ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល៖ ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​កើន​ឡើង​ច្រើន​


ក្នុង​រូបថត​ឯកសារ​នេះ ជនជាតិ​វៀតណាម (មិន​មែន​មាន​ន័យ​ថា​​ខុស​ច្បាប់​ទេ) ​​​​លក់​ត្រី​នៅ​ផ្សារ​ព្រែក​ភ្នៅ​នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១២។
ក្នុង​រូបថត​ឯកសារ​នេះ ជនជាតិ​វៀតណាម (មិន​មែន​មាន​ន័យ​ថា​​ខុស​ច្បាប់​ទេ) ​​​​លក់​ត្រី​នៅ​ផ្សារ​ព្រែក​ភ្នៅ​នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១២។

ចំនួន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់មក​កាន់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​កម្ពុជា។​ ​អ្នក​វិភាគ​យល់​ថា​ វា​នឹង​អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​ រួម​ទាំង​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ជម្លោះ​ពូជសាសន៍​ជា​ដើម។​

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​នៅថ្ងៃ​ពុធ​នេះ​ថា​ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កាន់​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​គំហុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ជា​ពិសេស​គឺ​ជន​ជាតិ​វៀតណាម​ដែល​ឆ្លង​ព្រំដែន​ខុស​ច្បាប់​មក​កាន់​ប្រទេស​កម្ពុជា។​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទី​ស្តី​ការ​ក្រសួង​មហា​ផ្ទៃ​ក្នុង​ការ​ផ្សព្វផ្សាយ​ផែន​ការ​បន្តឹង​ការងារ​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ ​លោកនាយ​ឧត្តមសេនីយ៍​ សុខ ផល​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជាក់​ថា ​ជន​អន្តោ​ប្រវេសន៍​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ខុស​ច្បាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​មាន​ប្រមាណ​ជាង​៩៥%​ជា​ជន​ជាតិ​វៀតណាម។​ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ក្នុងនៅ​ឆ្នាំ​២០០២​ ការ​ហូរ​ចូល​របស់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ ដែល​មន្ត្រី​រក​ឃើញ​គឺ​មាន​ត្រឹម​តែ​៧​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។​ តួលេខជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​មក​ដល់​១០​ម៉ឺន​នាក់​នា​ឆ្នាំ​២០១០និង១៦​ម៉ឺន​នាក់​នា​ឆ្នាំ២០១៤។​

«នៅ​ក្នុង​ដើម​ឆ្នាំ​២០១៥​នេះ​គឺ​ឃើញនៅ​តែ​ជា​ការ​កត់​សម្គាល់។ ​យើង​បាន​ធ្វើ​ការ​បណ្ដេញ​ចេញ​រហូត​ដល់​ជាង​១,២០០​នាក់​នា​កន្លះ​ឆ្នាំ​នេះ​ ​ហើយ​ក្នុង​នោះ​ជា​ធម្មតា​គឺ​មាន៩៥​ទៅ​៩៨%​គឺ​ជា​ជន​ជាតិ​វៀតណាម។​ បាន​ន័យ​ថា​ ការ​ចូល​ដែល​ចូល​មក​ស្នាក់​នៅ​ខុស​ច្បាប់​ដោយ​គ្មាន​ឯក​សារ​គ្រប់​គ្រាន់​គឺ​នៅ​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់»។​

មន្ត្រី​កម្ពុជា​ដដែល​ក៏​បាន​ស្តី​បន្តោស​ការ​ហូរ​ចូល​ដោយ​សេរីនៃ​ជន​បរទេស​ខុស​ច្បាប់​ដោយ​សារ​តែ​ការ​ធូរ​រលុង​របស់​មន្រ្តី​កម្ពុជា​នៅ​តាម​ព្រំ​ដែន​សំខាន់ៗ​ ដែលយាម​កាម​តាម​បណ្ដោយព្រំដែន​ជាប់​ប្រទេស​វៀតណាម​នោះ។

លោក​នាយ​ឧត្តម​សេនីយ៍​សុខ ផលបាន​បន្តថា «ជា​ការណ៍​ពិត​ មាន​ការ​ហូរ​ចូល​តាម​ប៉ុស្តិ៍​អន្តរជាតិ។​ ​ ជា​ការណ៍​ពិត​ជាង​២០​ទៅ​៣០ភាគ​រយ​គ្រប់​ប៉ុស្តិ៍ ​ទាំង​លើ​ ទាំង​ក្រោម​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍។​ ហើយ​ក្រៅ​ពី​នេះ​ក៏​មាន​ការ​ហូរ​ចូល​តាម​រយៈ​ខ្សែបន្ទាត់​ព្រំដែន​ ដោយ​តម្រូវ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ផង​ដែរ។ ហើយ​យើង​មាន​ទិស​ដៅ​អនុវត្ត​ដោយ​មាន​ការ​អនុញ្ញាត​ពី​សម្តេច​ក្រឡា​ហោម​រួច​ហើយ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ស្រាវជ្រាវ​ និង​បង្ក្រាប​ជន​អនោ្តប្រវេសន៍​ខុស​ច្បាប់​មក​កម្ពុជា​នា​ពេល​ថ្មីៗ ​ជា​ពិសេស​ពលករ​ដែល​មក​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​បរទេស​ចំនួន​ជាង​២០០​នាក់​ធ្វើ​ការ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នា​ការដ្ឋានកោះ​ពេជ្រ ​ក្នុង​នោះ​មាន​ជន​បរទេស​ខុស​ច្បាប់​ជន​ជាតិ​វៀតណាម​ និង​ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​ និង​មិន​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ។​

លោក ​អាត់ ធន ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​ កម្មករ​កាត់​ដេរ​ហៅ​កាត់​ថា ​C-CAWDU​ ​បាន​ប្រាប់ ​VOA ​ថា​ ការ​ហូរចូល​ខុស​ច្បាប់​នៃ​ជន​អន្តោប្រវេសន៍​គឺធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាត់​បង់​ឱកាស​ការ​ងារ​ជាច្រើន​ដែល​បណ្តាល​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​ធ្លាក់​ចុះ។

«យើង​គួរ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​ បើ​មិន​អញ្ចឹង​ទេ​នឹង​មាន​ជនជាតិ​ហ្នឹង​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​យើង​កាន់​តែ​ច្រើន​យូរៗ​ទៅ​ប្រទេស​កម្ពុជា​យើង​នឹង​មាន​វៀតណាម​ខុស​ច្បាប់​ច្រើន​ ទៅ​ជា​ប្រទេស​ដែល​មាន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​កាន់​តែ​ច្រើន។​ យូរៗ​ទៅ ​វា​ប៉ះ​ពាល់​ដល់​ទាំង​នយោបាយ​ក្នុង​ប្រទេស​យើង​។ វា​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​ ពាក់ព័ន្ធ​នឹង​វប្បធម៌ ពាក់ព័ន្ធ​នឹង​ស្អីៗ​ទាំង​អស់។​ ដោយ​គេ​អត់​មាន​អី​មក​ត្រឹម​ត្រូវ​តាម​ច្បាប់​អញ្ចឹង​ គេ​អាច​ធ្វើ​អីៗ​តាម​ចិត្ត​គេ»។​

លោក​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​រឹត​បន្តឹង​និង​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ឲ្យ​បាន​តឹងរឹង​ដើម្បី​កាត់​បន្ថយ​បញ្ហា​នា​ពេល​ខាង​មុខ។

ដោយ​ឡែក​ លោក​ អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​បាន​បង្ហាញ​ថា ​លំហូរ​នៃ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​គឺ​ដោយ​សារ​តែ​លក្ខខណ្ឌ​ការងារ​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សហគមន៍​វៀតណាម​ដែល​មាន​ច្បាប់​ច្រើន​នៅ​កម្ពុជា​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ទទួល​យក​បងប្អូន​អ្នក​ទាំង​នោះ​មក​កម្ពុជា​ផង​ដែរ។​ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​គឺ​ដី​សម្បទាន​ដែល​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ធ្វើ​ឲ្យ​លំហូរ​ពលករ​ខុស​ច្បាប់​ចូល​ដោយ​សេរី​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កាន់​កាប់​តំបន់​នោះ។​

«ជា​ទូទៅ​មិន​ប៉ះពាល់​ប៉ុន្មាន​ទេ​ ​លើក​លែង​តែ​វាអាច​ឲ្យ​មាន​ភាព​តាន​តឹង និង​ជម្លោះ​ពូជសាសន៍។ រឿង​ហ្នឹង​គឺ​ជា​ប្រភព​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ខាង​សន្តិសុខ។ ​និយាយ​រឿង​បញ្ហា​សេដ្ឋកិច្ច​គឺ​មិន​មាន​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទេ។ ​ ប៉ុន្តែ​ការ​គ្រប់គ្រង​ទិន្នន័យ​មិន​បាន​ល្អ​ធ្វើ​ឲ្យ​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​មិន​បាន​ល្អ​ទេ​ ពី​ព្រោះ​គាត់​ខុស​ច្បាប់ ​គាត់​ធ្វើ​អី​ក៏​ខុស​ច្បាប់​ដែរ»។​

លោក អ៊ូ វីរៈ ក៏​បាន​បន្ថែម​ថា​ ដើម្បី​គ្រប់គ្រង​ ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ឲ្យ​បាន​ល្អ​ អាជ្ញាធរ​កម្ពុជា​គួរតែ​រឹត​បន្តឹង​ការ​គ្រប់គ្រង​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្រប​ច្បាប់​ជា​មុន​សិន​ ជាពិសេស​ការ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​គ្រប់​គ្នា។​

លោក​នាយ​ឧត្តម​សេនីយ៍​សុខ ផលក៏​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ផង​ដែរ​ថា​ មន្រ្តី​របស់​លោក​បាន​ចាប់​បញ្ជូន​ជន​អន្តោ​ប្រ​វេសន៍​ជា​ច្រើន​ពាន់​នាក់​ចេញពី​ប្រទេស​កម្ពុជា​ផង​ដែរ​ ហើយនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នឹងចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​ទូទាំង​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​ខាង​មុខ៕

XS
SM
MD
LG