អាជ្ញាធរមូលដ្ឋានវៀតណាមបានចោទប្រកាន់ថាពលរដ្ឋខ្មែរជាអ្នកបង្កហេតុនៅក្នុងការប្រតាយប្រតប់គ្នាកាលពីថ្ងៃអាទិត្យនៅតំបន់ព្រំដែនក្នុងខេត្តស្វាយរៀង។
លោក ផាន វ៉ាន់អុង ប្រធានឃុំ Hoa Binh Tay នៃប្រទេសវៀតណាម បានប្រាប់វីអូអេភាសាវៀតណាមថា៖
«យើងបានដាក់ពង្រាយឆ្មាំការពារព្រំដែនដើម្បីរារាំងពលរដ្ឋកម្ពុជាហើយពួកគេបានប្រើបង្គោលដែកសម្រាប់ដោតទង់ជាតិវាយមកលើពួកយើង»។
យ៉ាងហោចណាស់មានមនុស្ស១០នាក់ទទួលរងរបួសក្នុងការប៉ះទង្គិចគ្នានោះក្នុងនោះមានអ្នកតំណាងរាស្រ្តម្នាក់មកពីគណបក្សសង្គ្រោះជាតិដែលបានព្យាយាមទៅពិនិត្យមើលចំណុចព្រំដែនប៉ុន្តែត្រូវបានរារាំងដោយឆ្មាំព្រំដែននិងពលរដ្ឋវៀតណាមប្រដាប់ដោយដំបងនិងអាវុធអាការ។
ក្នុងពេលជាមួយគ្នានេះដែរក្រសួងការបរទេសវៀតណាមបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហានេះហើយកុំឱ្យឧប្បទ្ទវហេតុដូចនេះកើតឡើងជាថ្មីទៀតក្នុងពេលអនាគត។
អាជ្ញាធរមូលដ្ឋានកម្ពុជាក្នុងខេត្តស្វាយរៀងបានបដិសេធមិនព្រមទទួលខុសត្រូវចំពោះហេតុការណ៍នោះហើយបានស្តីបន្ទោសសកម្មជនព្រំដែនខ្មែរក្នុងខណៈពេលដែលក្រសួងមហាផ្ទៃថ្កោលទោសអំពើហិង្សាហើយស្នើសុំកុំឱ្យយកបញ្ហាព្រំដែនទាញប្រជាប្រិយភាពនយោបាយ៕