ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​ការឆេះ​ដ៏​ធំមួយ​នៅ​ក្នុង​តំបន់ Tver របស់​រុស្ស៊ី


ផ្សែងនិងអណ្តាតភ្លើងកើនឡើងបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុង Toropets តំបន់ Tver ប្រទេសរុស្ស៊ី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ផ្សែងនិងអណ្តាតភ្លើងកើនឡើងបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុង Toropets តំបន់ Tver ប្រទេសរុស្ស៊ី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ការវាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ​ បាន​បណ្តាល​ឱ្យ​មាន​អគ្គីភ័យ​ដ៏​ធំ​មួយ​ ហើយ​បាន​បង្ខំ​ឱ្យ​មានការជម្លៀស​មួយ​ផ្នែក​ នៅ​ក្នុង​តំបន់ Tver របស់​រុស្ស៊ី។

ការវាយ​ប្រហារ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង Toropets ដោយ​ប្រភព​សន្តិសុខ​អ៊ុយក្រែន​និយាយ​ថា​ ដ្រូន​បាន​បំផ្លាញ​ឃ្លាំង​អាវុធ​រុស្ស៊ីដែល​ផ្ទុក​កាំជ្រួច​មីស៊ីល​និង​កាំភ្លើង​ធំ។

លោក Igor Rudenya អភិបាល​តំបន់ Tver មិន​បាន​បញ្ជាក់​ទីកន្លែង​នៃ​អគ្គីភ័យ​នោះ​ទេ ក៏ប៉ុន្តែបាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា ​ស្ថានភាព​នោះ«បាន​ស្ថិត​ក្រោម​ការគ្រប់គ្រង»។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​បាន​កម្ទិចដ្រូន​អ៊ុក្រែន ៥៤គ្រឿង ​ក្នុង​រយៈពេល​មួយ​យប់ រួមមាន ២៧គ្រឿង​នៅ​ពី​លើ​តំបន់ Kursk ១៦គ្រឿង​នៅ​លើ​តំបន់ Bryansk ៧គ្រឿង​នៅ​ពីលើ​តំបន់ Smolensk ៣គ្រឿង​លើ​តំបន់ Belgorod និង​មួយ​គ្រឿង​នៅ​លើ​តំបន់ Oryol។ ពួក​មន្ត្រី​នៅ​ក្នុង​តំបន់​ទាំង​នោះ​មិន​បាន​រាយការណ៍​ពី​ការខូចខាត​ មនុស្ស​ស្លាប់​និង​អ្នករង​របួស​ទេ។

អ៊ុយក្រែន​បាន​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​នៅ​តំបន់​ព្រំដែន​ដូចជា តំបន់ Bryansk, Kursk និ​ង Belgorod។ ការវាយ​ប្រហារ​លើ​តំបន់ Tver ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ មិន​មែន​ជា​ការធម្មតា​ទេ ក៏ប៉ុន្តែ វា​ជា​ឧទាហរណ៍​មួយ​នៃ​អ្វី​ដែល​ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ពួកគេ​ចង់​ធ្វើ​ដូច្នេះ​ដើម្បី​វាយ​ប្រហារ​ហេដ្ឋារចនាសម្ពន្ធ​យោធា​រុស្ស៊ី​ ដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​វាយ​ប្រហារ​អ៊ុយក្រែន។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ការវាយ​ប្រហារ​រយៈពេល​មួយ​យប់នៅពេល​ថ្មីៗនេះ​របស់​រុស្ស៊ី រួមមាន​កាំជ្រួច​មីស៊ីល​នាំ​ផ្លូវ ៣គ្រឿង​ និង​ដ្រូន​ចំនួន ៥២ គ្រឿង។

យោធា​បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន​ ៤៦គ្រឿង​នៃ​ដ្រូន​ទាំង​អស់៥២គ្រឿង ដោយ​ការបាញ់​ស្ទាក់​បាន​ធ្វើ​ឡើង​នៅ​លើ​តំបន់ Cherkasy, Kherson, Kirovohrad, Kyiv, Mykolaiv, Poltava, Sumyនិង​តំបន់ Vinnytsia៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFPនិង Reuters

XS
SM
MD
LG