ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា ការវាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន​ប៉ះ​ចំ​កន្លែង​ផលិត​និង​ជួសជុល​នាវា​នៅ​តំបន់ Crimea


អភិបាលក្រុង Sevastopol លោក Mikhail Razvozhaev កំពុង​និយាយ​តាម​ទូរស័ព្ទ ខណៈ​ដែល​មាន​ផ្សែង​និង​អណ្តាតភ្លើង​ចេញពី​កន្លែង​ផលិត​នាវា​​ដែលកំពុងឆេះនៅ​តំបន់ Crimea។ រូបថត​នេះ ត្រូវ​បាន​បង្ហោះ​លើទំព័រ​បណ្តាញ​សង្គម Telegram របស់​លោក Razvozhaev នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
អភិបាលក្រុង Sevastopol លោក Mikhail Razvozhaev កំពុង​និយាយ​តាម​ទូរស័ព្ទ ខណៈ​ដែល​មាន​ផ្សែង​និង​អណ្តាតភ្លើង​ចេញពី​កន្លែង​ផលិត​នាវា​​ដែលកំពុងឆេះនៅ​តំបន់ Crimea។ រូបថត​នេះ ត្រូវ​បាន​បង្ហោះ​លើទំព័រ​បណ្តាញ​សង្គម Telegram របស់​លោក Razvozhaev នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

មន្ត្រី​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន​បាន​ប៉ះ​ចំ​កន្លែង​ផលិត​និង​ជួសជុល​នាវា​មួយ​កន្លែង​នៅ​ក្នុង​តំបន់ Crimea។

លោក Mikhail Razvozhayev ដែល​ជា​អភិបាល​តែងតាំង​ដោយ​រុស្ស៊ី​នៃ​ទីក្រុង​កំពង់ផែ Sevastopol បាន​បង្ហោះ​រូបភាព​មួយ​នៅ​លើ Telegram ដោយ​បង្ហាញ​ឱ្យ​ឃើញ​ភ្លើង​ឆេះ​និង​ផ្សែង​នៅ​កន្លែង​ផលិត​និង​ជួសជុល​នាវា​នោះ និង​បាន​និយាយ​ថា មនុស្ស ២៤ នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា អ៊ុយក្រែន​បាន​វាយ​ប្រហារ​សំដៅ​កន្លែង​ផលិត​និង​ជួសជុលនាវា​នោះ​ដោយ​ប្រើ​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​ចំនួន ១០ គ្រាប់​និង​នាវា​គ្មាន​មនុស្ស​បើក​ចំនួន ៣ គ្រឿង និង​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បំផ្លាញ​មីស៊ីល ៧ គ្រាប់​ក្នុង​ចំណោម​នោះ​និង​នាវា​គ្មាន​មនុស្ស​បើក​ទាំង ៣ គ្រឿង។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឱ្យ​ខូចខាតនាវា​ពីរ​គ្រឿង​ដែល​កំពុង​ជួសជុល។

នៅ​ក្នុង​តំបន់ Odesa ប្រទេស​អ៊ុយក្រែន មន្ត្រី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​បំផ្លាញ​កំពង់ផែ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Izmail។
លោក Oleh Kiper អភិបាល​តំបន់ Odesa បាន​បញ្ជាក់​តាម Telegram ថា មនុស្ស ៦ នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។

ទីក្រុង Izmail បាន​ក្លាយជា​គោលដៅ​វាយ​ប្រហារ​ជា​ញឹកញាប់​របស់​រុស្ស៊ី​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ កំពង់ផែ​នៅ​ទីនោះ​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​នាំចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន​តាម​ដង​ទន្លេ Danube។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​វាយ​ប្រហារ​ដូច​នេះ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ត្រូវតែ​បញ្ឈប់៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG