ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា​ការ​ប្រយុទ្ធ​នៅ​ទីក្រុង Bakhmut កាន់តែ​ពិបាក​ជាង​មុន


ទាហាន​អ៊ុយក្រែន​ឈរ​នៅ​ជិត​រថក្រោះ​មួយ​គ្រឿង​ក្នុង​ក្រុង Bakhmut នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ទាហាន​អ៊ុយក្រែន​ឈរ​នៅ​ជិត​រថក្រោះ​មួយ​គ្រឿង​ក្នុង​ក្រុង Bakhmut នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រី​យោធា​អ៊ុយក្រែន​មួយ​រូប​បាន​រៀបរាប់​អំពី​ស្ថានការណ៍​នៅ​ជុំវិញ​ទីក្រុង Bakhmut ថា​មាន «ភាព​តានតឹង​ខ្លាំង​បំផុត» នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​បាន​លើកឡើង​ពី​តំបន់​មួយ​ដែល​ជា​កន្លែង​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​រវាង​កងទ័ព​អ៊ុយក្រែន​និង​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ខេត្ត Donetsk នៃ​ប្រទេស​អ៊ុយក្រែន។

លោក Oleksandr Syrskyi មេបញ្ជាការ​កងទ័ព​ជើង​គោក​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អនឡាញ​ថា៖ «ទោះបីជា​ខូចខាត​កម្លាំងច្រើន​គួរសម​ក៏ដោយ ក៏​សត្រូវ​បាន​បញ្ជូន​កង​វាយ​ប្រហារ Wagner របស់​ខ្លួន​ដែល​មាន​ការ​ហ្វឹកហាត់​បាន​ល្អ​ទៅ​ព្យាយាម​បំបែក​ការ​ការពារ​របស់​កងទ័ព​របស់​យើង​និង​ហ៊ុំព័ទ្ធ​ទីក្រុង»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង Bakhmut «គឺ​កាន់តែ​ស្មុគស្មាញ​ទៅៗ»។

លោក​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​កំពុង «បំផ្លាញ​ដោយ​មិន​បង្អង់​ដៃ​នូវ​អ្វីៗ​ដែល​អាច​ប្រើ​បាន​ដើម្បី​ការពារ​ទីតាំង​របស់​យើង»។

រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីក្រុង Bakhmut ផង​ដែរ។ ទីក្រុង​ដែល​រង​ការ​ខូចខាត​នេះ​ពី​មុន​ធ្លាប់​មាន​ប្រជាជន​ប្រហែល ៧៥.០០០ នាក់​រស់នៅ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា កងទ័ព​រុស្ស៊ី​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​មួយ​ចំនួន​ពី​ភាគ​ខាង​ជើង​និង​ខាង​ត្បូង នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ហ៊ុំព័ទ្ធ​ទីក្រុង Bakhmut និង​កាត់ផ្ដាច់​មិន​ឱ្យ​មាន​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង​នោះ៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG