ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ដៅ​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​ដោយ​ប្រើ​ហ្វូង​កាំជ្រួច


ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ពិនិត្យមើលអគាលំនៅដ្ឋានដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមមីស៊ីលរបស់រុស្ស៊ី នៅជាយក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។
ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ពិនិត្យមើលអគាលំនៅដ្ឋានដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមមីស៊ីលរបស់រុស្ស៊ី នៅជាយក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។

រុស្ស៊ី​បាន​វាយ​ប្រហារ​អ៊ុយក្រែន​ដោយ​ប្រើ​ហ្វូង​កាំជ្រួច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រួមទាំង​កាំជ្រួច​មួយ​ដើម​ដៅ​លើ​រដ្ឋធានី​កៀវ​និង​ទីក្រុង ​Kharkiv​ ផង​ដែរ។

អ្នក​ជំនួយ​ការ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Miykhailo Podolyak បាន​បញ្ជូន​សារ​តាម​ Twitter ថា ​រុស្ស៊ី​បាន​បាញ់​មីស៊ីល​យ៉ាង​តិចណាស់​ ១២០​ ដើម «ដើម្បី​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ និង​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ច្រើន​នាក់»។

ការវាយ​ប្រហារ​នេះ​បាន​បណ្តាល​ឱ្យ​មាន​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយ​ឆ្មក់​តាម​អាកាស​នៅ​ទូទាំង​ប្រទេស​ ហើយ​ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​អាច​បាញ់​ទម្លាក់​មីស៊ីល​ដែល​បាន​បាញ់​ចូល​មក​នោះ។

អភិបាល​ក្រុង Kharkiv ​លោក Ihor Terekhov បាន​រាយ​ការណ៍​ពី​ការ​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​របស់​លោក​ ហើយ​បាន​និយាយ​ថា ក្រុម​អាជ្ញាធរ​បាន​កំណត់​ពី​អ្វី​ដែល​មីស៊ីល​នោះ​បាន​វាយ​ប្រហារ​និង​ថា​តើ​មាន​មនុស្ស​ស្លាប់​ឬ​របួស​ដែរ​ឬ​ទេ។

រុស្ស៊ី​បាន​ប្រើ​មីស៊ីល​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ដៅ​ការ​វាយ​ប្រហារ​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ រួមទាំង​ការ​វាយ​ប្រហារ​ដែល​បាន​កម្ទេច​ទី​តាំង​នៃ​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​ផង​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy​ កំពុង​ផ្សព្វផ្សាយ​ផែនការ​សន្តិភាព​ ១០ ​ចំណុច ​ដែល​អំពាវនាវ​ឱ្យ​រុស្ស៊ីទទួល​ស្គាល់​ទឹកដី​អ៊ុយក្រែន​ ហើយនឹង​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន។

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​ច្រានចោល​សំណើ​នោះ​ជាថ្មី​ទៀត​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ ដោយ​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​ថា អ៊ុយក្រែន​ត្រូវតែ​សុខ​ចិត្ត​ទទួល​ស្គាល់​ទឹកដី​ដែល​រុស្ស៊ី​បាន​ទាម​ទារ​កាលពី​ខែកញ្ញា​ បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​ត្រូវ​បាន​ច្រាន​ចោល​ដោយ​អ៊ុយក្រែន​ ហើយ​ប្រទេស​ភាគ​ច្រើន​ថា​ ជា​ការ​គួរឱ្យ​ខ្មាស​អៀន។​ តំបន់​ចំនួន​ ៤ ​របស់​អ៊ុយក្រែន​នោះ ​រួមមាន​តំបន់​ Luhansk​ និង Donetsk​ នៅ​ភាគ​ខាង​កើត​និង​តំបន់ ​Kherson​ និង​ Zaporizhia​ នៅ​ភាគ​ខាង​ត្បូង។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដែរ ​លោក​ប្រធានាធិបតី ​Zelenskyy​ បាន​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់​សភា​អ៊ុយក្រែន​នៅ​ក្នុង​សម័យ​ប្រជុំ​សម្ងាត់​ដោយ​បាន​ជំរុញ​ឱ្យ​សមាជិក​សភា​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ខណៈ​លោក​សរសើរ​ពលរដ្ឋ​អ៊ុយក្រែន​ចំពោះ​ការ​នាំ​ប្រទេស​លោក​ខាង​លិច​ឱ្យ​គាំទ្រ​ខ្លួន៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយ​ការណ៍​នេះ​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ AP, Reuters និង AFP

XS
SM
MD
LG