ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចពិភាក្សាអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុផ្តោតលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសុខភាពមនុស្ស


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងនៅក្នុងកិច្ចប្រជុំមួយ​នៃ​កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ ហៅកាត់ថា COP28 នៅទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងនៅក្នុងកិច្ចប្រជុំមួយ​នៃ​កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ ហៅកាត់ថា COP28 នៅទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

ខណៈ​ភព​ផែនដី​កំពុង​ឡើង​កម្ដៅ កិច្ច​ពិភាក្សា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​អាកាសធាតុ​កាលពី​ថ្ងៃ​អាទិត្យ​បាន​ផ្តោត​លើ​ផល​ប៉ះពាល់​នៃ​ការ​ឡើង​កម្ដៅ​ផែនដី​នេះ​លើ​សុខភាព​មនុស្ស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ក្រោម​ផ្ទៃមេឃ​ដែល​មាន​ផ្សែង​អ័ព្ទ​នៅ​ក្នុង​ទីក្រុង Dubai នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម សន្និសីទ​អង្គការ​សហប្រជាជាតិ​លើក​ទី ២៨ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP28) រយៈពេល ២ ថ្ងៃ​ដំបូង​មាន​ការ​ពិភាក្សា​ប្រកប​ដោយ​វោហាសាស្ត្រ​ខ្ពង់ខ្ពស់​និង​ការ​អំពាវនាវ​ពី​សំណាក់​មេដឹកនាំ​កំពូលៗ​ឱ្យ​មាន​សាមគ្គីភាព​ចំពោះ​ក្ដី​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​សុខភាព​ដូចជា​ការ​ស្លាប់​របស់​មនុស្ស​យ៉ាង​តិច ៧ លាន​នាក់ ​នៅ​ទូទាំង​ពិភពលោក​ ដោយសារ​ការ​បំពុល​ខ្យល់​អាកាស​ជា​រៀងរាល់​ឆ្នាំ​និង​ការ​រីក​រាលដាល​នៃ​ជំងឺ​នានា​ ដូចជា​ជំងឺ​អាសន្នរោគ​និង​ជំងឺ​គ្រុនចាញ់​ជាដើម នៅ​ពេល​ដែល​បញ្ហា​នៃ​ការ​ឡើង​កម្តៅ​ផែនដី​ប៉ះពាល់​ដល់​ប្រព័ន្ធ​អាកាសធាតុ។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​ថា វា​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​សន្និសីទ​អង្គការ​សហប្រជាជាតិ​លើក​ទី ២៨ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​ក្នុង​ការ​រៀបចំ​ទិវា​សុខភាព​ដំបូង​បង្អស់​របស់​ខ្លួន​លើក​នេះ ដោយសារតែ​ការ​គំរាម​កំហែង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​សុខភាព​គឺ «មាន​ភាព​ទាន់ហន់​និង​កើតឡើង​ក្នុង​ពេល​បច្ចុប្បន្ន»។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ទោះជា​វិបត្តិ​អាកាសធាតុ​ជា​វិបត្តិ​សុខភាព​ក៏ដោយ ក៏​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ចំនួន ២៧ លើក​កន្លង​មក​បាន​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ពិភាក្សា​គ្នា​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​បញ្ហា​សុខភាព​នោះ​ទេ។ សុខភាព​គឺ​ជា​ហេតុផល​សំខាន់​បំផុត​មិន​អាច​ប្រកែក​បាន​ ដែល​យើង​ត្រូវ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ»។

បន្ទាប់ពី​មាន​ការ​ថ្លែង​សុន្ទរកថា​របស់​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ និង​ថ្នាក់​ដឹកនាំ​កំពូល​នានា​អស់​រយៈពេល ២ ថ្ងៃ​កន្លង​មក អ្នក​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ការ​ចរចា​គ្នា​ដ៏​តឹងតែង​សម្រាប់​រយៈពេល​សេសសល់​នៃ​កិច្ច​ប្រជុំ​នេះ​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ព្រមព្រៀង​គ្នា​ច្រើន​ជាង​នេះ​ទៀត​នៅ​ក្នុង​ការ​កម្រិត​ការ​ឡើង​កម្តៅ​ផែនដី​ឱ្យ​នៅ​ត្រឹម ១,៥ អង្សារ​សេ​ ឱ្យ​ដូច​កាលពី​មុន​សម័យ​ឧស្សាហកម្ម។

កិច្ចប្រជុំ​កាលពី​ថ្ងៃ​សៅរ៍​បាន​បញ្ចប់​ទៅ​ដោយ​ប្រធាន​កិច្ច​ប្រជុំ​នេះ​ប្រកាស​ថា ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ចំនួន ៥០ បាន​ព្រមព្រៀង​គ្នា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ឱ្យ​បាន​ក្បែរ​សូន្យ​ និង​បញ្ឈប់​ការ​ដុត​ឧស្ម័ន​ជា​ប្រចាំ​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ឱ្យ​បាន​នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ។ ពួកគេ​ក៏​បាន​ប្តេជ្ញា​ផង​ដែរ​ថា ​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស​មាន​តុល្យភាព​នៅ​ត្រឹម​ឆ្នាំ ២០៥០។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​ថា៖ «ការ​សន្យា​នានា​ធ្វើ​ឡើង​ដោយ​ខ្វះ​ចន្លោះ​លើ​ចំណុច​ដែល​ចាំបាច់​ត្រូវ​ធ្វើ»។

នៅ​ក្នុង​ការ​លើកឡើង​កាលពី​ថ្ងៃ​អាទិត្យ លោក Guterres បាន​ហៅ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ថា​ជា «ជំហាន​មួយ​ដែល​ដើរ​ត្រូវ​ទិសដៅ»។

ប៉ុន្តែ​លោក​បាន​រិះគន់​ទៅ​លើ​ការ​ប្តេជ្ញា​ចំពោះ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស​ ដែល​មាន​តុល្យភាព​ថា​មិន​បាន​រួម​បញ្ចូល​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ពី​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ផូស៊ីល ដែល​ឧស្ម័ន​នេះ​ជា​ឧស្ម័ន​ស្រូប​កម្ដៅ​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​បរិយាកាស និង​បាន​និយាយ​ថា ការ​ប្រកាស​នេះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​របៀប​ដែល​ក្រុមហ៊ុន​ទាំង​នោះ​គ្រោង​នឹង​ធ្វើ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​របស់​ខ្លួន។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​លើកឡើង​មិន​ពិត​ឬ​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ណា​មួយ​អំពី​ផល​ប្រយោជន៍​បរិស្ថាន​នៃ​ទង្វើ​ណា​មួយ​គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត»។

ការ​កើនឡើង​នៃ​សីតុណ្ហភាព​ដែល​បង្ក​ឡើង​ដោយ​ការ​ដុត​ប្រេង​ឥន្ធនៈ ឧស្ម័ន និង​ធ្យូងថ្ម បាន​ធ្វើ​ឱ្យ​គ្រោះ​ធម្មជាតិ​នានា​ដូចជា​គ្រោះ​ទឹកជំនន់ រលក​កម្តៅ និង​គ្រោះ​រាំងស្ងួត​កាន់តែ​អាក្រក់​ឡើង និង​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​ផ្លាស់ទី​ទៅ​កាន់​តំបន់​ដែល​មាន​សីតុណ្ហភាព​ប្រសើរ​ជាង បន្ថែម​ពី​លើ​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​មនុស្ស។

លោក John Kerry ប្រេសិត​ផ្នែក​អាកាសធាតុ​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា​ លោក​មាន​ការ «ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង» ដែល​គេ​បាន​ចំណាយ​ពេល​យ៉ាង​យូរ​បែប​នេះ​ដើម្បី​លើក​យក​បញ្ហា​សុខភាព​មក​ធ្វើ​ជា​បញ្ហា​ផ្ដោត​ចម្បង​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ។

លោក Kerry បាន​ថ្លែង​ថា៖ «រាងកាយ​របស់​យើង​ជា​ប្រព័ន្ធ​អេកូឡូស៊ី ហើយ​ពិភពលោក​ក៏​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ដែរ។ ប្រសិនបើ​យើង​បំពុល​ដី​របស់​យើង បំពុល​ទឹក​របស់​យើង និង​បំពុល​ខ្យល់​អាកាស​របស់​យើង នោះ​មាន​ន័យ​ថា ​យើង​បំពុល​រាងកាយ​របស់​យើង​ផងដែរ»។

សេចក្ដី​ប្រកាស​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​លើកទី ២៨ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែល​គាំទ្រ​ដោយ​ប្រទេស​ប្រមាណ ១២០ បាន​សង្កត់​ធ្ងន់​លើ​ទំនាក់ទំនង​រវាង​សុខភាព​និង​ការ​ប្រែប្រួល​អាកាសធាតុ៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG