ក្ដីរំពឹងនៃការផ្គត់ផ្គង់យន្តហោះចម្បាំងដល់ប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថានឹងត្រូវបានលើកយកមកពិភាក្សានៅថ្ងៃអង្គារនេះ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំបារាំង។
មន្ត្រីអ៊ុយក្រែនបានអំពាវនាវដល់សម្ពន្ធមិត្តបស្ចិមប្រទេសនានារបស់ខ្លួនឱ្យបញ្ជូនយន្តហោះចម្បាំងឱ្យខ្លួនដើម្បីតតាំងឱ្យបានប្រសើរជាងមុននឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ប៉ុន្តែកន្លងមកសម្ពន្ធមិត្តទាំងនោះនៅគិតគូរប្រយ័ត្នប្រយែងនៅឡើយចំពោះការអំពាវនាវនេះ។
នៅពេលដែលអ្នកយកព័ត៌មានសួរថាតើប្រទេសបារាំងនឹងពិចារណាបញ្ជូនយន្តហោះចម្បាំងឱ្យអ៊ុយក្រែន ឬក៏អត់ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទថា «គ្មានអ្វីដែលមិនរាប់បញ្ចូលនោះទេ» ប៉ុន្តែលោកបានដាក់ចេញនូវលក្ខខណ្ឌជាច្រើនមុនពេលជំហានដូចនេះអាចធ្វើឡើង។ លក្ខខណ្ឌទាំងនោះមានដូចជា យន្តហោះទាំងនោះមិនត្រូវប៉ះទឹកដីរុស្ស៊ី មិនត្រូវឈានទៅដល់ការធ្វើឱ្យភាពតានតឹងកាន់តែរីកធំឡើង និងមិនត្រូវ«ធ្វើឱ្យចុះខ្សោយដល់សមត្ថភាពរបស់កងទ័ពបារាំង»។
នៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើដំណើរទៅដល់សេតវិមានកាលពីថ្ងៃចន្ទ អ្នកយកព័ត៌មានបានសួរលោកថាតើលោកនឹងផ្ដល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ឬក៏អត់ ហើយលោកបានឆ្លើយមកវិញថា «ទេ»។
កាលពីសប្ដាហ៍មុន អ៊ុយក្រែនទទួលបានការបង្កើនសមត្ថភាពរបស់ខ្លួននៅពេលដែលសហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់សន្យាបញ្ជូនរថក្រោះឱ្យខ្លួន បន្ទាប់ពីអាល្លឺម៉ង់បានស្ទាក់ស្ទើរអស់រយៈពេលប៉ុន្មានសប្ដាហ៍មកទាក់ទិននឹងការបញ្ជូនរថក្រោះទំនើប Leopard 2 ឱ្យអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បានផ្ដល់តម្រុយកាលពីថ្ងៃចន្ទអំពីក្ដីរំពឹងនៃការសន្យាផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដោយលោកបាននិយាយថា៖ «សកម្មភាពណាមួយដែលមានបំណងពង្រឹងអំណាចផ្នែកការពាររបស់អ៊ុយក្រែនគឺកំពុងត្រូវបានប្រឹក្សាយោបល់ជាមួយនឹងដៃគូនានាដែលជាសមាជិកអង្គការអូតង់ (NATO)»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP Reuters និង AFP។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនធ្វើទស្សនកិច្ចនៅបារាំង ចំពេលអ៊ុយក្រែនស្នើសុំយន្តហោះចម្បាំង
![រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ចូលរួមកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការអូតង់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។](https://gdb.voanews.com/94790c58-eb3f-4c1c-910b-0f147a6434b6_cx0_cy3_cw0_w250_r1_s.jpg)