ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសចិនមានទំនោរធ្លាក់ចុះលឿនជាងការគិតទុកពីមុន នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ ក្រុមអ្នករៀបរៀងរបាយការណ៍នោះនិយាយថា ការធ្លាក់ចុះនេះមានន័យថា ពិភពលោកនឹងអាចការពារការឡើងកំដៅបានលើសពីគោលដៅកំណត់របស់អ.ស.ប។ ការលើកឡើងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានសុទិដ្ឋិនិយមនៅក្នុងកិច្ចប្រជុំកំពូល G7 ដែលថា កិច្ចព្រមព្រៀងពេញលេញមួយលើបម្រែបម្រួលអាកាសធាតុពិភពលោក អាចត្រូវបានចុះហត្ថលេខានៅឆ្នាំនេះ។
រូបភាពនៃកម្មករ និងសិស្សសាលាពាក់ម៉ាស ហើយទ្រាំទ្រយ៉ាងលំបាកទៅនឹងផ្សែងអ័ព្ទដែលតែងតែគ្របដណ្តប់ទៅលើក្រុងនានានៅប្រទេសចិន បានក្លាយជាទិដ្ឋាភាពមួយដែលមានលក្ខណៈសាមញ្ញទៅហើយ។ ប៉ុន្តែ បើយោងតាមរបាយការណ៍ថ្មីមួយនោះ រឿងទាំងអស់នេះកំពុងតែមានការផ្លាស់ប្តូរយឺតៗ។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនេះ ប្រហែលជានឹងឡើងដល់ចំណុចកំពូលនៅឆ្នាំ២០២៥ គឺប្រាំឆ្នាំនៅមុនគោលដៅកំណត់ឆ្នាំ២០៣០របស់លោកប្រធានាធិបតី Xi Jingping។
លោក Fergus Green សហការីរៀបរៀងរបាយការណ៍នេះ មកពីវិទ្យាស្ថានសេដ្ឋកិច្ចក្រុងឡុងដ៍ (London School of Economics) និយាយថា មួយផ្នែកនៃការបញ្ចេញឧស្ម័ននេះ គឺវាកើតឡើងដើម្បីផ្លាស់ប្តូរក្នុងរបៀបមួយដែលប្រទេសចិនជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
«អ្វីដែលយើងបានប្រទះឃើញកាលពីឆ្នាំមុន គឺថា ការប្រើប្រាស់ធ្យូងរបស់ចិនបានចាប់ផ្តើមធ្លាក់ចុះ។ យើងគិតថា នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ យើងនឹងអាចឃើញការប្រើប្រាស់ធ្យូងមានភាពស្ថិតស្ថេរ។ ការប្រើប្រាស់នោះអាចបន្តធ្លាក់ចុះ ប៉ុន្តែវាប្រហែលជាស្ថិតនៅក្នុងទិសដៅមួយថេរ។ នៅថ្ងៃមុខ គឺនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០ ការប្រើប្រាស់ធ្យូងនឹងចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង»។
ការធ្លាក់ចុះនេះកំពុងតែកើតឡើងដោយសារតែការប្រែប្រួលយឺតយ៉ាវនៃសេដ្ឋកិច្ចចិន ដែលមានតម្លៃទឹកប្រាក់១៧,៦លានលានដុល្លារ។
«កំណើនសេដ្ឋកិច្ច កំពុងតែថមថយល្បឿន ពីកម្រិតតួលេខពីរខ្ទង់ ដែលជាល្បឿនមួយកើតមានអស់រយៈពេលរាប់ឆ្នាំកន្លងមក។ ហើយធាតុផ្សំនៃកំណើននោះកំពុងតែងាកចេញពីការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ ទៅកាន់ការវិនិយោគនៅក្នុងវិស័យសេវាកម្ម និងការផលិតឧបករណ៍ប្រើបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់។ កត្តាដែលមានសារៈសំខាន់ខ្លាំងមួយ គឺការផ្លាស់ប្តូរនៅក្នុងការផ្គត់ផ្គង់ថាមពលរបស់ចិន ដែលបានងាកចេញពីការប្រើប្រាស់ធ្យូងហើយជំនួសដោយប្រភពថាមពលមិនមែនធ្យូង ដូចជា ថាមពលប្រើប្រាស់ឡើងវិញ ក៏ដូចជាឧស្ម័ន និងថាមពលនុយក្លេអ៊ែរ»។
លោក Green បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនៅប្រទេសចិន មានន័យថា ពិភពលោកទំនងនឹងអាចបញ្ចៀសការឡើងកំដៅនៅទូទាំងសាកលោក ដែលមានកម្រិតខ្ពស់ជាងពីរអង្សាសេ គឺខ្ពស់ជាងកម្រិតមួយដែលធ្លាប់មាននៅមុនពេលការធ្វើឧស្សាហនីយកម្ម ហើយជាកម្រិតគោលដៅខ្ពស់បំផុតរបស់អ.ស.ប។
អ.ស.បសង្ឃឹមថា នឹងកំណត់យកកម្រិតនៃការកើនឡើងនេះនៅក្នុងកិច្ចព្រមព្រៀងថ្មីលើបម្រែបម្រួលអាកាសធាតុពិភពលោក ដែលនឹងត្រូវអនុម័តឡើងនៅទីក្រុងប៉ារីសនៅក្នុងខែធ្នូ។ ថ្លែងនៅបន្ទាប់ពីកិច្ចប្រជុំ G7 នៅទីក្រុង Elmau ប្រទេសអាល្លឺម៉ង់ នាថ្ងៃច័ន្ទ ទី០៨ ខែមិថុនា កន្លងទៅ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា បានមានប្រសាសន៍ថា ដំណើរការវិវត្តទៅមុខត្រូវបានធ្វើឡើងឆ្ពោះទៅរកកិច្ចព្រមព្រៀងអាកាសធាតុដ៏រឹងមាំមួយ។
«គ្រប់ប្រទេស G7 ទាំងអស់នាពេលឥឡូវនេះបានដាក់គោលដៅកំណត់នៅត្រឹមឆ្នាំ២០២០ ដើម្បីកាត់បន្ថយការបញ្ចេញសារធាតុការបោន ហើយនិងបន្តជំរុញឲ្យប្រទេសដែលបញ្ចេញធាតុការបោនច្រើនដទៃទៀតធ្វើដូចគ្នាដែរ។ យើងនឹងបន្តប្តេជ្ញាចំណាយហិរញ្ញវត្ថុលើផ្នែកអាកាសធាតុ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ ធ្វើការផ្លាស់ប្តូរទៅរកកំណើនសេដ្ឋកិច្ចដែលមានការប្រើកម្រិតការបោនទាប»។
ក្រុមមេដឹកនាំ G7 បានព្រមព្រៀងថា ពិភពលោកគួរតែបំបាត់ចោលការប្រើប្រាស់ឥន្ធនៈផូស៊ីល នៅចុងសតវត្សរ៍នេះ។ លោក Martin Kaiser ប្រធានផ្នែកនយោបាយអាកាសធាតុអន្តរជាតិនៃអង្គការ Greenpeace បានស្វាគមន៍ការលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំ G7។
«កិច្ចប្រជុំនៅ Elmau បានផ្តល់ផ្លែផ្កា។ ដោយមានការសម្រេចផ្សេងៗទៅលើបម្រែបម្រួលអាកាសធាតុ ទស្សនវិស័យនៃការផ្គត់ផ្គង់ថាមពលប្រើប្រាស់ឡើងវិញឲ្យបាន១០០ភាគរយ បញ្ចេញជារូបរាងហើយ។ កិច្ចប្រជុំនេះក៏បានផ្តល់នូវសញ្ញាយ៉ាងច្បាស់ថា នៅពាក់កណ្តាលសតវត្សរ៍នេះ យើងត្រូវចាប់ផ្តើមលុបបំបាត់ការប្រើប្រាស់ធ្យូង និងប្រេងចេញពីប្រព័ន្ធថាមពល»។
មានសុទិដ្ឋិនិយមជុំវិញកម្រិតនៃកិច្ចព្រមព្រៀងនោះ នៅមុនកិច្ចប្រជុំនៅក្រុងប៉ារីស ដែលនឹងធ្វើឡើងនៅប្រាំមួយខែខាងមុខនេះ។ ក៏ប៉ុន្តែ ក្រុមអ្នកការពារបរិស្ថាននិយាយថា ក្រុមមេដឹកនាំនៃប្រទេសឧស្សាហកម្មនៅលើពិភពលោកត្រូវតែធ្វើសកម្មភាពជាក់ស្តែងឲ្យដូចការប្តេជ្ញាវិជ្ជមានរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាការបញ្ចេញឧស្ម័នទាំងឡាយ ក៏ដូចជាជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដើម្បីឲ្យសេដ្ឋកិច្ចពិភពលោកដំណើរការឡើងដោយគ្មានសារធាតុការបោន៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា