ក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson បានចាប់ផ្តើមការសាកល្បងវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនលើមនុស្ស ក្នុងដំណាក់កាលចុងក្រោយ នៅសហរដ្ឋអាមេរិក។
លោកវេជ្ជបណ្ឌិត Paul Stoffels ប្រធានផ្នែកវិទ្យាសាស្ត្រនៃក្រុមហ៊ុនឱសថនេះ បានបញ្ជាក់កាលពីថ្ងៃពុធថា អ្នកស្ម័គ្រចិត្ត ៦០.០០០ នាក់ បានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងសាកល្បងនៅតាមទីតាំង ២១៥ កន្លែង នៅសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសអាហ្សង់ទីន ប្រេស៊ីល ឈីលី កូឡុំប៊ី ម៉ិកស៊ិក ប៉េរូ និងអាហ្វ្រិកខាងត្បូងផងដែរ។
ក្រុមហ៊ុននេះថា កន្លងមកខ្លួនបានលទ្ធផលល្អពីការធ្វើតេស្តវ៉ាក់សាំងនេះក្នុងដំណាក់កាលទី ១ និងទី ២ នៅសហរដ្ឋអាមេរិក និងប៊ែលហ្សិក។
នៅពេលនេះវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានក្លាយជាវ៉ាក់សាំងកូវីដ១៩ សាកល្បងទី ៤ នៅសហរដ្ឋអាមេរិកដែលបានឈានដល់ដំណាក់កាលសាកល្បងទី ៣ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Pfizer ដែលសហការជាមួយក្រុមហ៊ុនអាល្លឹម៉ង់ BioNTech។
ប៉ុន្តែវ៉ាក់សាំងរបស់ Johnson & Johnson ដែលតម្រូវឲ្យចាក់តែមួយដូសនេះ អាចមានប្រៀបជាងវ៉ាក់សាំងសាកល្បង ៣ ទៀត ដែលត្រូវការចាក់ពីរដូស។
វ៉ាក់សាំងសាកល្បងទាំង ៤ នេះត្រូវបានស្រាវជ្រាវបង្កើតក្រោមកម្មវិធីបង្កើតវ៉ាក់សាំងកូវីដ១៩ របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ឈ្មោះ Operation Warp Speed ដែលមានគោលដៅផលិតវ៉ាក់សាំងដែលមានសុវត្ថិភាពឲ្យបាន ៣០០ លានដូសត្រឹមខែមករាឆ្នាំ ២០២១៕