ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បានបញ្ជាក់នៅថ្ងៃអង្គារនេះពីអ្វីដែលលោកហៅថាជា«បរាជ័យដ៏ធំមួយ» របស់រុស្ស៊ីក្នុងការចាត់វិធានការឱ្យបានគ្រប់គ្រាន់ ក្នុងការការពារពលរដ្ឋស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ពីការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី។
លោក Turk និយាយថា ការិយាល័យរបស់លោកបញ្ជាក់ថា មានពលរដ្ឋស៊ីវិលចំនួន១០.០០០ នាក់បានស្លាប់ ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានយ៉ាងពេញទំហឹងទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដអាចទំនងជាខ្ពស់ជាងនេះច្រើន។
លោកបន្ថែមទៀតថា ជនស៊ីវិលភាគច្រើនបំផុតត្រូវបានសម្លាប់នៅជិតខ្សែត្រៀមជួរមុខនៃសមរភូមិប្រយុទ្ធក្នុងតំបន់ Donetsk, Kharkiv, Kherson, និងតំបន់ Zaporizhzhia ប៉ុន្តែក៏បណ្តាលឱ្យស្លាប់និងរបួសជាច្រើននាក់ផងដែរ ដោយគ្រាប់មីស៊ីលវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងនានារបស់អ៊ុយក្រែន។
លោក Turk និយាយថា ការិយាល័យរបស់លោកបានកត់ត្រានូវការចាប់ឃុំឃាំងតាមអំពើចិត្តនិងការបាត់ខ្លួនដោយបង្ខំក្នុងតំបន់ដែលកងកម្លាំងរុស្ស៊ីគ្រប់គ្រង ហើយមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មិនអាចចូលទៅជួបឈ្លើយសឹកនៅក្នុងតំបន់ទាំងនោះឡើយ។
ដោយឡែកក្នុងប្រទេសរុស្ស៊ីឯណោះវិញ អភិបាលរដ្ឋធានីមូស្គូបាននិយាយនៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនមួយគ្រឿងដែលហោះលើទីក្រុងនេះ។ គេពុំឃើញមានសេចក្តីរាយការណ៍ពីការខូចខាតនិងរងគ្រោះថ្នាក់នោះឡើយ។
ទន្ទឹមនឹងនេះដែរ កងយោធាអ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូនពីរគ្រឿងរបស់រុស្ស៊ីកាលពីយប់មិញ។
ប្រទេសបារាំងនិងចក្រភពអង់គ្លេស បានសន្យាបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសបារាំងអ្នកស្រី Catherine Colonna និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានជួបពិភាក្សាគ្នាក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។
លោក Cameron និយាយថា ប្រទេសទាំងពីរនេះនឹងបន្តជួយដល់ប្រទេសអ៊ុយក្រែន «ទោះយូរប៉ុណ្ណាក៏ដោយ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។