អគ្គលេខាធិការអង្គការអូតង់ថ្មីលោក Mark Rutte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសម្ពន្ធមិត្តដឹងថា អ៊ុយក្រែនមានតម្រូវការចាំបាច់នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈលោកបំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ដើម្បីចរចាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។
លោក Rutte បានប្រាប់ពួកអ្នកយកព័ត៌មានថា វាជាការសំខាន់សម្រាប់លោកដើម្បីទៅប្រទេសអ៊ុយក្រែននៅពេលនេះ«ដើម្បីធ្វើការបញ្ជាក់ឱ្យច្បាស់ទៅកាន់លោក ប្រជាពលរដ្ឋរបស់អ៊ុយក្រែននិងទៅកាន់មនុស្សគ្រប់គ្នាដែលកំពុងមើលនោះថាអង្គការអូតង់សាមគ្គីជាមួយអ៊ុយក្រែន»។
លោក Rutte បាននិយាយទៀតថា លោកនិងលោកប្រធានាធិបតី Zelenskyy បានពិភាក្សាអំពីផ្នែកមួយចំនួនដែលអ៊ុយក្រែនត្រូវការជំនួយបន្ថែមនិងមធ្យោបាយផ្សេងទៀតដែលសម្ពន្ធមិត្តអូតង់កំពុងធ្វើការដើម្បីបំពេញតម្រូវការទាំងនោះ។
លោកបាននិយាយទៀតថា៖ «អង្គការអូតង់សាមគ្គីជាមួយអ៊ុយក្រែនដើម្បីសន្តិសុខរបស់លោកអ្នកនិងដើម្បីសម្រាប់សន្តិសុខរបស់យើង»។
លោកប្រធានាធិបតី Zelenskyy បាននិយាយទៀតថា លោកបានពិភាក្សាពី«ផែនការជ័យជម្នះ»របស់លោក ហើយបានអំពាវនាវម្តងទៀតដល់សម្ពន្ធមិត្តរបស់អ៊ុយក្រែនដែលផ្តល់អាវុធ ឱ្យអនុញ្ញាតឱ្យអាវុធទាំងនោះអាចត្រូវគេប្រើប្រាស់ដើម្បីវាយប្រហារទីដៅនានាចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
យោធាអ៊ុយក្រែននិងរុស្ស៊ីបានរាយការណ៍រៀងៗខ្លួនកាលពីថ្ងៃព្រហស្បតិ៍ពីការបាញ់ទម្លាក់ចំនួនដ្រូនហោះលើអាកាសដ៏ច្រើន ដែលត្រូវបានប្រើនៅក្នុងការវាយប្រហាររយៈពេលមួយយប់ ដោយភាគីទាំង២បានវាយប្រហារលើតំបន់ជាច្រើននៅក្នុងការវាយសម្រុករបស់ពួកគេ។
ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបំផ្លាញដ្រូនរុស្ស៊ី៧៨គ្រឿងក្នុងចំណោម ១០៥គ្រឿង។ នេះបើតាមកងទ័ពការពារដែនអាកាសអ៊ុយក្រែន។
ការបាញ់ស្កាត់នេះបានកើតមានឡើងនៅពីលើតំបន់ Cherkasy តំបន់ Chernihiv តំបន់ Dnipropetrovsk តំបន់ Ivano-Frankivsk តំបន់ Kharkiv តំបន់ Kherson តំបន់ Khmelnytskyi តំបន់ Kirovohrad តំបន់ Kyiv តំបន់ Odesa តំបន់ Poltava តំបន់ Rivne តំបន់ Sumy តំបន់ Vinnytsiaនិងតំបន់ Zhytomyr៕
វេទិកាបញ្ចេញមតិ