នៅថ្ងៃចន្ទនេះ ប្រទេសអ៊ុយក្រែនបានបន្តជំរុញសម្ព័ន្ធមិត្តនានាឱ្យផ្គត់ផ្គង់យន្តហោះចម្បាំងដល់កងទ័ពរបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិកបានវាយតម្លៃកាលពីលើកចុងក្រោយបង្អស់ថាការផ្ដល់យន្តហោះចម្បាំង F-16 របស់ខ្លួនដល់អ៊ុយក្រែននៅពេលនេះគឺមិនទាន់ទំនងក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរនៅលើ Twitter ថា៖ «ការពិភាក្សាណាមួយអំពីការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធថ្មីដ៏សំខាន់ណាមួយគឺចាប់ផ្ដើមជាមួយនឹងពាក្យថា «មិនយល់ព្រម» និងបញ្ចប់ជាមួយនឹងពាក្យថា «យល់ព្រម»។ កាលពីឆ្នាំមុន យើងបានដោះស្រាយការសម្រេចចិត្តនយោបាយលើអាវុធដ៏សំខាន់ចំនួន ៦ ប្រភេទក្នុងចំណោម ៧ ប្រភេទ។ អាវុធតែមួយប្រភេទដែលនៅសល់នោះគឺយន្តហោះចម្បាំង»។
លោក Kuleba បាននិយាយបញ្ឆិតបញ្ឆៀងដល់ភាពស្ទាក់ស្ទើរកាលពីលើកមុននៅក្នុងការបញ្ជូនរថក្រោះនិងជំនួយយោធាផ្សេងទៀតដល់អ៊ុយក្រែនថា ដៃគូរបស់ខ្លួននៅទីបំផុតបានសម្រេចចិត្តផ្ដល់ឱ្យខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ ABC News ថា ទាក់ទិននឹងសំណួរអំពីការផ្ដល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន លោក «ដកវាចេញនៅពេលឥឡូវនេះ»។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានបញ្ជាក់ក្នុងកម្មវិធី «Meet the Press» របស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យថា មេបញ្ជាការយោធាសហរដ្ឋអាមេរិកជឿថាអ្វីដែលអ៊ុយក្រែនត្រូវការនៅពេលឥឡូវនេះគឺ «រថក្រោះ រថពាសដែកដឹកកងទ័ព រថពាសដែកប្រយុទ្ធទ័ពថ្មើរជើង កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសនៅសមរភូមិជួរមុខ»។
លោក Sullivan បាននិយាយថា៖ «ដំណាក់កាលនេះគឺអំពីការប្រយុទ្ធតាមផ្លូវគោកនិងការមានលទ្ធភាពមានអាវុធនៅក្នុងដៃរបស់កងទ័ពអ៊ុយក្រែនដើម្បីដណ្ដើមយកដែនដីដែលរុស្ស៊ីកំពុងកាន់កាប់មកវិញ»។
លោកក៏បាននិយាយផងដែរថា សម្ព័ន្ធមិត្តកំពុងផ្ដល់ដល់អ៊ុយក្រែននូវគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង MiG-29 និងយន្តហោះចម្បាំង SU-27 សម័យសូវៀត ដែលអ្នកបើកយន្តហោះអ៊ុយក្រែនប្រើជារៀងរាល់ថ្ងៃ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។