យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានបាញ់ទម្លាក់ដ្រូន១៨គ្រឿងក្នុងចំណោមដ្រូន១៩គ្រឿងដែលរុស្ស៊ីបានប្រើប្រាស់ក្នុងរយៈពេលវាយប្រហារមួយយប់ដៅលើតំបន់ភាគកណ្តាលនិងខាងលិចអ៊ុយក្រែន។
ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបាញ់ទម្លាក់ដ្រូននៅពីលើតំបន់ Dnipropetrovsk, Mykolaiv, Odesa, Ternopil និង Vinnytsia ។
រុស្ស៊ីក៏បានបាញ់កាំជ្រួចមីស៊ីលបាល្លីស្ទិក២គ្រាប់ចេញពីឧបទ្វីប Crimea ដែលខ្លួនត្រួតត្រា។ នេះបើតាមកងទ័ពអាកាសរបស់អ៊ុយក្រែន។
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថាការវាយប្រហារនៅក្នុងតំបន់របស់លោកមានរយៈពេលជាច្រើនម៉ោង។ លោកបានរាយការណ៍ថាការវាយប្រហារដោយដ្រូនបានបណ្តាលឱ្យឆេះអាគារ Apartment ដែលមានកម្ពស់ ៣ជាន់មួយកន្លែងនៅក្នុងទីក្រុង Chornomorsk និងការឆេះអាគាររដ្ឋបាលមួយកន្លែងនៅក្នុងស្រុក Odesa។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយ ក្រែនចំនួន១៤គ្រឿងនៅពីលើតំបន់ Belgorod ដែលតាំងនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែននិង២គ្រឿងទៀតនៅពីលើសមុទ្រខ្មៅ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថាមានការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសលោកដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
លោកប្រធានាធិបតី Zelenskyyបាននិយាយថា«វាជាការសំខាន់ដែលប្រទេសធំៗមានអាវុធសំខាន់ៗជាការអស្ចារ្សពិតប្រាកដដើម្បីការពារអាយុជីវិត ដោយមិនរក្សាទុកប្រព័ន្ធអាវុធទាំងនោះនៅក្នុងឃ្លាំង ក៏ប៉ុន្តែ ធ្វើឱ្យប្រាកដថាប្រព័ន្ធអាវុធដូចជាកាំជ្រួច Patriot និងកាំជ្រួចផ្សេងទៀតត្រូវបានប្រើប្រាស់យ៉ាងសកម្មដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។
អត្ថាធិប្បាយរបស់លោកបានកើតមានឡើងប៉ុន្មានថ្ងៃមុនជំនួបរវាងក្រុមទាក់ទងការពារជាតិអ៊ុយក្រែនដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលបានសម្របសម្រួលជំនួយយោធាសម្រាប់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីឈ្លានពាននៅដើមឆ្នាំ២០២២មក៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារព័ត៌មាន AFP និង Reuters
វេទិកាបញ្ចេញមតិ