រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បាននិយាយកាលពីថ្ងៃសុក្រទី២៤វិច្ឆិកាថាកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនសំខាន់ណាស់អំពីបញ្ហាមួយដែលធ្វើឱ្យចិនខ្វែងគំនិតជាមួយប្រទេសជាច្រើននៅអឺរ៉ុប គឺការបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
លោកស្រី Catherine Colonna បានលើកទឹកចិត្តប្រទេសចិនឱ្យបន្តធ្វើការអំពីសំណើសន្តិភាពក្នុងអ៊ុយក្រែនរបស់ផងខ្លួននៅពេលធ្វើឱ្យប្រាកដដែរថាអង្គភាពចិនមិនជួយរុស្ស៊ីក្នុងអ្វីដែលលោកស្រីបានហៅថា«សង្គ្រាមឈ្លានពានកំពុងមានធ្វើក្នុងប្រទេសអ៊ុយក្រែន»ដែលជាពាក្យពេចន៍ភាគីចិនមិនយល់ស្របជាមួយ។
លោកស្រីបានមានប្រសាសន៍នៅក្រោយកិច្ចចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yiថា៖«ម្តងទៀត ប្រទេសបារាំងគូសបញ្ជាក់អំពីថាតើកិច្ចសហការរបស់ខ្លួនជាមួយប្រទេសចិនមានសារៈសំខាន់បែបណាសម្រាប់ឧបត្ថម្ភផ្ចុងផ្តើមសន្តិភាពដ៏យុត្តិធម៌និងជាប់លាប់។ យើងជឿលើការប្រុងប្រយ័ត្នរបស់អាជ្ញាធរចិនដើម្បីធ្វើកុំឱ្យអង្គភាពក្នុងប្រទេសចិន ជាពិសេសក្រុមហ៊ុនឯកជន រួមចំណែកដោយផ្ទាល់ឬមិនដោយផ្ទាល់ដល់ការប្រឹងប្រែងធ្វើសង្គ្រាមខុសច្បាប់បស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន»។
ជំនួបរបស់លោកស្រីនៅក្នុងក្រុងប៉េកាំងគូសបញ្ជាក់ការប្រឹងប្រែងដោយភាគីទាំងពីរដើម្បីបន្តការសន្ទនាគ្នាទោះជាមានការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ អំពីសង្គ្រាមអ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ឬឱនភាពពាណិជ្ជកម្មខ្លាំងរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនក៏ដោយ។ កិច្ចចរចាទាំងនេះបញ្ជាក់អំពីការប្រជុំរវាងពួកមេដឹកនាំសហភាពអឺរ៉ុបនិងចិននៅខែក្រោយ។
នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន លោកស្រី Colonnaបាននិយាយថាប្រទេសរបស់អស់លោកគួរធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានានាដូចជាការប្រែប្រួលអាកាសធាតុនិងជីវៈចម្រុះជាដើម។ សន្និសីទអ.ស.ប.ធំមួយអំពីធាតុអាកាសនិងចាប់ផ្តើមប្រជុំនៅសប្តាហ៍ក្រោយក្នុងក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោកស្រីបានថ្លែងថា៖«ជាប្រទេសមហាអំណាច ប្រទេសយើងទាំងពីរមានការទទួលខុសត្រូវដូចគ្នាដើម្បីដោះស្រាយបញ្ហាឧបសគ្គសាកល...ហើយយើងអាចប្រឹងប្រែងជាមួយគ្នាក្នុងការបន្ធូរបន្ថយភាពតានតឹងនៅទូទាំងពិភពលោក»។
ប្រទេសចិនបានរិះគន់ការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការរកជំនួយពីសម្ព័ន្ធមិត្តខ្លួន មានរួមទាំងពួកប្រទេសនៅអឺរ៉ុបផងដែរ ក្នុងការប្រកួតប្រជែងរបស់ខ្លួនជាមួយប្រទេសចិនអំពីពាណិជ្ជកម្ម បច្ចេកវិទ្យានិងសន្តិសុខ។ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបង្កើតក្រុមផ្សេងៗដើម្បីទប់ទល់នឹងការអភិវឌ្ឍន៍និងការលេចឡើងនៃប្រទេសចិនផងដែរ។
លោក Wang បានព្រមានអំពីការធ្វើឱ្យបញ្ហាទាំងឡាយក្លាយជានយោបាយនិងអំពីការការពារផលិតកម្មក្នុងប្រទេស។ សហភាពអឺរ៉ុបបានប្រកាន់គោលជំហរតឹងរ៉ឹងជាងមុនអំពីប្រទេសចិន ដោយបើកការស៊ើបអង្កេតអំពីការផ្តល់ប្រាក់ជំនួយដល់ក្រុមហ៊ុនផលិតយានយន្តអគ្គិសនីចិន។
លោក Wang បានថ្លែងថា៖«យើងមានជំនឿថាដរាបណាចិននិងអឺរ៉ុបធ្វើការជាមួយគ្នា នឹងមិនមានការប្រឈមដាក់គ្នារវាងក្រុមនានាទេ គ្មានការបែកបាក់គ្នានៃពិភពលោកទេនិងមិនមានសង្គ្រាមត្រជាក់ឡើយ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ទីក្រុងប៉េកាំង —