ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ស្វះស្វែង​បង្កើន​ការផលិត​ប្រព័ន្ធ​ការពារ​ប្រទេស​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត


រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោកDmytro Kuleba (ឆ្វេង) ចាប់ដៃជាមួយអគ្គលេខាធិការ​អង្គការ​អូតង់លោក​ Jens Stoltenberg (ស្តាំ) កាលពីថ្ងៃទី​២៩ វិច្ឆិកា​​ ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោកDmytro Kuleba (ឆ្វេង) ចាប់ដៃជាមួយអគ្គលេខាធិការ​អង្គការ​អូតង់លោក​ Jens Stoltenberg (ស្តាំ) កាលពីថ្ងៃទី​២៩ វិច្ឆិកា​​ ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​អំពាវនាវ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ឱ្យ​បង្កើន​ការផលិត​ប្រព័ន្ធ​ការពារ​ប្រទេស​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​កងទ័ព​អ៊ុយក្រែន​មាន​អ្វី​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ប្រយុទ្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី។

ថ្លែង​មុន​ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ព្រុចសែល លោក Kuleba បាន​និយាយ​ថា«មិន​មាន​មូលហេតុ​ដើម្បី​ជឿ​ថា​ប្រទេស​លោក​ខាង​លិច​ខ្វះ​ឆន្ទៈ​នយោបាយ»ដើម្បី​ពង្រីក​សមត្ថភាព​ការផលិត ក៏ប៉ុន្តែ គឺ​ថា​មាន​ការងារ​បច្ចេកទេស​ជា​ច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ដើម្បី​បំពេញ​គោលដៅ​នោះ។

លោក Kuleba បាន​និយាយ​ថា​វា​មិន​មែន​តែ​សន្តិសុខ​របស់​អ៊ុយក្រែន​ទេ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ​ក្នុង​សង្គ្រាម​នោះ ក៏ប៉ុន្តែ ​សន្តិសុខ​និង​សុវត្ថិភាព​នៃ​តំបន់​អឺរ៉ុប​អាត្លង់ទិក​ទាំង​មូល។ លោក​ក៏​បាន​និយាយ​ដែរ​ថា«គ្មាន​អ្វី​ដែល​នឹង​បញ្ឈប់​យើង​ទេ»​នៅពេល​ដែល​អ៊ុយក្រែន​នៅតែ​ផ្តោតលើ​គោលដៅ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​នូវ​បូរណភាព​ដែន​ដី​របស់​យើង។

យោធា​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រុស្ស៊ី​បាន​បាញ់បង្ហោះ​ដ្រូន២១គ្រឿង​និង​កាំជ្រួច​មីស៊ីល៣គ្រាប់​ក្នុង​អំឡុង​នៃ​ការវាយ​ប្រហារ​រយៈពេល​មួយ​យប់។

យោធា​អ៊ុយក្រែន​បាន​និយាយ​ទៀត​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន Shahed ដែល​ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់ចំនួន២១គ្រឿង​ដែល​បាន​ហោះ​ឆ្ពោះ​ទៅកាន់​តំបន់ Khmelnitskyi ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​លិច។

កងទ័ព​អ៊ុយក្រែន​ក៏​បាន​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល៣គ្រាប់ ខណៈដែល​កាំជ្រួច​មីស៊ីល​ទី៣​មិន​បាន​ទៅដល់​គោលដៅ​របស់​ខ្លួន។

មិន​មាន​សេចក្តីរាយការណ៍​ពី​ការខូចខាត​ឬ​មនុស្ស​ស្លាប់​និង​រងរបួស​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AFPនិង Reuters

XS
SM
MD
LG