អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវដល់សហគមន៍អន្តរជាតិកាលពីថ្ងៃពុធម្សិលមិញ ឲ្យផ្ដល់ថវិកាចំនួន ៣៥ ពាន់លានដុល្លារ ដើម្បីជួយដោយមិនបង្អង់យូរដល់ប្រទេសនានានៅលើពិភពលោក ឲ្យមានលទ្ធភាពទទួលបានការធ្វើតេស្តរកជំងឺកូវីដ១៩ ការព្យាបាល និងវ៉ាក់សាំងនៅពេលដែលមានវ៉ាក់សាំងនេះ។ លោកថ្លែងដូច្នេះស្របពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅលើពិភពលោក បានឡើងដល់ជាង ១ លាននាក់។
លោក Guterres បានបញ្ជាក់ក្នុងវេទិកាតាមអនឡាញមួយ អំពីគម្រោងបង្កើនល្បឿនការព្យាបាលជំងឺកូវីដ១៩ (ACT Accelerator) ដែលជាយន្តការដែលអង្គការសហប្រជាជាតិប្រើដើម្បីសម្របសម្រួលការឆ្លើយតបរបស់ខ្លួនចំពោះជំងឺកូវីដ១៩ ថា៖
«វាជាប្រយោជន៍ជាតិនិងសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ដោយផ្ទាល់ នៅក្នុងការធ្វើការជាមួយគ្នាដើម្បីពង្រីកលទ្ធភាពទទួលបានការធ្វើតេស្តនិងការព្យាបាល ក៏ដូចជាគាំទ្រឲ្យមានវ៉ាក់សាំងសម្រាប់សាធារណជនទូទៅនៅលើពិភពលោក»។
គម្រោង ACT Accelerator នេះ បានចាប់ផ្តើមកាលពីចុងខែមេសា។ វាជាកិច្ចសហការជាសាកលរវាងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ ផ្នែកឯកជន និងក្រុមអង្គការសង្គមស៊ីវិលនានា ដើម្បីបញ្ចប់ជំងឺកូវីដ១៩ ដោយធ្វើឲ្យប្រាកដថា មិនមែនតែប្រទេសអ្នកមានប៉ុណ្ណោះទេដែលអាចទទួលបានឧបករណ៍ចាំបាច់នានា ដែលរួមមានទាំងវ៉ាក់សាំងផងនោះ ក៏ប៉ុន្តែប្រទេសក្រីក្រក៏អាចទទួលបានឧបករណ៍ចាំបាច់ទាំងនោះផងដែរ។
កម្មវិធីផ្តួចផ្តើមនេះ បានទទួលថវិកាដំបូងចំនួន ៣ ពាន់លានដុល្លារ សម្រាប់ការចាប់ផ្តើមដំណាក់កាលដំបូងរបស់ខ្លួន។
លោក Guterres បាននិយាយថា កម្មវិធីនេះត្រូវការថវិកាចំនួន ៣៥ ពាន់លានដុល្លារបន្ថែមទៀត ដែលក្នុងនោះ ថវិកា ១៥ ពាន់លានដុល្លារ គឺត្រូវការបន្ទាន់ដើម្បីសម្រេចឲ្យបានតាមគោលដៅរបស់ខ្លួនក្នុងការផលិតវ៉ាក់សាំងចំនួន ២ ពាន់លានដូស ព្យាបាលមនុស្ស ១៤៥ លាននាក់ និងធ្វើតេស្តមនុស្ស ៥០០ លាននាក់។
នៅពេលបច្ចុប្បន្ននេះ មានប្រទេសជាង ១៥០ នៅលើពិភពលោក ដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈកម្មវិធី ACT Accelerator៕