មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីកាលពីយប់មិញបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់និងធ្វើឱ្យមនុស្ស ១០ នាក់ទៀតរងរបួសនៅក្នុងទីក្រុង Kharkiv នៅភាគខាងកើត។
អភិបាលក្រុង Kharkiv លោក Igor Terekhov បាននិយាយថា ដ្រូនទាំងនោះបានវាយប្រហារចំអគារស្នាក់នៅជាច្រើន។
អភិបាលតំបន់ Kharkiv លោក Oleg Sinegubov បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីនេះក៏បានប៉ះចំទីក្រុង Lozova និងទីក្រុង Chuhuiv ផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានរារាំងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនដែលសំដៅលើតំបន់ពីរនៅភាគខាងលិចរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន ៣ គ្រឿងនៅតំបន់ Belgorod ជាប់ព្រំដែនជាមួយអ៊ុយក្រែន ក៏ដូចជាដ្រូន ២ គ្រឿងទៀតនៅតំបន់ Tulaផងដែរ។
សម្រាប់រឿងដាច់ដោយឡែកមួយទៀត អ៊ុយក្រែននិងហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំកាលពីថ្ងៃពុធ។
កិច្ចព្រមព្រៀងនេះធ្វើឱ្យហ្វាំងឡង់ក្លាយជាសមាជិកទី ៨ នៃអង្គការអូតង់ (NATO) នៅក្នុងឆ្នាំនេះ ដែលឯកភាពចំពោះការគាំទ្រផ្នែកសន្តិសុខនិងការពាររយៈពេលវែងសម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បាននិយាយថា ប្រទេសរបស់លោកក៏នឹងបញ្ជូនជំនួយយោធាបន្ថែមចំនួន ២០៣ លានដុល្លារផងដែរទៅកាន់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាសនិងគ្រាប់កាំភ្លើងធំផងដែរ។ ជំនួយបន្ថែមនេះធ្វើឱ្យការរួមចំណែកផ្នែកការពារសរុបរបស់ប្រទេសហ្វាំឡង់កើនដល់ជិត ២,២ ពាន់លានដុល្លារក្នុងអំឡុងពេលសង្គ្រាម៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។