ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាមេរិក​ និង​ម៉ិកស៊ិក​ពិភាក្សា​គ្នា​អំពី​ដំណោះស្រាយ​វិបត្តិធ្វើ​ចំណាកស្រុក​នៅ​តំបន់​អាមេរិក​កណ្តាល


ជនចំណាកស្រុក​ហុងឌូរ៉ាសព្យាយាម​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដោយឡើង​លើរបង​ព្រំដែន​ពី​ប្រទេស​ម៉ិកស៊ិកក្នុង​ទីក្រុង​ Tijuana កាលពី​ថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ ២០១៨។
ជនចំណាកស្រុក​ហុងឌូរ៉ាសព្យាយាម​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដោយឡើង​លើរបង​ព្រំដែន​ពី​ប្រទេស​ម៉ិកស៊ិកក្នុង​ទីក្រុង​ Tijuana កាលពី​ថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trumpនិង​ប្រធានាធិបតីម៉ិកស៊ិក​លោក Andres Manuel Lopez Obrador បាន​ពិភាក្សាគ្នា​តាម​ទូរសព្ទ​កាល​ពី​ថ្ងៃពុធ​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​អន្តោប្រវេសន៍។

សេតវិមាន​បាន​ប្រកាស​ថា​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ពិភាក្សាគ្នា​រកដំណោះស្រាយ​ដែល​ចាំបាច់​នានាចំពោះ​មូលហេតុ​នៃ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ពី​តំបន់អាមេរិក​កណ្តាល​ទៅ​សហរដ្ឋអាមេរិក។ មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ចំណាកស្រុក​ដែល​រួមមាន​បញ្ហា​អសន្តិសុខ និង​បញ្ហាសេដ្ឋកិច្ច​ធ្លាក់ចុះ​ជាដើម។

លោក Lopez Obrador បាន​និយាយ​ថា​លោក​និងលោក Trumpបាន​ពិភាក្សា​អំពី​ការ​ធ្វើ​ចំណាកស្រុក ​និង​លទ្ធភាព​នៃ​ការធ្វើការរួមគ្នា​ដើម្បី​លើក​កម្ពស់​ការអភិវឌ្ឍន៍ និង​ការបង្កើតការងារ​នៅតំបន់​អាមេរិក​កណ្តាល។ លោក López Obrador​ បាន​បង្ហោះ​សារ​កាល​ពី​ថ្ងៃពុធ​ដោយលោក​បាន​ចាត់ទុក​ពិភាក្សា​តាម​ទូរសព្ទ​នេះ​ថា​ជា​ការ​កិច្ចពិភាក្សា​ប្រកប​ដោយ​ភាពរាក់ទាក់​និង​ការគោរព​គ្នា។

មេដឹកនាំ​ម៉ិកស៊ិក​បាន​ស្នើ​គម្រោង​ជា​ទឹកប្រាក់​ចំនួន​៣០ពាន់លាន​ដុល្លារ​រយៈពេល​៥ឆ្នាំ​ដើម្បី​បង្កើតការងារ​និង​ដើម្បីដោះស្រាយ​ភាពក្រីក្រ​នៅ​តំបន់​អាមេរិកកណ្តាល ដោយ​សង្ឃឹមថា​អាច​ដោះស្រាយ​បញ្ហានានា​ដើម្បី​ជួយ​ឲ្យ​ពួកជន​ចំណាកស្រុក​អាច​ស្វែង​រកជីវភាព​ប្រសើរ​ទាំងក្នុង​ប្រទេសម៉ិកស៊ិក​និង​សហរដ្ឋអាមេរិក។ លោកLópez Obrador ​ដែល​បាន​ឡើង​កាន់តំណែង​កាល​ពី​ថ្ងៃទី១ខែធ្នូ​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​និង​កាណាដា​ចូលរួម​ក្នុងកិច្ចប្រឹងប្រែង​នេះ​ជាមួយ​គ្នា។

កាល​ពី​ដើមខែនេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​សេវាភាសាអ៉េស្បាញ​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​ថា​លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋបាល​ម៉ិកស៊ិក​ថ្មី​អំពី​ការបង្កើត​ឱកាស​សម្រាប់​ប្រជាជន​នៅដែល​រស់នៅ​ក្នុង​ប្រទេសក្វាតេម៉ាឡា​ ហុងឌុយរ៉ាស និង​អែលសាវ៉ាឌ័រ ​ដើម្បី​ជួយ​ឲ្យ​ពួកគេ​មាន​ជីវភាព​ប្រសើរឡើង៕

XS
SM
MD
LG