ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​នឹង​ផ្អាក​គម្រោង​ដែល​ការពារ​ជនជាតិ​អែលសាល់វាឌ័រ​ពី​ការ​បញ្ជូន​ចេញ​ទៅ​កាន់​ប្រទេស​កំណើត​ពួកគេ​វិញ


បាតុករ​ដើរ​ក្បួន​នៅ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ​ដើម្បី​គាំទ្រ​ដល់​គម្រោង​កម្មវិធី​ការ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​វ័យក្មេង ឬ DACA និង​គម្រោង​ការពារ​ឋានៈ​ជា​បណ្តោះ​អាសន្ន ឬ TPS នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
បាតុករ​ដើរ​ក្បួន​នៅ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ​ដើម្បី​គាំទ្រ​ដល់​គម្រោង​កម្មវិធី​ការ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​វ័យក្មេង ឬ DACA និង​គម្រោង​ការពារ​ឋានៈ​ជា​បណ្តោះ​អាសន្ន ឬ TPS នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ផ្អាក​គម្រោង​ដែល​ការពារ​ជនជាតិ​អែលសាល់វាឌ័រ​ប្រហែល ២ សែន ៦ ម៉ឺន ២ ពាន់ ៥ រយ​នាក់ ពី​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក។ ជនជាតិ​អែលសាល់វាឌ័រ​ទាំង​នេះ​បាន​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​អាមេរិក​មួយ​ចំនួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​មករា កន្លង​ទៅ​នេះ។

គម្រោង​ឋានៈ​ដែល​មាន​ការ​ការពារ​បណ្ដោះ​អាសន្ន ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Temporary Protected Status នេះ បាន​ការពារ​ជនជាតិ​អែលសាល់វាឌ័រ​រាប់​សែន​នាក់​ពី​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​បំផ្លិច​បំផ្លាញ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អែលសាល់វាឌ័រ​កាល​ពី​ឆ្នាំ ២០០១ មក។ គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ដែល​គម្រោង​នេះ​នឹង​បញ្ចប់ អ្នក​ដែល​បាន​រស់នៅ និង​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អស់​ជិត​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ នឹង​ទទួល​បាន​ឋានៈ​ជា​ជន​អន្តោប្រវេសន៍​វិញ ប្រសិនបើ​ឋានៈ​ជា​ជន​អន្តោប្រវេសន៍​របស់​ពួកគេ​នោះ​នៅ​មាន​សុពលភាព។ ឋានៈ​ជា​ជន​អន្តោប្រវេសន៍​នេះ​ជា​ឋានៈ​ដែល​ពួកគេ​មាន​មុន​ពេល​ពួកគេ​ទទួល​បាន​ឋានៈ​ដែល​មាន​ការ​ការពារ​បណ្ដោះ​អាសន្ន​នេះ។ ពួកគេ​ក៏​មាន​ជម្រើស​ក្នុង​ការ​ដាក់​ពាក្យ​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​អន្តោប្រវេសន៍​ផ្សេង​ទៀត​ផង​ដែរ ដូចជា​ទិដ្ឋាការ​ដែល​ផ្អែក​លើ​គ្រួសារ ឬ​ក៏​ផ្អែក​លើ​ការងារ​ជា​ដើម។

ការ​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ផ្អាក​គម្រោង​នេះ នឹង​ស្ទើរតែ​ធ្វើ​ឲ្យ​ជនជាតិ​អែលសាល់វាឌ័រ​មួយ​ចំនួន​ក្លាយ​ជា​ជន​រស់នៅ​ខុស​ច្បាប់ ដោយ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​រងគ្រោះ​នឹង​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ភ្លាមៗ។

នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​មួយ​ដែល​ធ្វើ​ជា​ប្រចាំ​ទៅ​លើ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អែលសាល់វាឌ័រ រដ្ឋបាល​របស់​លោក Trump បាន​កំណត់​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អែលសាល់វាឌ័រ​មាន​លក្ខណៈ​ប្រសើរ​គ្រាន់បើ​ឡើង​វិញ​ហើយ​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទាំង​នោះ​បាន​កើត​ឡើង​មក ដែល​ករណី​នេះ​អាច​អនុញ្ញាត​ឲ្យ​ជនជាតិ​អែលសាល់វាឌ័រ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​បាន។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​មួយ​រួប​ដែល​បាន​បញ្ជាក់​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​នានា​នៅ​ក្នុង​ការ​ឆ្លើយឆ្លង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែ​មករា កន្លង​ទៅ​នេះ។

ទោះបីជា​មាន​ការ​បន្ត​កាល​ពី​លើក​មុន​ចំពោះ​គម្រោង​ឋានៈ​ដែល​មាន​ការ​ការពារ​បណ្ដោះ​អាសន្ន​សម្រាប់​ជនជាតិ​អែលសាល់វាឌ័រ​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​បញ្ចូល​នូវ​ទំនាក់ទំនង​រវាង​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ការ​ប្រឹងប្រែង​របស់​ប្រទេស​អែលសាល់វាឌ័រ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​ដែល​រៀបចំ​ទុក​ជា​មុន​និង​អំពើ​ហិង្សា​ផ្សេងៗ​ក៏​ដោយ ក៏​មន្ត្រី​រដ្ឋបាល​រូប​នោះ​បាន​និយាយ​ថា ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ធ្វើ​ការ​ថ្លឹងថ្លែង​នៅ​ក្នុង​ការ​វាយ​តម្លៃ​របស់​ខ្លួន​តែ​លើ «ស្ថានការណ៍​ប្រសើរ​ឡើង​វិញ‍» ពី​គ្រោះ​រញ្ជួយ​ដី​តែ​ប៉ុណ្ណោះ មិន​មែន​លើ «អំពើ​ហិង្សា​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស‍» នោះ​ទេ។

មន្ត្រី​ដែល​ត្រៀម​ខ្លួន​រួច​រាល់ ក៏​ដូចជា​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​របស់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​លោកស្រី Kirstjen Nielsen បាន​បញ្ជាក់​ថា ការ​ពន្យារពេល​រយៈពេល ១៨ ខែ ចំពោះ​គម្រោង​ឋានៈ​ដែល​មាន​ការ​ការពារ​បណ្ដោះ​អាសន្ន​សម្រាប់​ជនជាតិ​អែលសាល់វាឌ័រ​នេះ «នឹង​អនុញ្ញាត​ឲ្យ​សភា​មាន​ពេល​វេលា​ដើម្បី​បង្កើត​ដំណោះស្រាយ​ផ្លូវ​ច្បាប់​មួយ‍»។

ប៉ុន្តែ សមាជិក​សភា​អាមេរិក​បាន​ប្រឹងប្រែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​ចំពោះ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក ហើយ​គេ​ឃើញ​មាន​សញ្ញាណ​តិចតួច​ប៉ុណ្ណោះ​នៅ​ឯ​សភា​ដែល​បង្ហាញ​ថា ច្បាប់​ថ្មី​ណា​មួយ​នឹង​ត្រូវ​អនុម័ត​ឲ្យ​ទាន់​ពេល​វេលា​ដើម្បី​ជួយ​សង្គ្រោះ​ជនជាតិ​អែលសាល់វាឌ័រ​ដែល​រងគ្រោះ​ដោយសារ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​កាល​ពី​ថ្ងៃ​ទី ៨ ខែ​មករា​កន្លង​មក​នេះ។

មជ្ឈមណ្ឌល​សិក្សា​បញ្ហា​ទេសន្តរប្រវេសន៍ (Center for Migration Studies) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ជនជាតិ​អែលសាល់វាឌ័រ​ទាំង​នេះ​តំណាង​ឲ្យ​ក្រុម​គ្រួសារ​ចំនួន ១ សែន ៣ ម៉ឺន ៥ ពាន់ ដែល​អ្នក​ទាំង​នោះ​ចំនួន ៨៨ ភាគរយ កំពុង​បំពេញ​ការងារ​ផ្សេងៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អ្នក​ទាំង​នោះ​ប្រហែល ១ ភាគ ៤ រស់នៅ​ក្នុង​រដ្ឋ California និង​ចំនួន ១ ភាគ ៥ ទៀត រស់នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន។ ភាគ​ច្រើន​នៃ​ជនជាតិ​អែលសាល់វាឌ័រ​ទាំង​នោះ​មាន​កូន​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​កូនៗ​របស់​ពួកគេ​មាន​សញ្ជាតិ​អាមេរិក​ដោយ​ស្វ័យ​ប្រវត្តិ ចំណែក​ឯ​ពួកគេ​មិន​អាច​មាន​សញ្ជាតិ​អាមេរិក​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។

ជនជាតិ​អែលសាល់វាឌ័រ​ភាគ​ច្រើន​បាន​រៀន​ភាសា​អង់គ្លេស ហើយ​ពួកគេ​ប្រហែល​ជា ១០ ភាគរយ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំង។

កន្លង​មក ជនជាតិ​អែលសាល់វាឌ័រ​ទាំង​នេះ​គឺ​ជា​ក្រុម​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ឋានៈ​ដែល​មាន​ការ​ការពារ​បណ្ដោះ​អាសន្ន​នេះ ហើយ​ពួកគេ​គឺ​ជា​ក្រុម​រងគ្រោះ​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ការ​សម្រេច​របស់​រដ្ឋបាល​លោក Trump ចំពោះ​គម្រោង​នេះ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​សម្រេច​មិន​បន្ត​គម្រោង​ឋានៈ​ពិសេស​នេះ​សម្រាប់​ជនជាតិ​ហៃទី ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១៩

សម្រាប់​ជនជាតិ​នីការ៉ាហ្គ័រ ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០១៩ និង​សម្រាប់​ជនជាតិ​ស៊ូដង់ ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

ការ​ប្រកាស​មួយ​ចំនួន​បន្ថែម​ទៀត​សម្រាប់​ប្រទេស​ចំនួន ៦ ទៀត ដែល​នៅ​សេសសល់​ក្រោម​គម្រោង​ឋានៈ​ដែល​មាន​ការ​ការពារ​បណ្ដោះ​អាសន្ន​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG