កងទ័ពអ៊ុយក្រែនដែលកំពុងប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែលមានចំនួនច្រើនជាងកំពុងដកថយចេញពីទីតាំងនានានៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននៅពេលដែលកងទ័ពរុស្ស៊ីរុលទៅកាន់ទិសខាងលិច។ នេះបើតាមលោកឧត្តមសេនីយ៍ឯកអ៊ុយក្រែន Oleksandr Syrskyi កាលពីថ្ងៃអាទិត្យម្សិលមិញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានធ្វើការអង្វករថ្មីៗដល់សម្ព័ន្ធមិត្តឱ្យបញ្ជូនប្រព័ន្ធកាំជ្រួចការពារដែនអាកាស Patriot កាន់តែច្រើនឡើងថែមទៀត«ឱ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
លោក Syrskyi បាននិយាយទៀតថាកងទ័ពចំនួនដ៏ច្រើនរបស់រដ្ឋាភិបាលក្រុងកៀវបានដកត្រឡប់ទៅកាន់ទីតាំងថ្មីៗនៃភូមិថ្មីចំនួន៣នៅភាគខាងលិចនៅសមរភូមិខាងកើតជាទីកន្លែងដែលរុស្ស៊ីបានដាក់ពង្រាយកងទ័ពដ៏ច្រើននៅក្នុងទីកន្លែងជាច្រើន។
លោកឧត្តមសេនីយ៍បានសរសេរនៅសារតាមតេឡេក្រាមថា«ស្ថានភាពនៅឯសមរ ភូមិមានសភាពអាក្រក់បំផុត។ តំបន់ដែលពិបាកបំផុតគឺតំបន់ដែលរុស្ស៊ីត្រួតត្រានៅភាគខាងលិចភូមិ Maryinka និងក្រុង Avdiivka ដែលនៅ ភាគពាយ័ព្យ ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ដែលត្រូវបានកាន់កាប់ដោយកងទ័ពរុស្ស៊ីកាលពីខែកុម្ភៈ។
កងទ័ពអ៊ុយក្រែនប្រឈមស្ថានភាពដ៏អាក្រក់បំផុតនៅផ្នែកខាងកើតខណៈដែលរង់ចាំការផ្តល់អាវុធរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបានទទួលការអនុម័តដោយសភាសហរដ្ឋអាមេរិកនូវកញ្ចប់ជំនួយ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនកាលពីសប្តាហ៍មុន។
លោកប្រធានាធិបតី Zelenskyy បាននិយាយថាលោកទើបតែបាននិយាយជាមួយលោក Leader Hakeem Jeffries មេដឹកនាំសំឡេងភាគតិចរដ្ឋសភាសហរដ្ឋអាមេរិកហើយបានថ្លែងអំណរគុណដល់សភាអាមេរិកដែលបានអនុម័តកម្មជំនួយដែលបានជាប់គាំងក៏ប៉ុន្តែដាក់គំនាបឱ្យផ្គត់ផ្គង់ឱ្យបានឆាប់រហ័សដែលនឹងអនុញាតឱ្យអ៊ុយក្រែនរក្សាទីតាំងរបស់ខ្លួនហើយនឹងបង្អាក់យន្តហោះចម្បាំងរបស់រុស្ស៊ី។
សមរភូមិមុខនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែននៅក្នុងតំបន់ Donetsk និង Kharkiv មានការប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅពេលដែលកងទ័ពរុស្ស៊ីស្វះស្វែងបង្កើនការត្រួតត្រានៅតាមបណ្តោយសមរភូមិមុខប្រវែងជាង១ពាន់គីឡូម៉ែត្រ៕
ព៌ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters, Apនិង AFP
វេទិកាបញ្ចេញមតិ