អង្គការសុខភាពពិភពលោក WHO បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសចំនួន ១៥៦ នៅជុំវិញពិភពលោក នឹងចូលរួមក្នុងកម្មវិធីគំនិតផ្តួចផ្តើមជាសាកល ក្នុងការស្រាវជ្រាវបង្កើតផលិត និងចែកចាយដោយស្មើភាពនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលហៅកាត់ថាកម្មវិធី COVAX។
លោកបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ប្រទេសអ្នកមានចំនួន ៦៤ បានយល់ព្រមចូលរួមក្នុងកម្មវិធី COVAX នេះ ដែលជាគម្រោងរួមដែលអនុវត្តដោយ WHO អង្គការសម្ព័ន្ធភាពត្រៀមខ្លួនប្រឆាំងជំងឹឆ្លង ឬ Coalition for Epidemic Preparedness Innovations and Gavi និងសម្ព័ន្ធភាពវ៉ាក់សាំងការពារ ដែលជាអង្គការដែលផ្តល់ថវិកាដោយមូលនិធី Bill and Melinda Gates ដើម្បីផ្តល់វ៉ាក់សាំងការពារជំងឺកុមារក្នុងប្រទេសក្រីក្របំផុតនានា នៅក្នុងពិភពលោក។
កម្មវិធី COVAX នេះ មានបំណងផលិតវ៉ាក់សាំងការពារដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពរហូតដល់ចំនួន ២ ពាន់លានដុស នៅជុំវិញពិភពលោក នៅត្រឹមចុងឆ្នាំ ២០២១ និងមានគោលដៅដំបូងផ្តល់វ៉ាក់សាំងដល់ ៣% នៃចំនួនប្រជាជាននៃប្រទេស ដែលបានចូលរួមក្នុងកម្មវិធីនេះដែលក្នុងនោះមានបុគ្គលិកសុខាភិបាល និងអ្នកដែលងាយទទួលរងជំងឺ។ កម្មវិធីនេះក៏មានគោលដៅបង្ការប្រទេសមួយចំនួនតូច មិនឲ្យដណ្តើមទិញវ៉ាក់សាំងស្តុកទុកនោះ។
ប្រទេសដែលមិនបានចូលរួមក្នុងកម្មវិធីនេះ មានដូចជាសហរដ្ឋអាមេរិក ចិន និងប្រទេសរុស្ស៊ី ដែលសុទ្ធតែបានបង្កើតកម្មវិធីអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំងផ្ទាល់ខ្លួនរបស់គេ។
សហរដ្ឋអាមេរិកធ្លាប់បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកម្មវិធី COVAX ដោយសារតែអង្គការសុខភាពពិភពលោកជាអ្នកដឹកនាំនូវកិច្ចខិតខំប្រឹងប្រែងនេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដកសមាជិកភាពរបស់អាមេរិកចេញពីអង្គការសុខភាពពិភពលោក កាលពីខែកក្កដា ក្រោយពីលើកឡើងថា អង្គការនេះមិនបានគ្រប់គ្រងឲ្យបានត្រឹមត្រូវពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហើយជួយការពារប្រទេសចិន ដែលជាកន្លែងដែលគេបានរកឃើញវីរុសកូរ៉ូណាដំបូងនៅទីនោះ។
រដ្ឋបាលរបស់លោក ត្រាំ បានបង្កើតកម្មវិធីផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយខ្លួនឯង ដែលមានឈ្មោះថា Operation Warp Speed ដែលមានបំណងផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣០០ លានដុស នៅត្រឹមខែមករាឆ្នាំក្រោយ ប្រសិនបើមានការយល់ព្រមឲ្យផលិតវ៉ាក់សាំងនោះ។
គិតត្រឹមថ្ងៃអង្គារ ទី២២ ខែកញ្ញា វីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជាង ៣១,៣ លាននាក់ នៅជុំវិញពិភពលោក និងសម្លាប់ជីវិតមនុស្សសរុបជាង ៩៦៥.០០០ នាក់៕