ប្រទេសប៉ាគីស្ថាន នៅថ្ងៃអង្គារ បានចាប់ផ្តើមសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលផលិតដោយប្រទេសចិន ដែលនេះជាការសាកល្បងលើកដំបូងដោយប្រទេសអាស៊ីខាងត្បូងមួយនេះ។
មន្រ្តីនៃវិទ្យាស្ថានសុខភាពជាតិប៉ាគីស្ថាន លើកឡើងថា ប្រទេសចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប៉ាគីស្ថាន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដែលផលិតដោយក្រុមហ៊ុនចិនឈ្មោះ CanSinoBio ដែលធ្វើដៃគូជាមួយវិទ្យាស្ថានជីវបច្ចេកវិទ្យារបស់ក្រុងប៉េកាំង ទៅឲ្យរដ្ឋាភិបាលទីក្រុង Islamabad ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការធ្វើតេស្តសាកល្បង។
ប្រធានវិទ្យាស្ថានសុខភាពជាតិលោកឧត្តមសេនីយ៍បណ្ឌិត Aamer Ikram បានប្រាប់សន្និសីទសារព័ត៌មានមួយដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេសថា អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ នឹងចុះឈ្មោះចាក់វ៉ាក់សាំងក្នុងដំណាក់កាលសាកល្បងវគ្គទី៣ នៅតាមមន្ទីរពេទ្យសំខាន់នានានៅទូទាំងប្រទេសប៉ាគីស្ថាន។
លោក Ikramថា វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នឹងមានលក់នៅតាមទីផ្សារ នៅពេលដែលវាមានប្រសិទ្ធភាព ហើយលទ្ធផលរបស់វាត្រូវគេវិភាគក្នុងរយៈពេល៤ទៅ៥ខែខាងមុខនេះ។
វ៉ាក់សាំងរបស់ចិននេះ កំពុងត្រូវបានគេធ្វើតេស្តសាកល្បងក្នុងដំណាក់កាលទី៣ ទៅលើមនុស្សក្នុងប្រទេសជាច្រើន ដែលក្នុងនោះមានប្រទេសចិន រុស្សី ឈីលី និងអាហ្សង់ទីនផងដែរ។
មកទល់ពេលនេះ ប្រទេសប៉ាគីស្ថាន មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួនជាង៣០៦.០០០នាក់ ដែលក្នុងនោះអ្នកស្លាប់មានចំនូនជាង៦.៤០០នាក់ ក្នុងចំណោមប្រជាជនជាង២២០លាននាក់៕