ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី​៥គ្រឿង នៅពេល​ដែល​ព្រឹទ្ធ​សភា​អាមេរិក​ត្រៀម​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ជំនួយ


ក្រុមអ្នកពន្លត់អគ្គិភ័យ​ប្រតិបត្តិការនៅ​អគារ​លំនៅឋាន​ដែល​រងការ​វាយប្រហារ​ដោយមីស៊ីល​របស់​រុស្ស៊ី នៅតំបន់ Odesa ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
ក្រុមអ្នកពន្លត់អគ្គិភ័យ​ប្រតិបត្តិការនៅ​អគារ​លំនៅឋាន​ដែល​រងការ​វាយប្រហារ​ដោយមីស៊ីល​របស់​រុស្ស៊ី នៅតំបន់ Odesa ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​រុស្ស៊ី​បាន​វាយ​ប្រហារ​អ៊ុយក្រែន​រយៈ​ពេល​មួយ​យប់​ដោយដ្រូន ៧ គ្រឿង​និងមីស៊ីល​ស្វ័យនាំ​ផ្លូវ​ ៣ ​គ្រាប់។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​បាន​បាញ់​ទម្លាក់​ដ្រូន ​៥ គ្រឿង ដោយ​ការបាញ់​ទប់ស្កាត់​ទាំង​អស់​បាន​កើត​មាន​ឡើង​នៅ​លើ​តំបន់ Odesa ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។

លោក Oleh Kiper អភិបាល​តំបន់ Odesa បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា ​ការវាយ​ប្រហារ​តាម​អាកាស​បាន​ធ្វើ​ឱ្យ​ខូចខាតអគារ​ឃ្លាំង​និង​ម៉ាស៊ីន​កសិកម្ម​និង​សម្ភារៈផ្សេងៗ​ទៀត។

លោក Kiper បាន​និយាយ​ទៀត​ថា ​មិន​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​រង​របួស​ទេ។

ការវាយ​ប្រហារ​នៅពេល​ថ្មីៗនេះ​កើត​មាន​ឡើង​ នៅពេល​ដែល​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ផ្តល់​ការអនុម័ត​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ​ដល់​សេចក្តីព្រាងច្បាប់​ដែល​រួមមាន​ប្រាក់​ជំនួយ ៦០ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន។

សេចក្តីព្រាងច្បាប់​នេះ​បាន​អនុម័ត​រួចហើយ​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ហើយ​បាន​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី Joe Biden។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយនៅ​ក្នុង​សុន្ទរកថា​នៅ​ពេល​យប់​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ថា​ កញ្ចប់​ជំនួយ​នោះ​រួមមាន«សម្ភារៈ​ដែល​អ្នក​ធ្វើ​សង្គ្រាម​របស់​យើង​នៅ​សមរភូមិ​មុខ​រំពឹង​យ៉ាង​ខ្លាំង»។

លោក Zelenskyy បាន​និយាយ​ថា ​ពេលវេលា​រវាង​ការអនុម័ត​សេចក្តីព្រាងច្បាប់​និង​ការ​ទទួល​បាន​ជំនួយ​យោធា​នៅ​ក្នុង​ដៃ​របស់​កងទ័ព​អ៊ុយក្រែន«ត្រូវតែ​ឱ្យ​បានឆាប់​រហ័ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG