ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ព្រួយ​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​គម្រោង​នានា​គាំទ្រ​ដោយ​ចិន


កម្មករ​កំពុង​រំកិល​ដែកនៅ​ឯការដ្ឋាន​ខូចខាត​មួយ​ ដើម្បី​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍ថ្មី​​ នៅ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០១៥។
កម្មករ​កំពុង​រំកិល​ដែកនៅ​ឯការដ្ឋាន​ខូចខាត​មួយ​ ដើម្បី​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍ថ្មី​​ នៅ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០១៥។

មន្ត្រី​កំពូល​មួយ​រូប​របស់​អង្គការ​សហប្រជាជាតិ​សម្តែង​ក្តី​កង្វល់​ ថា​តើ​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​នៅ​ឯ​បរទេស​ អាច​មាន​ការ​ការពារ​សិទ្ធិ​មនុស្ស​គ្រប់គ្រាន់​ដែរ​ឬ​ទេ។

ការិយាល័យ​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ (UNHCHR)​ កំពុង​ស៊ើប​អង្កេត​លើ​ទំនាក់ទំនង​រវាង​ការផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​អនុវត្ត​គម្រោង​ និង​ការ​ការពារ​ផ្នែក​សិទ្ធិ​មនុស្ស​ នៅ​ចំ​ពេល​ដែល​ប្រទេស​ចិនដឹកនាំ​ការ​បង្កើត​ធនាគារ​ចំនួន​ពីរ​បាន​ដោយ​ជោគជ័យ។ ធនាគារ​ទាំង​ពីរ​នោះ​គឺ​ ធនាគារ​វិនិយោគទុន​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​ AIIB និង​ធនាគារ​អភិវឌ្ឍ​ថ្មី​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​បំផុត​ទាំង​ប្រាំ​រួម​មាន​ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង។​

ការស៊ើប​អង្កេត​របស់​ UNHCHR ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុមហ៊ុន និង​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​មួយ​ចំនួន​របស់​ប្រទេស​ចិន មាន​ការ​ព្រួយបារម្ភ​តិច​តួច​ប៉ុណ្ណោះ ​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ជុំវិញ​គម្រោង​ផ្សេងៗ​ ដែល​ត្រូវ​បាន​គាំទ្រ និង​ផ្តល់​ហិរញ្ញ​វត្ថុ​ដោយ​ក្រុមហ៊ុន​ និង​ស្ថាប័ន​ទាំង​នោះ​ នៅ​ទូទាំង​ប្រទេស​ផ្សេងៗ​ ​ដែល​រួម​មានប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្រិ្វក។

បើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​ជំនាញ​ឯករាជ្យ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ និង​សិទ្ធិមនុស្ស​របស់​អ.ស.ប.​ Juan Pablo Bohoslavsky​ បាន​ឲ្យ​ដឹង​ថា​ ការ​ដែល​ធ្វើ​ឲ្យ​អ.ស.ប.​មាន​ការ​ព្រួយ​បារម្ភ​នោះ​ ​គឺ​ដោយសារ​តែ​ស្ថាប័ន​ និង​ក្រុមហ៊ុន​របស់​ចិន​មួយ​ចំនួន​ កំពុង​តែ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ផ្សេងៗ​នៅ​ទូទាំង​សាកល​លោក​កាន់​តែ​ច្រើន​ជាង​គម្រោងដែល​ធនាគារ​ពិភពលោក​បាន​គាំទ្រ។

ក្រុម​ហ៊ុន​ និង​ស្ថាប័ន​ចិន​ទាំង​នោះ​ ក៏​ពិបាក​នឹងចូល​ទៅ​ទាក់ទង ​ឬ​គ្មាន​ស្មារតី​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​ក្តី​បារម្ភ​ដែល​បានលើក​ឡើង។​ នេះ​បើ​តាម​អះអាង​របស់​លោក​ Juan Pablo Bohoslavsky ​នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​កាល​ពីថ្ងៃ​ទី​៦ ខែកក្កដា​ នៅ​ក្នុង​ទីក្រុង​ប៉េកាំង។​

គម្រោង​ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​ចិន​ ជា​ញឹកញយ​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​ស្រុក​នៃ​ប្រទេស​មួយ​ចំនួន​ ដែល​រួម​មាន​ប្រទេស​ស្រីលង្កា​ មីយ៉ាន់ម៉ា​ និង​កេនយ៉ា​ជាដើម។ UNHCHR​ បាន​ផ្តល់​ការណែនាំ​ដល់​ប្រទេស​ចិនកុំ​ឲ្យ​ព្រងើយ​កន្តើយ​ចំពោះ​ការតវ៉ា​ទាំង​នោះ​ ហើយ​គួរ​តែ​ធ្វើការ​សន្ទនា​ជាមួយ​ក្រុម​បាតុករ។​

លោក Bohoslavsky បាន​ព្រមាន​ថា៖ «កង្វះ​ការសន្ទនា​ដោយ​បើក​ចំហរ ​និង​ប្រកប​ដោយ​ការ​ឆ្លើយ​តប​ជាមួយអ្នក​តវ៉ា​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ​ អាច​ជា​គ្រាប់​ពូជ​នៃ​បញ្ហា​ធំ​ជាង​នេះ​ ដែល​អាច​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​សង្គម និង​បង្កើត​ឲ្យ​មាន​ជម្លោះ​បន្ថែម​ទៀត»។

លើស​ពី​នេះ​ទៅ​ទៀត ​ទីភ្នាក់ងារ​របស់​អ.ស.ប​នេះ​បាន​យល់​ឃើញ​ដែរ​ថា បញ្ហា​ទាំង​នេះ​បាន​រួម​ចំណែក​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ​ដែល​រួមមាន​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ផ្សេងៗ។

ដោយ​និយាយ​ដល់​ធនាគារ​អភិវឌ្ឍ​ពហុភាគី​ទាំង​ពីរ​ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​ធនាគារ​ AIIB​ និង​ធនាគារ​ BRICS​ នោះ​វិញ​ លោក​ Juan ​និយាយ​ថា​ ពួក​គេ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​កំហុស​ដដែលៗ​ ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍ​ដទៃ​ទៀត។ UNHCHR​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​រិះគន់​បទដ្ឋាន​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​គម្រោង​ជា​ច្រើន​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ធនាគារ​ពិភពលោក។

គម្រោង​ផ្សេងៗ​ដែល​ទទួល​ហិរញ្ញវត្ថុ​ពី​ស្ថានប័ន​អន្តរជាតិ​ និង​ពី​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ដូចជា​ ធនាគារ​នាំចេញ​នាំចូល​ ជា​ញឹក​ញយ​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើកម្មករ​ដូច​ទាសករ​ និង​ការ​បើកប្រាក់​ខែ​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​គម្រោង​ទាំង​ឡាយ​ ដែល​ទទួល​ហិរញ្ញ​វត្ថុ​ពី​ធនាគារ​ទាំង​នោះ។ ជាក់ស្តែង គម្រោងមួយ​ចំនួន​ក្នុង​ទីក្រុងឌូបៃ​ (Dubai)​ នា​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​ការ​ប្រើប្រាស់​កម្មករ​ជាប់​សន្យា​បង់​បំណុល។​

​សន្ទស្សន៍មួយ​ចំនួនដែល​ធនាគារ​ AIIB ទើប​បង្កើត​ឡើង​ថ្មីៗ​នេះ​ មិន​ទាន់​បាន​ដាក់​ចេញ​នៅ​ឡើយ​សម្រាប់​ការការពារ​សិទ្ធិ​មនុស្ស​ បើ​ទោះ​បី​ជា​មាន​ប្រទេស​ចំនួន​៥៧ ​ដែល​រួម​មាន​អាល្លឺម៉ង់​ បារាំង​ ចក្រភពអង់គ្លេស​ បាន​ចួល​រួម​ជា​សមាជិក​ស្ថាបនិក​ក៏​ដោយ។

លោក​ Gunnar Theissen មន្រ្តី​ផ្នែក​សិទ្ធិ​មនុស្ស​របស់ឧត្តម​ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនភៀសខ្លួនបាន​ប្រាប់​ VOA ​ថា៖ «យើង​មិន​ទាន់ឃើញ​មាន​ឯកសារ​ណាមួយ​ទាក់ទង​នឹង​ការការពារ​សិទ្ធិមនុស្ស ដែល​ត្រូវ​បានរៀបចំឡើង​ដោយ​ធនាគារ​ AIIB​ នោះ​ទេ» ។

ទីភ្នាក់ងារ​អ.ស.ប​នេះ​ក៏​មាន​ការព្រួយ​បារម្ភ​ផង​ដែរ​ អំពី​វិធី​ដែល​ធនាគារ​ពហុភាគី​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន​ទាំង​ពីរ​នេះ​ នឹង​យក​មក​ដោះស្រាយ​ចំពោះប្រទេស​ដែល​ខ្ចីលុយ​ នៅ​ពេល​ប្រទេស​ទាំង​នោះខកខាន​មិន​បាន​សង​ប្រាក់​កម្ចីទាំងនោះ។​ ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ថា​ ធនាគារ​ទាំង​ពីរ​នេះ​ត្រូវ​ដាក់​ចេញ​គោលការណ៍​ដោះស្រាយការ​សង​បំណុល​នេះ​ «ដោយ​មិន​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ដ៏​គ្រោះ​ថ្នាក់» ​ឡើយ។

លោក​ Bohoslavsky​ បាន​បន្ថែម​ថា​ មាន​ចំណុច​ផ្សេងទៀត​ដែល​ត្រូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង៖

«បទដ្ឋាន​ និង​គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ ត្រូវ​តែ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ នៅ​ពេល​ប្រទេស​ចិន​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ទាំង​ឡាយ​ក្នុង​ប្រទេស​នានា​ ដែល​មាន​ហានិភ័យ​ខ្ពស់ ជួប​ប្រទះ​នឹង​ជម្លោះ​ប្រដាប់​អាវុធក្នុង​ប្រទេស មាន​រចនា​សម្ព័ន្ធ​អភិបាលកិច្ច​ទន់ខ្សោយ​ ឬ​មាន​កង្វះខាត​ការ​អនុវត្ត​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​ពី​សំណាក់​អាជ្ញាធរជាតិ»៕

ប្រែសម្រួល​ដោយ​ នៀម​ ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG