ពួកមន្ត្រីនៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថាការវាយប្រហាររបស់ដ្រូនរុស្ស៊ីបានដៅលើហេដ្ឋារចនាសម្ពន្ធនៅក្នុងទីក្រុង Odesa បានធ្វើឱ្យអ្នកបើកបររថយន្ត Truck ២នាក់រងរបួស។
ការវាយប្រហារនេះជាផ្នែកមួយនៃការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ដែលទាក់ទិននឹងដ្រូន៣២គ្រឿង។ នេះតាមយោធារបស់អ៊ុយក្រែន។
ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន១១គ្រឿង ខណៈដែលដ្រូន ១១គ្រឿងទៀតបានធ្លាក់បណ្តាលមកពីវិធានការប្រឆាំងនឹងអេឡិចត្រូនិក។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់ដ្រូននៅពីលើតំបន់Kirovohrad, Odesa និង Sumy។
ពួកមន្ត្រីក្រុង Sumyបាននិយាយថាការវាយប្រហារនៅទីនោះដៅលើកន្លែងហេដ្ឋារចនាសម្ពន្ធសំខាន់ៗ។
អភិបាលតំបន់ Cherkaskyបាននិយាយនៅលើតេឡេក្រាមថាកម្ទេចបាក់បែកមកពីដ្រូនដែលធ្លាក់នោះបានធ្វើឱ្យដាច់ខ្សែភ្លើង ខណៈដែលអភិបាលតំបន់ Dnipropetrovsk បាននិយាយទៀតថាការវាយប្រហាររបស់រុស្ស៊ីដែលប្រើដ្រូននិងកាំភ្លើងធំបានធ្វើឱ្យខូច ខាតហេដ្ឋារចនាសម្ពន្ធនៅក្នុងតំបន់នោះ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃពុធថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយ ក្រែនចំនួន៦គ្រឿងរយៈពេលមួយយប់ហើយនិងមួយគ្រឿងទៀតកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅពីលើតំបន់ Belgorod ។
អភិបាលតំបន់Belgorod បាននិយាយថាការវាយប្រហារបានកម្ទេចផ្ទះជាច្រើនខ្នងហើយនិងធ្វើឱ្យខូចខាតដំបូលរបស់អាគារកសិកម្ម៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters
វេទិកាបញ្ចេញមតិ