ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹងសម្រេចឱ្យបាននូវ «គោលបំណង» ទាំងអស់របស់លោកនៅអ៊ុយក្រែន និងបានប្រារព្វខួប ២ ឆ្នាំនៃការច្បាមយកតំបន់ ៤ របស់អ៊ុយក្រែន ស្របពេលដែលកងទ័ពរបស់លោកអះអាងថាពួកគេបានរុលទៅមុខទៀតនៅក្នុងសង្គ្រាមនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
កងទ័ពរុស្ស៊ីបានក្តោបក្តាប់ទីប្រជុំជននិងភូមិអ៊ុយក្រែនរាប់សិបនៅឆ្នាំនេះ ទោះបីជាកងទ័ពអ៊ុយក្រែនបានវាយបកឆ្លងព្រំដែនចូលទៅក្នុងទឹកដីរុស្ស៊ីក៏ដោយ។
លោក Putin បានថ្លែងសារជាវីដេអូថា៖ «ការពិតគឺនៅខាងពួកយើង។ គោលបំណងទាំងអស់ដែលបានកំណត់នឹងសម្រេចបាន»។ លោក Putin បានថ្លែងដូច្នេះនៅក្នុងសុន្ទរកថាប្រារព្ធនូវអ្វីដែលលោកហៅថា «ទិវាបង្រួបបង្រួមឡើងវិញ» ពេលរុស្ស៊ីភ្ជាប់តំបន់ ៤ នៅប៉ែកខាងត្បូងនិងខាងកើតរបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៊ីនៅឆ្នាំ ២០២២។
លោក Putin ក៏បានពន្យល់ហេតុផលឡើងវិញផងដែរចំពោះការបញ្ចូនកងទ័ពរុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថាលោកការពារអ្នកនិយាយភាសារុស្ស៊ីទប់ទល់នឹង «របបផ្តាច់ការណាហ្ស៊ីបែបថ្មី» ដែលមានបំណង «កាត់ផ្តាច់អ្នកនិយាយភាសារុស្ស៊ីទាំងនោះជារៀងរហូតពីរុស្ស៊ី ដែលជាមាតុភូមិប្រវត្តិសាស្ត្ររបស់ពួកគេ»។
រុស្ស៊ីបានអះអាងថាខ្លួនបានភ្ជាប់យកតំបន់ Lugansk តំបន់ Donetsk តំបន់ Zaporizhzhia និងតំបន់ Kherson របស់អ៊ុយក្រែននៅខែកញ្ញាឆ្នាំ ២០២២ តែរុស្ស៊ីមិនបានត្រួតត្រាទាំងស្រុងលើតំបន់ណាមួយក្នុងចំណោមតំបន់ទាំង ៤ នេះទេ៕
វេទិកាបញ្ចេញមតិ