អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានគំរាមវាយប្រហារដោយមីស៊ីលលើរូបលោកមុនពេលបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការគំរាមកំហែងដែលបានលើកឡើងនេះ ហើយដែលរដ្ឋាភិបាលរុស្ស៊ីបានបដិសេធ បានធ្វើឡើងនៅក្នុងការហៅទូរស័ព្ទមួយមុនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ។ នេះបើយោងតាមភាពយន្តឯកសារមួយរបស់បណ្ដាញព័ត៌មានទូរទស្សន៍ BBC ដែលនឹងចាក់ផ្សាយនៅថ្ងៃចន្ទនេះ។
លោក Johnson និងមេដឹកនាំបស្ចិមប្រទេសផ្សេងទៀតបានប្រញាប់ប្រញាល់ធ្វើដំណើរទៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែននិងព្យាយាមរារាំងការវាយប្រហាររបស់រុស្ស៊ី។
លោក Johnson បានដកស្រង់សម្ដីរបស់លោក Putin ដោយនិយាយថា៖ «លោកបានគំរាមខ្ញុំនៅពេលមួយនិងបាននិយាយថា «លោក Boris [Johnson] ខ្ញុំមិនចង់ធ្វើបាបលោកទេ ប៉ុន្តែការប្រើមីស៊ីលគឺចំណាយពេលត្រឹមមួយនាទីប៉ុណ្ណោះ» ឬក៏អ្វីៗស្រដៀងហ្នឹង»។
ទោះជាយ៉ាងនេះក្ដី នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះថាជា «ការកុហក»។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «អ្វីដែលលោក Johnson បាននិយាយគឺមិនពិតទេ។ បើនិយាយឱ្យចំទៅ វាគឺជាការកុហក»។
លោក Peskov បានបន្ថែមថា៖ «ជាងនេះទៀត នេះគឺជាការកុហកដោយចេតនា ដែលអ្នកចាំបាច់ត្រូវសួរលោក Johnson ថាលោកមានគោលបំណងអ្វីបានជាជ្រើសរើសធ្វើបែបនេះ ឬក៏វាជាការកុហកដោយអចេតនាដែលតាមពិតលោកមិនយល់អំពីអ្វីដែលលោកប្រធានាធិបតី Putin បាននិយាយជាមួយនឹងលោក»។
លោក Johnson បានលេចឡើងជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតម្នាក់នៅបស្ចិមប្រទេសលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy៕