ទាំងសមាជិកសភានិងមន្ត្រីរដ្ឋាភិបាលស.រ.អា.ចាប់ផ្តើមសម្លឹងមើលជាថ្មីទៅលើបញ្ហាសិទ្ធិមនុស្សប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ី នៅពេលដែលប្រទេសក្នុងតំបន់មានបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ សមាជិកសភាអាមេរិកាំង និងមន្ត្រីរដ្ឋាភិបាលនៅតែចាត់ទុកថា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិតេយ្យជាអាទិភាពនៃគោលនយោបាយរបស់ខ្លួន ដោយបានបញ្ជាក់ថា ស.រ.អា.នឹងបន្តជួយពង្រឹងបញ្ហាទាំងនេះក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។
ក្រុមមន្ត្រីស.រ.អា.បានអះអាងពីការប្តេជ្ញារបស់ខ្លួន ដើម្បីជួយពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានឹងតំបន់អាស៊ីនៅចំពោះមុខគណៈកម្មការការបរទេសសភាអាមេរិកាំង ដែលចង់ដឹងអំពីស្ថានការណ៍ក្នុងតំបន់អាស៊ី កម្ពុជា ថៃ ហុងកុង និងប្រទេសភូមា។
ក្រុមសមាជិកសភាបាននិយាយថា ប្រទេសទាំងនេះមានបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដែលស្ថិតក្នុងភាពវឹកវរខាងនយោបាយនៃដំណាក់កាលអន្តរកាល ក្រោយការបោះឆ្នោត និងកំពុងរៀបចំការបោះឆ្នោត។
សមាជិកសភាគណបក្សសាធារណរដ្ឋគឺលោក Matt Salmon មកពីរដ្ឋ Arizona ដែលជាប្រធានអនុគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសសភា បានថ្លែង ក្នុងពេលលោកធ្វើជាអធិបតីនៃសវនាការថ្មីៗនេះថា លោកចង់ដឹងអំពីបញ្ហាអាស៊ី៖
«ថ្ងៃនេះយើងនឹងយកចិត្តទុកដាក់ជាពិសេសទៅលើដែនដីហុងកុងប្រទេស ភូមា ប្រទេសថៃ និងប្រទេសកម្ពុជា»។
នៅក្នុងការសួរដេញដោលកាលពីសប្តាហ៍មុននោះ លោកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យគឺលោក Brad Sherman មកពីរដ្ឋកាលីហ្វ័រញ៉ាក៏បានបន្ថែមថា លោកក៏ចង់ដឹងអំពីស្ថានការណ៍ប្រជាធិបតេយ្យក្នុងតំបន់អាស៊ី និងប្រទេសកម្ពុជាដែរ។
ឆ្លើយតបទៅនឹងការសួរនាំរបស់សភា លោក Scott Marciel ឧបការីរងរដ្ឋមន្ត្រីការបរទេសស.រ.អា. ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកបានថ្លែងថា មានការរីកចម្រើនចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងតំបន់អាស៊ីជាមួយនឹងការជួយរួមចំណែករបស់ស.រ.អា. និងពលរដ្ឋក្នុងតំបន់ខ្លួនឯង តែលោកថា មានកិច្ចការច្រើនទៀតដែលត្រូវធ្វើ។
«ពាក់ព័ន្ធនឹងបញ្ហាកម្ពុជា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសភាឆ្នាំ២០១៣ យើង ជាពិសេសស្ថានទូតស.រ.អា.ក្នុងរាជធានីភ្នំពេញ បានជួយរួមចំណែកនាំឲ្យរដ្ឋាភិបាល និងគណបក្សជំទាស់មានកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយភាពទាល់ច្រករយៈពេលមួយឆ្នាំ។ មានកិច្ចការច្រើនទៀតត្រូវបំពេញ តែពេលនេះភាគីទាំងពីរអង្គុយក្នុងសភាជាមួយគ្នា ហើយយើងនឹងគាំទ្រពលរដ្ឋកម្ពុជា នៅពេលដែលពួកគេពឹងផ្នែកទៅលើការរីកចម្រើននេះ»។
លោកថ្លែងថា ស.រ.អា.គាំទ្រដល់ក្រុមសង្គមស៊ីវិលទាក់ទងជាមួយក្រុមមេដឹកនាំអ្នកជំនាន់ក្រោយ នឹងធ្វើឲ្យមានសំឡេងសង្គមស៊ីវិលក្នុងសេចក្តីព្រាងច្បាប់អង្គការ ដែលលោកអះអាងថា លទ្ធិប្រជាធិបតេយ្យមិនមែននិយាយតែរឿងការបោះឆ្នោតដោយសេរីប៉ុណ្ណោះទេ តែវាជារឿងពលរដ្ឋត្រូវមានសមត្ថភាពក្នុងការចាប់ឲ្យរដ្ឋាភិបាលធ្វើអ្វីៗឲ្យមានតម្លាភាព និងការទទួលខុសត្រូវ។
ការសួរដេញដោលនេះគឺកើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពីគណៈប្រតិភូសភាស.រ.អា.ទាំងពីរគណបក្ស ដែលដឹកនាំដោយប្រធានក្រុមសំឡេងភាគតិចគឺលោកស្រី Nancy Pelosi បានបំពេញទស្សនកិច្ចក្នុងប្រទេសជាច្រើននៅតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។
ក្នុងទស្សនកិច្ច ដែលលោកស្រីបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងតំណាងអង្គការក្រៅរដ្ឋាភិបាលនានានោះ លោក Nancy Pelosi បានផ្តោតលើដំណើរការលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងពាណិជ្ជកម្ម។
ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាក្នុងពេលត្រឡប់ពីបំពេញទស្សនកិច្ចជាមួយគណៈប្រតិភូសភានោះ លោកស្រី Zoe Lofgren សមាជិកសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានអះអាងថា លោកស្រី និងគណៈប្រតិភូបានលើកឡើងច្រើនពីកង្វល់របស់ប្រតិភូប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹងស្តាប់ពីក្តីកង្វល់របស់ក្រុមអង្គការសង្គមស៊ីវិល បន្ទាប់ពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនោះ។
«យើងពិតជាមានក្តីបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពក្នុងប្រទេសកម្ពុជា ដែលយើងបានបញ្ជាក់ប្រាប់លោក ហ៊ុន សែន តែយើងបានដឹងថា មានកម្លាំងខ្លាំងក្នុងប្រទេសកម្ពុជា ដែលជាកម្លាំងពិតរបស់កម្ពុជាខ្លួនឯង»។
លោកស្រីបានអះអាងថា ស.រ.អា.ធ្វើទំនាក់ទំនងជាមួយប្រទេសនានា តែក៏មិន បោះបង់ចោលបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ ដែលជាការផ្តោតចំណាប់អារម្មណ៍ក្នុងទស្សនកិច្ចរបស់គណៈប្រតិភូសភា។
លោកស្រីពុំបានបញ្ជាក់អំពីព័ត៌មានលម្អិតនៃការជួបប្រជុំជាមួយនឹងក្រុមសង្គមស៊ីវិល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ តែបានបញ្ជាក់ថា លោកស្រីមិនគិតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនទទួលយកមតិពីអាមេរិកាំងនោះទេ តែយើងបានបញ្ជាក់ច្បាស់ពីទស្សនរបស់អាមេរិក។
លោកស្រីបានបញ្ជាក់ថា ប្រទេសកម្ពុជាមានផលប្រយោជន៍ពីការបន្តរក្សាទំនាក់ទំនងរឹងមាំជាមួយស.រ.អា.លើផ្នែកសេដ្ឋកិច្ច កំណើនពាណិជ្ជកម្ម ដើម្បីជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា។ ក្រៅពីនោះលោកស្រីបានទទូចឲ្យពលរដ្ឋអាមេរិកាំងមានដើមកំណើតខ្មែរធ្វើការដាក់សម្ពាធឲ្យរដ្ឋាភិបាលអាមេរិកាំងចាត់ទុកថា បញ្ហាសិទ្ធិមនុស្សជារឿងសំខាន់។
«ខ្ញុំគ្រាន់តែទទូចដល់ពលរដ្ឋខ្មែរអាមេរិកាំង ក៏ដូចជាពលរដ្ឋអាមរិកាំងដើមកំណើតផ្សេងទៀត ឲ្យបន្តដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក ដើម្បីដាក់បញ្ហាសិទ្ធិមនុស្សជារឿងអាទិភាពក្នុងការធ្វើកិច្ចព្រមព្រៀងជាអន្តរជាតិ។ បើធ្វើដូច្នោះបានគឺជារឿង ដែលអាចផ្លាស់ប្តូរពីរបបផ្តាច់ការទៅកាន់កត្តាផ្សេងទៀត»។
លោកស្រីថ្លែងយ៉ាងដូច្នេះដោយយោងថា ជំនួយរបស់ទីភ្នាក់ងារស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិគឺ USAID គួរតែបញ្ជាក់ឲ្យច្បាស់ពីសិទ្ធិស្ត្រីដែលត្រូវគោរព ហើយអ្នកជម្ងឺទទួលបានការថែទាំសុខភាព ហើយកម្មកររោងចក្រត្រូវមានសិទ្ធិតវ៉ាទាមទារសិទ្ធិសេរីភាពនិងការដោះស្រាយឲ្យបានយុត្តិធម៌ដល់ពួកគេ។
លោក ចនណាថាន់ ស្តៃវឺស៍ (Jonathan Stivers) នាយករងនៃទីភ្នាក់ងារស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានថ្លែងក្នុងពេលសវនាការសភាដែរថា ជំនួយស.រ.អា.បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យមានការរីកចម្រើន ផ្នែកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
«នៅក្នុងប្រទេសកម្ពុជា ការលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែបន្តជាអាទិភាពខ្ពស់បំផុតសម្រាប់ស.រ.អា.។ ជំនួយស.រ.អា.សម្រាប់អង្គការសិទ្ធិមនុស្ស បានជួយពង្រឹងជំនាញរបស់គេជាចាំបាច់ក្នុងការធ្វើការតស៊ូមតិ ប្រកបដោយប្រសិទ្ធភាពសម្រាប់ការផ្លាស់ប្តូរ»។
លោកបានបន្ថែមថា តាំងពីទសវត្សរ៍១៩៩០មក ស.រ.អា.បានគាំទ្រក្រុមសង្គមស៊ីវិល ហើយនឹងបន្តផ្តល់ជំនួយជាអាទិភាព។
លោកអះអាងដែរថា សង្គមស៊ីវិលដែល USAID ផ្តល់ជំនួយនោះបានធ្វើឲ្យមានសកម្មភាពយ៉ាងសកម្មសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការគាំទ្រផ្នែកសិទ្ធិមនុស្ស ដូចជាការផ្តល់មេធាវី ការធ្វើសកម្មភាពឃ្លាំមើលសវនាការ ការគាំទ្រការតស៊ូមតិទៅដល់សកម្មជនជាប់ឃុំឃាំងជាង១០០០នាក់ ការជួយដល់ការកាត់បន្ថយការជួញដូរក្មេងក្រោមអាយុ ការជួយមួយផ្នែកដល់ការដំឡើងប្រាក់ខែកម្មករ ការជួយឲ្យមានការផ្តល់ដល់ពលរដ្ឋជាង៧០០គ្រួសារ ដែលត្រូវបានរំលោភបំពាននៅខេត្តសៀមរាប និងជួយការតស៊ូមតិឲ្យមានការដោះលែងសកម្មជនដីធ្លីជាស្ត្រី១០នាក់ថ្មីៗផងដែរ។
ក្រៅពីបញ្ជាក់ថា ស.រ.អា.ត្រូវតែជួយគាំទ្រផ្នែកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីនោះ ក្រុមសមាជិកសភាក៏បានសួរដេញដោលពីបញ្ហារដ្ឋាភិបាលភូមា ដែលមានការរឹតត្បិតក្រុមជំទាស់ និងធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា បញ្ហារដ្ឋប្រហារ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ ដែលបច្ចុប្បន្នត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលយោធា បញ្ហានៅដែនដីហុងកុង ដែលកំពុងកែទម្រង់ការបោះឆ្នោតដ៏ស្មុគស្មាញ និងបញ្ហាកម្ពុជា ដែលមានការជាប់គាំងដំណើរជិតមួយឆ្នាំ ហើយទើបបានស្រុះស្រួលគ្នារវាងគណបក្សឈ្នះឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
នៅក្នុងសវនាការនោះដែរ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.គឺលោក Tom Malinowski ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិតេយ្យ សិទ្ធិមនុស្ស និងពលកម្ម បានអះអាងថា ការជួយជ្រោងជ្រែងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នៅតំបន់អាស៊ីនឹងជួយឲ្យសង្គមមានស្ថិរភាព និងភាពរីកចម្រើនខាងសេដ្ឋកិច្ចតាមវិធីផ្សេងៗ។
«ការលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងតំបន់អាស៊ីគឺជារឿងដែលយើងធ្វើ ព្រោះជារឿងត្រឹមត្រូវដែលត្រូវធ្វើ ហើយនឹងធ្វើឲ្យរីកចម្រើនដល់ផលប្រយោជន៍ស.រ.អា.»។
នៅប៉ុន្មានឆ្នាំថ្មីៗនេះសហរដ្ឋអាមេរិកបានងាកបែរគោលនយោបាយរបស់ខ្លួនជាយុទ្ធសាស្ត្រទៅតំបន់អាស៊ី ដើម្បីធ្វើឲ្យតំបន់នេះមានតុល្យភាព នៅពេលដែលប្រទេសក្នុងតំបន់អាស៊ាន១០ ដែលមានពលរដ្ឋជាង៦០០លាននាក់ កំពុងរៀបចំធ្វើសមាហរណកម្មចូលក្នុងសហគមន៍សេដ្ឋកិច្ចរួមមួយនៅដំណាច់ឆ្នាំ២០១៥ ដែលចិន មានឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់នេះ៕