ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែនថាខ្លួនបាញ់ទម្លាក់ដ្រូនរុស្ស៊ី ២៦ គ្រឿង


អគារ​លំនៅឋាន​ជាច្រើនខ្នងត្រូវបាន​បំផ្លាញ​ដោយសារ​ការ​វាយប្រហារ​តាម​ដ្រូន​របស់​យោធារុស្ស៊ី​ នៅ​តំបន់ Zaporizhzhia ប្រទេសអ៊ុយក្រែន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
អគារ​លំនៅឋាន​ជាច្រើនខ្នងត្រូវបាន​បំផ្លាញ​ដោយសារ​ការ​វាយប្រហារ​តាម​ដ្រូន​របស់​យោធារុស្ស៊ី​ នៅ​តំបន់ Zaporizhzhia ប្រទេសអ៊ុយក្រែន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​កាលពី​យប់មិញ​ដោយ​ប្រើ​ដ្រូន ២៨ គ្រឿង​និង​មីស៊ីល ៥ គ្រាប់។

កងទ័ព​អ៊ុយក្រែន​បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន ២៦ គ្រឿង​នៅ​លើ​តំបន់ Odesa, Kharkiv, Dnipropetrovsk និង​តំបន់ Zaporizhzhia។

អភិបាល​តំបន់ Zaporizhzhia លោក Ivan Fedorov បាន​បញ្ជាក់​តាម Telegram ថា ​បំណែករបស់​ដ្រូន​ដែល​ធ្លាក់​មក​បាន​បណ្ដាល​ឱ្យ​ឆេះ​អគារ​លំនៅដ្ឋាន​ជាច្រើន​ខ្នង​និង​ធ្វើ​ឱ្យ​មនុស្ស ២ នាក់​រង​របួស។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វា​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​និង​នៅ​ក្នុង​ការ​ទទួល​បាន​យន្តហោះ​ចម្បាំង F-16 ឱ្យ​បាន​ឆាប់​ដើម្បី​ប្រើ​នៅ​ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ការ​លើកឡើង​របស់​លោក Zelenskyy នេះ​បាន​ធ្វើឡើង បន្ទាប់ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​ទីក្រុង Kharkiv នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​ធ្វើ​ឱ្យ​មនុស្ស ១៩ នាក់​ទៀត​រង​របួស។

អភិបាល​តំបន់ Kharkiv លោក Ihor Terekhov បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​អគារ​លំនៅដ្ឋាន​១៨​ខ្នង៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG