម្របសម្រួលបញ្ជូនលិខិតរបស់ក្រុមអ្នកតំណាងរាស្រ្តទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះក្រុមអ្នកតំណាងរាស្រ្តនឹងមិនប្តឹងលោកហេង សំរិននោះទេ តែបើមិនមានការសម្របសម្រួលយ៉ាងដូច្នេះទេ លោកនឹងប្តឹងលោកហេង សំរិនដដែល។
«ប៉ុន្តែបើសម្របសម្រួលថា អត់ឲ្យខ្ញុំប្តឹងអត់បានទេ អាហ្នឹង។ ពួកខ្ញុំកំពុងពិភាក្សាជាមួយអ្នកតំណាងរាស្រ្តដទៃទៀត ដើម្បីប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ»។
លោកកែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម ឲ្យដឹងថា ការចោទប្រកាន់គ្នាទៅវិញទៅមកនេះបានធ្វើឲ្យខូចមុខមាត់រដ្ឋសភាជាតិ និងមិនបានផ្តល់ផលចំណេញអ្វីដល់ប្រជាពលរដ្ឋខ្មែរទេ ដោយហេតុថា យន្តការទំនាក់ទំនងគួរត្រូវបានពង្រឹងឲ្យបានប្រសើរនៅក្នុងរដ្ឋសភា។
«បើមានបញ្ហាអី យើងអាចហៅគ្នាប្រជុំ ជជែក ដាក់ផែនការប្រចាំឆ្នាំ។ មានយន្តការជជែកច្បាស់លាស់ទៅ ខ្ញុំគិតថា ទទួលជោគជ័យហើយ។ ហើយជាទូទៅ វប្បធម៌បាចទឹកដាក់គ្នាជាសាធារណៈហ្នឹង វាមិនសូវជាគប្បីប៉ុន្មានទេ»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជាវៀតណាមបានឡើងកំដៅសារជាថ្មី បន្ទាប់ពីវៀតណាមបានជីកស្រះតាមបណ្តោយព្រំដែនកម្ពុជានៅក្នុងខេត្តរតនគីរី និងសាងសង់ប៉ុស្តិ៍យោធានៅជាប់ព្រំដែនខេត្តកណ្តាល ដែលជាចំណុចមិនទាន់មានការឯកភាពគ្នានោះ។ ការមិនចុះសម្រុងគ្នាចំពោះការជីកស្រះនេះបាននាំឲ្យភាគីទាំងពីរវៀតណាមនិងកម្ពុជាអង្គុយចរចាគ្នារយៈពេលបីថ្ងៃកាលពីដើមខែកក្កដានេះ តែលទ្ធផលនៃការចរចានោះមិនត្រូវបានគេបញ្ចេញឱ្យដឹងជាសាធារណៈទេ។
ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានចេញលិខិតជាបន្តបន្ទាប់ទៅកាន់សហគមន៍អន្តរជាតិក្នុងគោលបំណងស្វះស្វែងរកកិច្ចសហការផ្តល់ឯកសារផែនទីរបស់ប្រទេសកម្ពុជា ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើការបោះបង្គោលព្រំដែនរវាងភាគីកម្ពុជា និងវៀតណាម។
ទាក់ទិននឹងការប្តឹងលោកហេង សំរិន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា ឈប់ប្រើវប្បធម៌សន្ទនាផងដែរ ប្រសិនបើលោកអ៊ុំ សំអាននិងតំណាងរាស្រ្តឯទៀតនៃគណបក្សសង្គ្រោះជាតិនៅតែបន្តចចេសប្តឹងលោកហេង សំរិនទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ភ្ជាប់ជាមួយរឿងនេះ លោកសង្ស័យថា លោកសម រង្ស៊ីកំពុងតែប្រើល្បិច ដោយលោកបាននិយាយថា លោកសម រង្ស៊ីដើរជាតួស្លូត និងកូនចៅរបស់លោកជាតួកាច។
«មានសញ្ញានៃការសង្ស័យថា ក្រែងលោឯកឧត្តមសម រង្ស៊ីដើរតួស្លូតជាមួយហ៊ុន សែន ហើយទុកមនុស្សមួយចំនួនឲ្យបំផ្លាញ តាមរបៀបតួកាច។ នេះជាសញ្ញាបញ្ជាក់។ បើបែបនេះដែរ អ្ហេ OK! បាន! ហ៊ុន សែនទទួលបានទាំងអស់! ក្បាច់រាំមួយណាក៏បាន។ ក្បាច់សន្ទនាក៏បាន ក្បាច់វ៉ៃគ្នាក៏បាន។ ប៉ុន្តែអាក្បាច់វ៉ៃគ្នាហួសសម័យហើយ។ កុំវ៉ៃគ្នាអីទៀត។ អានយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី អានយោបាយសងសឹកគ្នា អានយោបាយប៉ែងជើងគ្នា ល្មមបញ្ចប់ហើយ។ ទៅ! ចប់ទៅ!»។
ឆ្លើយតបនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកអ៊ុំ សំអានបានបញ្ជាក់ប្រាប់វីអូអេដែរថា ការរៀបចំប្តឹងលោកហេង សំរិនមិនប៉ះពាល់ដល់ត្រួយថ្មីនៃវប្បធម៌សន្ទនានេះទេ ហើយថា ចំណាត់ការផ្លូវច្បាប់របស់លោកគឺស្របតាមគោលការណ៍សង្គមប្រជាធិបតេយ្យ៕