ទូកនេសាទរបស់ចិនកំពុងកើនចំនួនយ៉ាងខ្លាំង ស្របពេលដែលប្រទេសនេះ សង្កត់ធ្ងន់លើគោលការណ៍គាំទ្រការផ្គត់ផ្គង់ម្ហូបអាហារ។ ប៉ុន្តែ ខណៈពេលដែលទូកនេសាទទាំងនោះគ្របដណ្តប់ពាសពេញសកលលោក ចិនរងការរិះគន់ទាក់ទិននឹងការនេសាទហួសកម្រិត និងប្រឈមមុខជាមួយនឹងនាវានេសាទរបស់ប្រទេសដទៃទៀតនៅក្នុងតំបន់ជម្លោះ ដូចជានៅសមុទ្រចិនខាងត្បូងជាដើម។
ប្រទេសចិនជាអ្នកផលិត និងជាអ្នកនាំចេញត្រីធំបំផុតនៅលើពិភពលោកដែលប្រហែលជាពាក់កណ្តាលនៃផលិតផលអាហារសមុទ្រត្រូវបាននាំចេញទៅប្រទេសអភិវឌ្ឍន៍។ ហើយចិនក៏ជាអ្នកបរិភោគអាហារសមុទ្រច្រើនជាងគេផងដែរ។
លោក Duncan Ledbetter នាយកក្រុមហ៊ុន Fish Matter ដែលផ្តល់ប្រឹក្សាយោបល់ស្តីពីការនេសាទ និងធនធានធម្មជាតិថ្លែងថា ការថយចុះធនធានយ៉ាងឆាប់រហ័សនេះ បណ្តាលឲ្យចិនធ្វើការនេសាទត្រីនៅជុំវិញពិភពលោក ខណៈពេលដែលជម្រកត្រីនៅក្បែរដែនសមុទ្រចិនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបំពុលបរិស្ថាន និងការនេសាទត្រីហួសកម្រិត។
«និយាយរួមទៅ មានកត្តាពីរយ៉ាងកើតឡើង។ ទីមួយគឺ ការនេសាទត្រីហួសកម្រិត។ ទីពីរគឺ ការរីករាលដាល ពីជើងទៅត្បូង និងពីក្បែរច្រាំងទៅខាងចុងនៃតំបន់ខ្ពង់រាប ប៉ុន្តែនៅក្បែរឆ្នេរក៏មានការបំពុលបរិស្ថានគ្រប់បែបយ៉ាង និងការបាត់បង់ជម្រកត្រី»។
ចិនបានក្លាយជាប្រទេសមាននាវានេសាទច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយមាននាវានេសាទជាង២០០០។ ការសិក្សារបស់សភាអ៊ឺរ៉ុបមួយបានធ្វើការប៉ាន់ប្រមាណថា នៅចន្លោះពីឆ្នាំ២០០០ និងឆ្នាំ២០១១ អ្នកនេសាទចិននេសាទត្រីបាន ៤.៦លានតោនជារៀងរាល់ឆ្នាំ ដែលភាគច្រើនគឺមកពីអាហ្រ្វិក បន្ទាប់មកគឺអាស៊ី និង ចំនួនតិចតួចទៀតមកពីអាមេរិកកណ្តាល អាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិច។
អ្នកអង្កេតការខ្លះដូចជា លោក Peter Jennings នាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្ត្រអូស្ត្រាលី ឬ Australian Strategic Policy Institute និងអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារប្រទេសអូស្ត្រាលីថ្លែងថា ការពង្រីកការនេសាទរបស់ចិនផ្តល់ឱកាសឲ្យចិនមានវត្តមានក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ក្នុងរយៈពេលយូរ។
«ខ្ញុំគ្រាន់តែគិតថាវិធីសាស្រ្តដដែលនេះ ចិនមិនត្រឹមតែសំដៅទៅលើធនធាននៅក្នុងសមុទ្ររបស់អង់តាក់តិចតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅទៅលើឱកាសដ៏យូរអង្វែងមួយនៃមុខនាទីរបស់ចិនក្នុងការទាញយកធនធានរបស់ទ្វីបអង់តាក់ទិច នាពេលអនាគត»។
កាលពីខែមុន ក្រុមហ៊ុនចិនមួយបានប្រកាសថា ខ្លួននឹងពង្រីកប្រតិបត្តិការនេសាទទៅទ្វីបអង់តាក់ទិចដើម្បីចាប់បង្គារសមុទ្របន្ថែម។ សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីចិនបានសម្ភោធស្ថានីយ៍ស្រាវជ្រាវទី៤ និងបន្ទាប់ពីការវិនិយោគរបស់ចិនលើ យន្តហោះនិងឧទ្ធម្ភាគចក្រ ដែលស៊ូទ្រាំនិងទឹកកកបាននៅលើទ្វីបអង់តាក់ទិចនេះ។
ភាពតានតឹងជាមួយប្រទេសដទៃទៀតទាក់ទិននឹងការពង្រីកវត្តមានរបស់ចិនលើដែនសមុទ្រមានការកើនឡើង។ កាលពីខែមុន ប្រទេសឥណ្ឌូណេស៊ីបានកំទិចទូកនេសាទរបស់ចិន ដោយនិយាយថាទូកនោះបានធ្វើការនេសាទខុសច្បាប់ក្នុងដែនទឹករបស់ឥណ្ឌូណេស៊ី។ បើយោងតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ចំនួននាវានេសាទរបស់ចិនក្នុងដែនទឹករបស់កូរ៉េខាងត្បូងមានការកើនឡើងជារៀងរាល់ឆ្នាំ។ មាននាវានេសាទចិនជាងមួយពាន់បានចូលនេសាទខុសច្បាប់ក្នុងដែនទឹកផ្តាច់មុខរបស់កូរ៉េខាងត្បូងកាលពីឆ្នាំ២០១៤។
អង្គការ Greenpeace បានឲ្យដឹងថា ទូកនេសាទចិនជាច្រើនបានធ្វើការនេសាទខុសច្បាប់នៅអាហ្វ្រិកភាគខាងលិចផងដែរ។ លោក Rashid Kang នៃអង្គការ Greenpeace ប្រចាំនៅទីក្រុងប៉េកាំងថ្លែងថា ការប្រើប្រាស់នាវានេសាទជម្រៅជ្រៅដែលមានសភាពចាស់ ក្នុងការពង្រីកប្រតិបត្តិការនេសាទនោះមានភាពប្រថុយប្រថានដែលនឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងដែនទឹកប្រទេសដទៃទៀត ខណៈពេលដែលច្បាប់ក្នុងការហាមប្រាមនាវានេសាទចាស់ៗទាំងនោះ មិនត្រូវបានអនុវត្តន៍ចំពោះនាវានេសាទនៅក្រៅប្រទេសនោះទេ។
«ពួកគេត្រូវបានប្រកាសឲ្យអនុវត្តច្បាប់ដែលហាមឃាត់នាវានេសាទចាស់ៗ ក្នុងការនេសាទក្នុងដែនទឹកប្រទេសចិន។ ដូច្នេះហើយ ខ្ញុំគិតថា បញ្ហានាវានេសាទរបស់ចិនដែលកំពុងនេសាទនៅប្រទេសផ្សេងទៀតនោះមិនទាន់ត្រូវបានពិភាក្សានៅឡើយទេ។ ខ្ញុំគិតថា សព្វថ្ងៃនេះមានស្តង់ដាពីរ»។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយព្យាយាមធ្វើការប៉ាន់ស្មានពីចម្ងាយដែលនាវាចិនបានធ្វើការនេសាទនៅចន្លោះឆ្នាំ២០០០ និងឆ្នាំ២០១១។ អ្នកវិទ្យាសាស្រ្តសុំឲ្យមានតម្លាភាពជាងនេះ ដែលអត្ថបទមួយនៃកាសែត Fish and Fisheries បានសរសេរថា ការនេសាទរបស់នាវានេសាទរបស់ចិនសុទ្ធសឹងតែគ្មានឯកសារបញ្ជាក់ និងមានសេចក្តីរាយការណ៍តិចជាងចំនួនពិតប្រាកដ។
យោងតាមការសិក្សានោះបានឲ្យដឹងថា ចិននេសាទត្រីជាង ៤.៦លានតោនក្នុងមួយឆ្នាំ គឺផ្ទុយទាំងស្រុងពីសេចក្តីរាយការណ៍ជាផ្លូវការរបស់ចិនដែលរាយការណ៍ទៅអង្គការសហប្រជាជាតិ ដែលថាចិននេសាទបានតែ ៣៦៨ ០០០ តោនប៉ុណ្ណោះក្នុងមួយឆ្នាំនោះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា