ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្ដើមសន្និសីទកាសែតដំណាច់ឆ្នាំរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ ដោយសន្យាថាគោលបំណងរបស់លោកនៅអ៊ុយក្រែនគឺនៅដដែល និងថាសន្តិភាពនឹងមិនកើតឡើងនោះទេរហូតទាល់តែដល់ពេលដែលលោកសម្រេចបានគោលបំណងទាំងអស់នោះ។
លោក Putin ដែលបានកាន់អំណាចអស់រយៈពេលជិត ២៤ ឆ្នាំកន្លងមកនិងបានប្រកាសកាលពីពេលថ្មីៗនេះថានឹងឈរឈ្មោះបោះឆ្នោតម្ដងទៀត ត្រូវបានស្វាគមន៍ដោយការទះដៃនៅពេលដែលលោកបានធ្វើដំណើរចូលដល់ក្នុងសាលសន្និសីទកាសែតនៅកណ្ដាលទីក្រុងមូស្គូ។
នៅឆ្នាំនេះ ពលរដ្ឋសាមញ្ញមានឱកាសទូរស័ព្ទសួរសំណួររួមជាមួយនឹងសំណួរដែលអ្នកកាសែតសួរ។ ពលរដ្ឋរុស្ស៊ីបានផ្ញើសំណួរឱ្យលោក Putin អស់រយៈពេលពីរសប្ដាហ៍មកហើយ។ វាជាលើកដំបូងបង្អស់ដែលលោក Putin ដែលមានការទាក់ទងតិចតួចបំផុតជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយបរទេស នឹងអាចប្រឈមនឹងសំណួរជាច្រើនពីអ្នកកាសែតបស្ចិមប្រទេសតាំងពីមុនពេលដែលសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្ដើមទៅទៀត។
លោក Putin បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គោលបំណងរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការលុបបំបាត់ណាហ្ស៊ីនីយកម្ម ការលុបបំបាត់យោធានីយកម្ម និងឋានៈអព្យាក្រឹត្យ» នៃប្រទេសអ៊ុយក្រែន គឺនៅតែដដែល។
លោកបានបង្ហាញយ៉ាងច្បាស់អំពីគោលបំណងទាំងនេះនៅថ្ងៃដែលលោកបានបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
លោក Putin ក៏បានទាមទារផងដែរឱ្យអ៊ុយក្រែននៅអព្យាក្រឹត្យ ហើយមិនចូលរួមជាមួយនឹងអង្គការអូតង់៕
ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី —