រដ្ឋាភិបាលកម្ពុជាបានយល់ព្រមបង្កើតក្រុមការងារចម្រុះមួយ ដើម្បីពិនិត្យ និងបំភ្លឺលើករណីប៉ះទង្គិចគ្នារវាងសកម្មជនព្រំដែនដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិជាមួយនឹងឆ្មាំព្រំដែននិងកសិករវៀតណាម។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមការងារនេះត្រូវបានបង្កើតឡើង បន្ទាប់ពីមានកំណត់ទូតតវ៉ាពីប្រទេសវៀតណាមកាលពីថ្ងៃទី៣០ ខែមិថុនា ដែលសុំឱ្យមានការពន្យល់ និងទប់ស្កាត់មិនឱ្យមានការប៉ះទង្គិចគ្នាកើតឡើងទៀត។
យ៉ាងហោចណាស់ មានសកម្មជនព្រំដែន១០នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់គឺលោក រៀល ខេមរិន្ទ បានទទួលរងរបួសក្នុងការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ ក្នុងពេលទៅពិនិត្យមើលកន្លែងដែលប្រជាពលរដ្ឋប្តឹងថា មានការរំលោភបំពានពីប្រទេសវៀតណាម៕