រដ្ឋមន្ត្រីការបរទេសអង្គការអូតង់ដែលកំពុងជួបគ្នានៅថ្ងៃពុធនេះនៅក្នុងទីក្រុងព្រុច សែលដែលត្រូវគេរំពឹងនឹងពិភាក្សាសំណើមួយដើម្បីបង្កើតមូលនិធិដែលមានទឹកប្រាក់១រយពាន់លានដុល្លារដើម្បីគាំទ្រយោធាអ៊ុយក្រែន។
ផែនការដែលត្រូវបានដាក់ស្នើដោយអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ក៏រួមមានការធ្វើឱ្យអង្គការអូតង់ទាក់ទិនកាន់តែខ្លំាងឡើងនៅក្នុងការសម្របសម្រួលការជួយខាងផ្នែកយោធាដែលត្រូវផ្តល់ដោយប្រទេសជាសមាជិកផ្សេងទៀតជាតួនាទីមួយដែលត្រូវបានបំពេញដោយក្រុមចម្រុះដែលមានប្រទេសជាង៥០ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
លោកStoltenbergបានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃពុធនេះថាវាជាការសំខាន់ដែលគាំទ្រអ៊ុយក្រែនលើការពឹងផ្អែកការស្ម័គ្រចិត្តតិចជាង ការផ្តល់ឱ្យរយៈពេលខ្លីនិងពឹងផ្អែកកាន់តែខ្លាំងឡើងលើការតាំងចិត្តរបស់អង្គការអូតង់រយៈពេលយូរ។ លោកមានប្រសាសន៍ទៀតថាពួកមេបញ្ជាការអ៊ុយក្រែននឹងអាចធ្វើឱ្យប្រសើឡើងនូវផែនការនៅសមរភូមិជាយមានការគាំទ្រដែលអាចព្យាករណ៍បាន។
លោកStoltenbergក៏បាននិយាយដែរថាផែនការនេះក៏នឹងបញ្ជូនសារមួយទៅកាន់ប្រទេសរុស្ស៊ីថារុស្ស៊ីមិនអាចឈ្នះដោយការបន្តសង្គ្រាមរហូតដល់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនធុញទ្រាំក្នុងការផ្តល់ការគាំទ្រទេ។
សេចក្តីសម្រេចចុងក្រោយលើសំណើនោះនឹងមិនកើតមានឡើងទេរហូតទាល់តែប្រមុខរដ្ឋរបស់អង្គការអូតង់ជួបគ្នានៅឯសន្និសីទកំពូលនៅខែកក្កដា។
មុនការចរចានៅឯទីក្រុងព្រុចសែល រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenបានបន្តអំពាវនាវដល់សភាសហរដ្ឋអាមេរិកឱ្យបញ្ចេញជំនួយយោធាដល់ប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AFPនិង Reuters