ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា​ការវាយ​ប្រហារ​ដ៏​ប្រល័យ​របស់​រុស្ស៊ី​បាន​ត្រូវចំ​ផ្សារ Kherson


ផ្សែង​ហុយ​ឡើង​អំឡុង​ការវាយប្រហារ​តាម​ដ្រូន​ពី​រុស្ស៊ី​លើ​ទីក្រុងKherson​ ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​២៦ កក្កដា​ ឆ្នាំ២០២៤។
ផ្សែង​ហុយ​ឡើង​អំឡុង​ការវាយប្រហារ​តាម​ដ្រូន​ពី​រុស្ស៊ី​លើ​ទីក្រុងKherson​ ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​២៦ កក្កដា​ ឆ្នាំ២០២៤។

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ការវាយ​ប្រហារ​មួយ​របស់​រុស្ស៊ី​បាន​ត្រូវចំ​ផ្សារ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Kherson ភាគ​ខាង​ត្បូង​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៥នាក់​និង​ធ្វើ​ឱ្យ៣នាក់​ទៀត​រងរបួស។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន២៩គ្រឿង​ក្នុង​ចំណោម​ដ្រូន​ទាំង​អស់៣២គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​នៅ​ក្នុង​ការវាយ​ប្រហារ​រយៈ ពេល​មួយ​យប់​ដែល​ដៅ​លើ​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា​ការបាញ់​ស្ទាក់​បាន​កើត​មាន​ឡើង​នៅ​លើ​តំបន់ Cherkasy, Dnipropetrovsk, Kherson, Kirovohrad, Mykolaiv, Poltavaនិង​តំបន់ Sumy។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​មួយ​គ្រឿង​នៅ​ពី​លើ​តំបន់ Belgorod កាលពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់ពី​ការបាញ់​ទម្លាក់​ដ្រូន៨គ្រឿង​នៅ​ក្នុង​តំបន់​នោះ​រយៈពេល​មួយ​យប់។

អភិបាល​តំបន់ Belgorodបាន​រាយការណ៍​ពី​ការខូចខាត​ដល់​អាគារ​ពាណិជ្ជកម្ម​មួយ​ខ្នង ក៏ប៉ុន្តែ មិន​មាន​មនុស្ស​ស្លាប់​ឬ​រងរបួស​ដោយសារ​ការវាយ​ប្រហារ​ទាំង​នោះ​ទេ។


រុស្ស៊ី​កំពុង​បង្កើន​ការចំណាយ​វិស័យ​ការពារ​ប្រទេស​របស់​ខ្លួន​ជិត៣០ភាគរយ​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​សេចក្តី​ព្រាងច្បាប់​ថវិកា​មួយ​ដែល​ត្រូវ​បាន​បោះពុម្ភ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ។

ថវិកា​ឆ្នាំ២០២៥ផ្តល់​ឱ្យ​យោធា​រុស្ស៊ី​នូវ​ថវិកា​រហូត​ដល់១៤៥ពាន់​លាន​ដុល្លារ ប្រហែល ៣២ពាន់​លាន​ដុល្លារ​ច្រើន​ជាង​ថវិកា​សម្រាប់​យុទ្ធនាការ​នៅ​ឆ្នាំ​នេះ​និងច្រើន​ជាង​រុស្ស៊ី​បាន​ចំណាយ​ចាប់តាំង​ពី​សម័យ​សហភាព​សូវៀត​មក។

ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​ជា​ជម្លោះ​ធំ​បង្អស់​របស់​អឺរ៉ុប​ចាប់​តាំងពី​សង្គ្រាម​លោក​លើក​ទី២មក បាន​ធ្វើ​ឱ្យ​រីងហួត​ធនធាន​របស់​ប្រទេស​ទាំង២៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG