ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​អូតង់​មាន​ជំនឿ​ថា​​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​​អ៊ុយក្រែន


អគ្គលេខាធិការ​អង្គការ​អូតង់​​លោក​ Jens Stoltenberg ​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក​ Antony Blinken នៅទីក្រុង​ព្រុចសែល​កាលពីថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ២០២៣
អគ្គលេខាធិការ​អង្គការ​អូតង់​​លោក​ Jens Stoltenberg ​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក​ Antony Blinken នៅទីក្រុង​ព្រុចសែល​កាលពីថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ២០២៣

អគ្គលេខាធិការ​អង្គការ​អូតង់លោក​ Jens Stoltenberg បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​មាន​ជំនឿ​ចិត្ត​ថា​ សហរដ្ឋ​អាមេរិកនឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​ជា​បន្ត​ទៀត បើ​ទោះ​បីជា​មានការ​មិន​ស្រុះស្រួលគ្នា​រវាង​ក្រុមសមាជិក​សភា​សហរដ្ឋ​អាមេរិក ពីការ​អនុម័ត​យល់​ព្រមលើ​ថវិកា​បន្ថែម​ទៀត​ដល់ការ​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​យ៉ាង​ណាក្តី។​ ​

ថ្លែង​បា្រប់​ក្រុមអ្នក​សារព័ត៌មាននៅ​មុន​ពេល​ចាប់ផ្តើមកិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ ជា​មួយ​ក្រុម​រដ្ឋមន្តី​ការបរទេសនៃ​ប្រទេស​សមាជិក​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​ លោក Stoltenberg បាន​សរសើរ​ដល់​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​គាំទ្រ​ផ្នែក​យោធា​មិន​ធ្លាប់​មាន​ពី​មុនមក​របស់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់ ដែល​បាន​ធ្វើ​ចំពោះអ៊ុយក្រែន​ ដើម្បី​ឆ្លើយ​តបទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​

លោកថ្លែង​ថា៖​ «ការ​ប្រឈម​នៅ​ពេល​នេះ​គឺ​ថា យើង​ត្រូវ​ការ​គាំទ្រដែល​មាន​ចីរភាព»។
លោក​ក៏​បាន​ហៅ​ការ​ជួយ​គាំទ្រ​ដល់​អ៊ុយក្រែន​ថា​ជា​កាតព្វកិច្ច​របស់​អង្គការ​អូតង់​ និង​បាន​និយាយ​ថា​ ជ័យ​ជម្នះ​របស់រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន ​គឺនឹង​នាំ​មកទាំង​សោកនាដកម្ម​ដល់​អ៊ុយក្រែន និង​គ្រោះថ្នាក់ដល់ប្រទេស​សមាជិករបស់​អង្គការ​អូតង់​ផង​ដែរ។​ ​

លោក ​Stoltenberg​ មាន​កំណត់​នឹង​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក​ Antony Blinken មុន​ជំនួប​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេសនេះ​ចាប់ផ្តើម។​

មន្រ្តី​ជាន់​ខ្ពស់​មួយ​រូបនៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​មុន​កិច្ចប្រជុំ​របស់​អង្គការ​អូតង់​ថា សហរដ្ឋ​អាមេរិកនឹង​ចូលរួម​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់​ដទៃ​ទៀត​ ​ក្នុង​ការ​បន្ត​ការ​តាំងចិត្ត​យ៉ាងរឹងមាំ​ ដើម្បី​ជួយ​ដល់​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​ ​

ទន្ទឹម​នឹង​នេះ​ដែរ​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ លោក Blinken ​ក៏​នឹង​ដឹកនាំគណៈប្រតិភូ​អាមេរិក​ទៅ​កាន់​ប្រទេស​ម៉ាសេដ្វាន (Macedonia)​ ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ផង​ដែរ​ ​ដែល​នឹង​រៀប​ចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ពី​អង្គការសម្រាប់​កិច្ចសហ​ប្រតិបត្តិការ​និង​សន្តិសុខក្នុង​តំបន់​អឺរ៉ុប​ឬ OSCE នៅក្នុង​រដ្ឋធានី​ស្កុបជេ​របស់​ប្រទេស​នេះ​ ​ក្នុង​សប្តាហ៍​នេះដែរ។​

សហរដ្ឋ​អាមេរិក​ នឹងរៀប​ចំ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​១១​ខែ​កក្កដា​ ឆ្នាំ​២០២៤​ខាង​មុខ។ ​ ​

រីឯ​ប្រទេស​អ៊ីរ៉ង់​វិញ​បាន​ថ្លែង​ថា​ខ្លួន​បានរៀបចំ​រួចរាល់សម្រាប់ទទួល​យក​យន្តហោះ​ចម្បាំង Sukhoi SU-35 ដែល​ផលិត​នៅ​រុស្ស៊ី​និង​ឧទ្ធម្ភាគចក្រ ស្រប​ពេល​ដែល​អ៊ីរ៉ង់​និង​រុស្ស៊ី​បង្កើត​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាង​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីរ៉ង់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Tasnim នៅ​ថ្ងៃ​អង្គារ​នេះ។

កងទ័ព​ជើង​អាកាស​អ៊ីរ៉ង់​មាន​យន្តហោះ​ចម្បាំង​តែ​ប៉ុន្មាន​សិប​គ្រឿង​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង​ដែល​ផលិត​នៅ​រុស្ស៊ី​និង​យន្តហោះ​ចម្បាំង​ប្រភេទ​ចាស់​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ដែល​ខ្លួន​ទទួល​បាន​មុន​សម័យ​បដិវត្តន៍​ឥស្លាម​ឆ្នាំ ១៩៧៩ ផង​ដែរ។

អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីរ៉ង់​លោក Mehdi Farahi បាន​និយាយ​ថា៖ «ផែនការ​ត្រូវ​បាន​រៀបចំ​រួច​រាល់​សម្រាប់​យន្តហោះ​ចម្បាំង Sukhoi Su-35 ឧទ្ធម្ភាគចក្រ​ចម្បាំង Mil Mi-28 និង​យន្តហោះ​ហ្វឹកហាត់ Yak-130 នៅ​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុងកងកម្លាំងប្រយុទ្ធ​របស់​កងទ័ព​អ៊ីរ៉ង់»។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Tasnim មិន​បាន​លើកឡើង​អំពី​ការ​បញ្ជាក់​អះអាង​ណា​មួយ​ពី​ភាគី​រុស្ស៊ី​រឿង​កិច្ច​ព្រមព្រៀង​នេះ​ទេ។

នៅ​ក្នុង​ស្ថានការណ៍​វិវត្តន៍​ដាច់​ដោយ​ឡែក​ពី​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi នឹង​មិន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​អង់ការ៉ា​នៃ​ប្រទេស​តួកគី​នៅ​ថ្ងៃ​អង្គារ​នេះ​ដូច​ដែល​បាន​ប្រកាស​ពី​មុន​នោះ ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​តួកគី​ចំពោះ​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដោយ​មិន​មាន​ផ្ដល់​មូលហេតុ​ណា​មួយ។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ប្រកាស​កាលពី​ដើម​ខែ​នេះ ដោយ​លោក​បាន​និយាយ​ថា លោក​នឹង​លោក Raisi នឹង​ផ្ដោត​លើ​ការ​បង្កើត​ការ​ឆ្លើយតប​រួម​គ្នា​ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas)៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters

XS
SM
MD
LG