អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្របានទស្សន៍ទាយថា ពលរដ្ឋវេណេស៊ុយអេឡាប្រមាណ៥,៣លាននាក់នឹងចាកចេញពីប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះត្រឹមបំណាច់ចុងឆ្នាំក្រោយដើម្បីគេចចេញពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចដែលកំពុងកើតឡើងក្នុងប្រទេសនេះ។
ការព្យាករណ៍នេះត្រូវបានដាក់បញ្ជូលទៅក្នុងគម្រោងស្តីពីការធ្វើចំណាកស្រុកដ៏ធំមួយរបស់ពលរដ្ឋនៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកឡាទីននាពេលបច្ចុប្បន្ននេះ។ គម្រោងនេះត្រូវបានបង្កើតឡើងរួមគ្នាដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM។
លោក Eduardo Stein តំណាងពិសេសរបស់អង្គការ UNHCR និង IOM ប្រចាំប្រទេសវេណេស៊ុយអេឡាបានថ្លែងនៅឯសន្និសីទកាសែតមួយក្នុងទីក្រុងហ្សឺណែវថា៖ «យើងពិតជាកំពុងប្រឈមនឹងវិបត្តិចំណាកស្រុកដ៏រង្គោះរង្គើរ»។
ពលរដ្ឋវេណេស៊ុយអេឡាប្រមាណ២,៣លាននាក់បានចាកចេញពីប្រទេសចាប់តាំងពីឆ្នាំ២០១៥មក ហើយពលរដ្ឋចំនួន២លាននាក់ទៀតត្រូវបានគេព្យាករណ៍ថា នឹងចាកចេញពីប្រទេសនៅឆ្នាំក្រោយនេះ។ ពលរដ្ឋសរុបចំនួន៣,៣លាននាក់កំពុងរស់នៅក្រៅប្រទេសនាពេលបច្ចុប្បន្ន។
នាយកអង្គការ UNHCR លោក Filippo Grandi បានថ្លែងថាហេតុផលនានាដែលបណ្តាលឲ្យពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ចាកចេញពីប្រទេសនេះគឺចាប់ផ្តើមពីភាពអត់ឃ្លាន រហូតដល់អំពើហិង្សានិងកង្វះខាតសន្តិសុខ។ អង្គការសហប្រជាជាតិបានស្នើថវិកាចំនួន៧៣៨លានដុល្លារដើម្បីជួយពលរដ្ឋវេណេស៊ុយអេឡាដែលបានផ្លាស់ទីលំនៅនិងដល់ប្រទេសនានាដែលទទួលយកពួកគេ៕