រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកមានបំណងចង់ឱ្យមានកិច្ចប្រជុំអំពីសន្តិភាពនៅត្រឹមចុងខែកុម្ភៈខាងមុខ គឺអំឡុងខួប ១ ឆ្នាំនៃសង្គ្រាមឈ្លានពានដោយរុស្ស៊ីនេះ។ ហើយប្រសិនបើអាច លោកចង់ឱ្យកិច្ចប្រជុំនេះធ្វើឡើងនៅឯអង្គការសហប្រជាជាតិដោយមានអគ្គលេខាធិការអង្គការសហប្រជាជាតិធ្វើជាអ្នកសម្របសម្រួល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ប៉ុន្តែ លោក Kuleba បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ប្រទេសរុស្ស៊ីអាចត្រូវបានអញ្ជើញឱ្យមកចូលរួមក្នុងកិច្ចប្រជុំអំពីសន្តិភាពនេះ តែក្នុងករណីដែលប្រទេសនេះប្រឈមនឹងការកាត់ទោសអំពីឧក្រិដ្ឋកម្មសង្គ្រាមជាមុនសិនតែប៉ុណ្ណោះ។
លោក Kuleba ក៏បាននិយាយផងដែរថា៖ «លោកពេញចិត្តយ៉ាងខ្លាំង» ជាមួយនឹងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទៅកាន់សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន។ ហើយលោកបានបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានផែនការពិសេសក្នុងការធ្វើឱ្យប្រព័ន្ធបាញ់មីស៊ីល Patriot មានលក្ខណៈរួចរាល់នៅក្នុងការដំណើរការបាននៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងរយៈពេលតិចជាង ៦ ខែ។ ជាទូទៅ ការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ប្រព័ន្ធនេះចំណាយពេលរហូតដល់ទៅមួយឆ្នាំ។
លោក Kuleba បានលើកឡើងនៅក្នុងអំឡុងពេលកិច្ចសម្ភាសន៍នៅឯក្រសួងការបរទេសអ៊ុយក្រែនថា ប្រទេសអ៊ុយក្រែននឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចធ្វើបានដើម្បីឈ្នះសង្គ្រាមនេះនៅឆ្នាំ ២០២៣ ខាងមុខ ហើយលោកបានបន្ថែមថា ការទូតតែងតែដើរតួនាទីសំខាន់នៅក្នុងរឿងនេះ។
លោកបញ្ជាក់ដូច្នេះថា៖ «គ្រប់សង្គ្រាមទាំងអស់បញ្ចប់តាមវិធីការទូត។ គ្រប់សង្គ្រាមទាំងអស់បញ្ចប់ដោយសារសកម្មភាពដែលធ្វើឡើងនៅសមរភូមិនិងនៅតុចរចា»។
លោក Kuleba និយាយថា រដ្ឋាភិបាលអ៊ុយក្រែនចង់ឱ្យមានកិច្ចប្រជុំអំពីសន្តិភាពនៅត្រឹមចុងខែកុម្ភៈខាងមុខ។
កាលពីថ្ងៃទី ១២ ខែធ្នូ លោក Zelenskyy បាននិយាយថា អ៊ុយក្រែនមានផែនការផ្ដួចផ្ដើមឱ្យមានកិច្ចប្រជុំមួយដើម្បីអនុវត្តរូបមន្តសន្តិភាពរបស់អ៊ុយក្រែននៅឆ្នាំ ២០២៣ ខាងមុខ។
នៅក្នុងសារមួយដែលផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យនៅលើទូរទស្សន៍រដ្ឋរបស់រុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា ប្រទេសរបស់លោកត្រៀមលក្ខណៈរួចរាល់នៅក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ថា អ៊ុយក្រែនគឺជាអ្នកដែលបដិសេធមិនចង់ដើរជំហាននេះ។
បើទោះបីជាលោក Putin បានលើកឡើងដូចនេះក៏ដោយ ក៏កងទ័ពរុស្ស៊ីបានរក្សាការវាយប្រហារលើអ៊ុយក្រែនដដែល ដែលនេះជាសញ្ញាមួយបង្ហាញថា សន្តិភាពគឺមិនអាចកើតមានក្នុងពេលឆាប់ៗខាងមុខនេះទេ៕