ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា ​ខ្លួន​បាន​កម្ចាត់​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​បាញ់​ចេញ​ពី​រុស្ស៊ី​កាលពី​ពេល​យប់


ពលរដ្ឋអ៊ុយក្រែនអ្នកស្រី Kateryna ឈរក្នុងបន្ទប់ដែលរងការខូចខាតដោយសារការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២។
ពលរដ្ឋអ៊ុយក្រែនអ្នកស្រី Kateryna ឈរក្នុងបន្ទប់ដែលរងការខូចខាតដោយសារការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២។

កងទ័ព​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ខ្លួន​បាន​កម្ចាត់​ការវាយ​ប្រហារ​ដោយ​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកកាលពីពេល​យប់​មក​លើ​ប្រទេស​ខ្លួន​ រួមទាំង​រដ្ឋធានី​កៀវ​ផង​ដែរ​ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​រុស្ស៊ី​បានវាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ជា​ហ្វូង​លើ​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កងទ័ព​អាកាស​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​លើ​បណ្តាញ​សង្គម​ថា៖ «កាលពី​យប់​ថ្ងៃ​ទី ២៩ និងទី​ ៣០ ខែ​ធ្នូ​នេះ សត្រូវ​បាន​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន​ដោយ​ប្រើ​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​ប្រភេទ Kamikaze ដែល​ផលិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា យន្តហោះដ្រូន​គ្មាន​មនុស្ស​បើកទាំង​អស់​ចំនួន ១៦ គ្រឿង​ ដែល​បាន​បង្ហោះ​ចេញពី​ទិស​ភាគ​អាគ្នេយ៍​និង​ខាង​ជើង​ ហើយ​យន្តហោះគ្មាន​មនុស្ស​បើក​ទាំង​អស់​នោះ​ ត្រូវ​បាន​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន។

នៅ​ក្នុង​រដ្ឋធានី​កៀវ ក្រុម​អាជ្ញាធរ​ក្រុង​បាន​ប្រកាស​ភាព​អាសន្ន​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ម៉ោង ២:១២ព្រឹក​ ម៉ោងក្នុង​ស្រុក​ដែល​មាន​រយៈពេល ២ ម៉ោង។

អភិបាល​ក្រុង​លោក Vitali Klitschko បាន​និយាយ​ក្រោយ​មក​ថា រដ្ឋធានី​ត្រូវ​បាន​រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកចំនួន ៧ គ្រឿង។ ដ្រូន ២ គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​នៅពេល​ហោះ​ជិត​ទីក្រុង ​ហើយ​ ៥ គ្រឿង​ទៀត​បាន​ហោះ​ពី​លើ​ទីក្រុង។

លោក​បាន​បន្ថែម​ទៀត​ថា មិន​មាន​មនុស្ស​ស្លាប់​ឬ​រងរបួស​ទេ ក៏ប៉ុន្តែ​ការ​បាញ់​កម្ទេច​បាក់បែក​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ​បាន​ធ្វើ​ឱ្យ​ខូច​បង្អូច​របស់​អគារ ២ នៅ​ក្នុង​សង្កាត់​ភាគ​និរតី។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ការផ្ទុះ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រួមទាំង​រដ្ឋធានី​កៀវ​និង​ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំទី ២ នៅ​ភាគ​ខាង​កើត​និង​ទីក្រុង Lviv នៅភាគ​ខាង​លិច​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​ផង​ដែរ។

កងទ័ព​អ៊ុយក្រែន​បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​កាំជ្រួច​មីស៊ីល Cruise ចំនួន ៦៩ គ្រាប់ ដែល​ក្នុង​នោះ​កាំជ្រួចចំនួន ៥៤ គ្រាប់​ ត្រូវ​បាន​បាញ់​ទម្លាក់៕

XS
SM
MD
LG