មន្ត្រីនៅភាគកណ្ដាលប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានធ្វើឱ្យមនុស្សយ៉ាងតិច ៦ នាក់រងរបួសនៅក្នុងតំបន់ Cherkasy។
អភិបាលតំបន់ Cherkasy លោក Ihor Taburets បាននិយាយថា រលកនៃការផ្ទុះនិងកម្ទេចកំទីមីស៊ីលបានធ្វើឱ្យផ្ទះជិត ៥០ ខ្នងរងការខូចខាត។
នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន លោក Yevgeny Balitsky មន្ត្រីកំពូលដែលតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia ដែលត្រួតត្រាដោយរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ២ នាក់។
លោក Balitsky បានបញ្ជាក់តាម Telegram ថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងភូមិមួយនៅភាគអាគ្នេយ៍ទីក្រុង Zaporizhzhia និងរួមមានទាំងការវាយប្រហារចំរថយន្តមួយគ្រឿងផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអរគុណចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់ការដាក់ទណ្ឌកម្មថ្មីចុងក្រោយបង្អស់លើរុស្ស៊ីនិងសម្រាប់ការផ្ដល់ជំនួយជាង ៦០០ លានដុល្លារដល់ប្រទេសរបស់លោក នៅពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេសលោក Jeremy Hunt បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន។
ការអរគុណនេះបានធ្វើឡើងបន្ទាប់ពីលោក Zelenskyy បានអរគុណសហរដ្ឋអាមេរិកនៅក្នុងសារជាវីដេអូកាលពីយប់ថ្ងៃពុធចំពោះការផ្ដល់ជំនួយថ្មីដល់អ៊ុយក្រែន។ លោក Zelenskyy បានសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនិង «ប្រជាជនអាមេរិកាំងទាំងអស់ដែលដឹងអំពីតម្រូវការនៅក្នុងការបង្អាក់ដំណើររបស់ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin ដោយមិនចុះញ៉មនឹងលោក Putin ដែលការធ្វើដូច្នេះនឹងធ្វើឱ្យការគំរាមកំហែងចំពោះសេរីភាពមានតែបន្តិចបន្តួចប៉ុណ្ណោះ»។
សហរដ្ឋអាមេរិកបានផ្ដល់ដល់អ៊ុយក្រែននូវគ្រាប់មីស៊ីលផ្លោងកលយុទ្ធរយៈចម្ងាយឆ្ងាយដែលគេស្គាល់ថា ATACMS។ នេះបើតាមការបញ្ជាក់ប្រាប់ VOA របស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកវរសេនីយ៍ត្រី Charlie Dietz។
គ្រាប់មីស៊ីលផ្លោងទាំងនេះអាចហោះបានចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ គឺជិតស្មើនឹងពីរដងនៃចម្ងាយវាយប្រហារដែលមីស៊ីលរបស់អ៊ុយក្រែនអាចធ្វើបាន៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានអ្នកស្រី Misha Komadovsky និងអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារជាតិអាមេរិកអ្នកស្រី Carla Babb រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
វេទិកាបញ្ចេញមតិ