ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា ក្របខណ្ឌសម្រាប់ចរចាចូលសហភាពអឺរ៉ុបនឹងចប់នៅរដូវផ្ការីកឆ្នាំក្រោយ


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ប្រទេស​អ៊ុយក្រែន​និង​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​នឹង​វាយតម្លៃ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លើ​ដំណើរ​វិវឌ្ឍន៍​ដែល​អ៊ុយក្រែន​សម្រេច​បាន​នៅ​ក្នុង​ការសម្រប​ច្បាប់​របស់​ខ្លួន​តាម​ច្បាប់​របស់​សហភាព​អឺរ៉ុប ហើយ​នឹង​បង្កើត​នូវ​ក្របខ័ណ្ឌ​មួយ​សម្រាប់​ការពិភាក្សា​អំពី​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​ការបញ្ជក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​របស់​លោក​កាលពី​យប់​ថ្ងៃ​អាទិត្យ។

លោក Zelenskyy បាន​និយាយ​ថា៖ «នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ យើង​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​ជាមួយ​គណៈកម្មការ​អឺរ៉ុប​នូវ​ដំណើរការ​វាយតម្លៃ​ច្បាប់​របស់​អ៊ុយក្រែន​ដើម្បី​ឱ្យ​ស្រប​ជាមួយ​នឹង​ច្បាប់​របស់​សហភាព​អឺរ៉ុប ដែល​នេះ​ជា​ដំណើរការ​ត្រួត​ពិនិត្យ​»។

គណៈកម្មការ​អឺរ៉ុប​បាន​រាយការណ៍​កាលពី​ខែ​មុន​ថា អ៊ុយក្រែន​បាន​បំពេញ​តាម​អនុសាសន៍ ៤ ក្នុង​ចំណោម ៧ សម្រាប់​ការ​ចរចា​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ជ្រើសរើស​មន្ត្រី​ប្រឆាំង​អំពើ​ពុករលួយ ការ​ត្រៀម​សើរើ​ខ្លាំងក្លា​លើ​អង្គ​តុលាការ និង​ការធ្វើ​ឱ្យ​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រប​តាម​ស្ដង់ដារ​របស់​សហភាព​អឺរ៉ុប​ផង​ដែរ។

គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជាក់​ថា ខ្លួន​នឹង​វាយតម្លៃ​លើ​ដំណើរ​វិវឌ្ឍន៍​របស់​អ៊ុយក្រែន​ម្ដង​ទៀត​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​មាគ៌ា​ដ៏​វែងឆ្ងាយ​និង​ស្មុគស្មាញ​ក្នុង​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​អ៊ុយក្រែន​អ្នកស្រី Katarina Mathernova ថា​មាន​លក្ខណៈ​ហត់នឿយ​ខ្លាំង។

កាលពី​សប្ដាហ៍​មុន ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការបើក​ការ​ចរចា​ជាមួយ​អ៊ុយក្រែន​អំពី​រឿង​សមាជិក​ភាព​នេះ​នៅ​ក្នុង​ការ​សម្រេច​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល ២ ថ្ងៃ​របស់​ប្រទេស​ជា​សមាជិក​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប។

នៅ​ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំង ៥ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​នៅ​ក្នុង​ការ​ប៉ុនប៉ង​វាយ​ប្រហារ​កាលពី​យប់​មិញ។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​លើកឡើង​ថា ដ្រូន​ទាំង​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ទីតាំង ៤ ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​នោះ​គឺ​តំបន់ Mykolaiv តំបន់ Dnipropetrovsk តំបន់ Vinnytsia និង​តំបន់ Khmelnytskyi។

គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា​មាន​អ្នក​ស្លាប់​ឬ​ក៏​រង​របួស​ឬ​ក៏​ការ​ខូចខាត​ណា​មួយ​ទេ​នៅ​លើ​ដី​ដោយសារ​កម្ទេចកំទី​បាក់បែក​របស់​ដ្រូន​ទាំង​នោះ​ដែល​ធ្លាក់​ចុះ​មក៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG