ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​៤​នាក់​នៅ​តំបន់​​កៀវ


អគារ​នេះឆេះ​ដោយសារ​ការ​វាយប្រហារ​ដោយ​ដ្រូន​ ក្នុង​អំឡុងពេល​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ក្នុង​ក្រុង Rzhyshchiv តំបន់​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
អគារ​នេះឆេះ​ដោយសារ​ការ​វាយប្រហារ​ដោយ​ដ្រូន​ ក្នុង​អំឡុងពេល​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ក្នុង​ក្រុង Rzhyshchiv តំបន់​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

អាជ្ញាធរ​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​កាលពី​យប់​ថ្ងៃ​អង្គារ​បាន​សម្លាប់​មនុស្ស​៤​នាក់​នៅ​ក្នុង​តំបន់​កៀវ។

ទីភ្នាក់ងារ​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ​បាន​កើតឡើង​ចំ​សាលារៀន​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Rzhyshchiv ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៦០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​កៀវ ដោយ​ធ្វើ​ខូចខាត​ដល់​អគារ​អន្តេវាសិកដ្ឋានរបស់​សិស្ស​ពីរ​ខ្នង​និង​អគារ​អប់រំ​មួយ​ខ្នង។

ការវាយ​ប្រហារ​ជាច្រើន​នៅថ្ងៃពុធ​នេះបាន​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ចាក​ចេញ​ពី​រដ្ឋធានីកៀវ​ក្រោយពី​បង្ហាញ​ការគាំទ្រ​ដល់​អ៊ុយក្រែន​ហើយ​នៅពេល​ដែល​មេដឹកនាំ​ចិន​លោក Xi Jinping ​បាន​ចាកចេញ​ពី​ទីក្រុង​មូស្គូ ​ជា​កន្លែង​ដែល​សំណើ​របស់​លោក​សម្រាប់​ការបញ្ចប់​សង្រ្គាម​ហាក់ដូចជាមិន​អាច​ដំណើរការ​ទៅ​បាន​ទេ​។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ Twitter ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើក​នេះ​រួម​មាន​ការ​ប្រើ «ដ្រូន​ពិឃាដ​របស់​អ៊ីរ៉ង់ ​២០ គ្រឿង​ មីស៊ីល ​និង​ការ​បាញ់​ផ្លោង​ជា​ច្រើន​ដង​ផងដែរ»។

លោក Zelenskyy ​បាន​និយាយ​ថា៖ «រាល់​ពេល​ដែល​នរណា​ម្នាក់​ឮ​ពាក្យ «សន្តិភាព» នៅ​ទីក្រុង​មូស្គូ គេ​ឃើញ​មាន​ការ​បញ្ជា​ពី​ទីនោះ​ឱ្យ​មាន​ការ​វាយ​ប្រហារ​បែប​ឧក្រិដ្ឋ​ដូច​នេះ»។

មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​បញ្ជាក់​ថា ជោគជ័យ​របស់​កងទ័ព​អ៊ុយក្រែន «នឹង​ធ្វើ​ឱ្យ​សន្តិភាព​កាន់តែ​ខិត​ជិត​ចូល​មក​ដល់» ហើយ​ស្រប​ពេល​នោះ​ដែរ លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​ជា​សាកល​និង​ការ​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​សរសើរ​សំណើ​ផែនការ​សន្តិភាព​របស់​ចិន នៅ​ពេល​ដែល​លោក​ទទួល​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping។ ខណៈ​ពេល​នោះ​ដែរ លោក Putin បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​របស់​លោក​ថា​អ៊ុយក្រែន​និង​ដៃគូ​បស្ចិម​ប្រទេស​របស់​ខ្លួន​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ចូលរួម​ចរចា​សន្តិភាព​នោះ​ទេ។

លោក Zelenskyy ធ្លាប់​បាន​និយាយ​ថា ការ​ចរចា​សន្តិភាព​អាច​កើត​មាន​ឡើង​នៅ​ពេល​ណា​ដែល​រុស្ស៊ី​បាន​ដក​កងទ័ព​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​ដែនដី​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ៕



ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG