ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ពិភាក្សា​ជាមួយ​លោក Zelenskyy ដោយ​សន្យា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន


បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតី លោក Donald Trump ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅ Trump Tower ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងទីក្រុងញូវយ៉ក។
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតី លោក Donald Trump ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅ Trump Tower ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងទីក្រុងញូវយ៉ក។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​នឹង​ធ្វើការ​ជាមួយ​ទាំង​អ៊ុយក្រែន​ផង​និង​រុស្ស៊ី​ផង​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​ឈរ​ជិត​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មុន​ជំនួប​របស់​លោក​ទាំងពីរ​នៅក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Zelenskyy បាន​ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​អគារ Trump Tower ថា លោក​ចង់​ពិភាក្សា​ជាមួយ​នឹង​លោក Trump អំពី «ផែនការ​ជ័យជម្នះ» សម្រាប់​ប្រទេស​អ៊ុយក្រែន។

លោក Trump បាន​សរសើរ​លោក Zelenskyy ប៉ុន្តែ​បាន​បញ្ជាក់​ថា លោក​ក៏​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ផងដែរ។

លោក Trump បាន​និយាយ​ថា៖ «យើង​មាន​ទំនាក់ទំនង​ដ៏​ល្អ​បំផុត [ជាមួយ​លោក Zelenskyy] ហើយ​ដូច​ដែល​អ្នក​ដឹង​ហើយ ខ្ញុំ​ក៏​មាន​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​ជាមួយ​នឹង​លោក Putin ផងដែរ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ប្រសិនបើ​យើង​ឈ្នះ [ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក] យើង​នឹង​ដោះស្រាយ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​យ៉ាង​ឆាប់»។

ជំនួប​របស់​លោក Trump ជាមួយ​នឹង​លោក Zelenskyy នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Trump បាន​រិះគន់​លោក Zelenskyy នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​អ៊ុយក្រែន​ប្រហែល​ជា​មិន​អាច​ឈ្នះ​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី​នេះ​បានទេ។

លោក Zelenskyy ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris កាលពី​ថ្ងៃ​ព្រហស្បតិ៍៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG