លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានថ្លែងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Nicolas Maduro នៃប្រទេសវ៉េណេស៊ុយអេឡានោះទេ។
លោក Bolton បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fox News ថា «ខ្ញុំអាចនិយាយបានដោយមិនស្ទាក់ស្ទើរថា រដ្ឋាភិបាលអាមេរិកមិនជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍នេះទាល់តែសោះ»។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រហារបានកើតឡើង លោក Maduro បាននិយាយថា «គ្រប់យ៉ាងចង្អុលទៅកាន់ផែនការរបស់អ្នកនិយមស្តាំ ដែលកើតចេញពីប្រទេសកូឡុំប៊ី ដែលជាប្រទេសជិតខាងនោះ»។ ប៉ុន្តែលោកបានបន្ថែមថា ការស៊ើបអង្កេតបឋម «បង្ហាញថាអ្នកដែលឧបត្ថម្ភផ្នែកថវិកាមួយចំនួនដល់ផែនការនោះគឺនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមរួចរាល់ជាស្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មទាំងនេះ»។
លោក Maduro ដែលមិនរងរបួសអ្វីពីហេតុការណ៍វាយប្រហារនោះ បានអះអាងថា ការវាយប្រហារដោយប្រើដ្រូនបំពាក់ដោយគ្រឿងផ្ទុះនោះ «គឺជាអ្វីដែលចក្រពត្តិនិយមអាមេរិកចង់ធ្វើ ចង់ឃើញវ៉េណេស៊ុយអេឡាស្ថិតក្នុងជម្លោះនិងសង្គ្រាមស៊ីវិល»។
ដោយថ្លែងលើកឡើងពីការវាយប្រហារម្តងទៀត លោក Maduro បាននិយាយថា «នេះគឺជាការប៉ុនប៉ងធ្វើឃាតខ្ញុំ។ ថ្ងៃនេះ ពួកគេប៉ុនប៉ងសម្លាប់ខ្ញុំ»៕