ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានថា កងទ័ពរុស្ស៊ី នឹងធ្វើកិច្ចប្រតិបត្តិការយោធាដ៏ធំមួយនៅតំបន់ភាគខាងកើតអ៊ុយក្រែន ខណៈដែលលោកថា កងកម្លាំងរបស់លោក កំពុងត្រៀមរួចជាស្រេចហើយ ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ី។
នៅក្នុងសុន្ទកថាតាមវីដេអូប្រចាំរាត្រីកាលពីថ្ងៃអាទិត្យ លោក Zelenskyy បានថ្លែងថា ប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានសារៈសំខាន់ដូចថ្ងៃផ្សេងទៀតដែរនៃសង្គ្រាមដែលមានរយៈពេល៦សប្តាហ៍នេះ។
លោកក៏បាននិយាយផងដែរនៅក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី«60 Minutes» របស់ទូរទស្សន៍ CBS ដែលត្រូវបានចាក់ផ្សាយកាលពីយប់ថ្ងៃអាទិត្យថា ការរស់រានមានជីវិតរបស់អ៊ុយក្រែន អាស្រ័យទៅលើសហរដ្ឋអាមេរិកក្នុងការបង្កើនការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន ហើយថា លោកបានផ្តល់បញ្ជីទៅឲ្យលោកប្រធានាធិបតីអាមេរិកលោក Joe Biden រួចហើយនូវអ្វីដែលអ៊ុយក្រែនត្រូវការ។
លោក Zelenskyy បាននិយាយថា៖ «លោកប្រធានាធិបតី Biden បានទទួលបញ្ជីនោះរួចហើយ ហើយលោក Bidenអាចចូលរួមនៅក្នុងប្រវត្តិសាស្រ្តថា ជាមនុស្សដែលបានប្រគៀកស្មាជាមួយពលរដ្ឋអ៊ុយក្រែនដែលបានឈ្នះ ហើយបានជ្រើសរើសសិទ្ធិដើម្បីឲ្យមានប្រទេសរបស់គេ។ ការណ៍នេះអាស្រ័យទៅលើលោក Biden ផងដែរ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កំពុងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះដើម្បីពិភាក្សាការដាក់ទណ្ឌកម្មជុំថ្មីមួយទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី។
ដោយឡែកនៅទីក្រុងមូស្គូឯណោះវិញ អធិការបរតីនៃប្រទេសអូទ្រីសលោកKarl Nehammer បានជួបជាមួយប្រធាធិបតីរុស្ស៊ីលោក Vladimir Putinដែលនេះជាដំណើរទស្សនកិច្ចលើកទី១របស់មេដឹកនាំនៃប្រទេសក្នុងសហភាពអឺរ៉ុបទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីលោក Putin បើកការឈ្លាន ពានទៅលើប្រទេសអ៊ុយក្រែនចាប់តាំងពីចុងខែកុម្ភៈមក។
ប្រធាធិបតីអាមេរិកលោក Joe Biden ក៏បានធ្វើការពិភាក្សាតាមអនឡាញនៅថ្ងៃចន្ទនេះផងដែរ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi។ ស្របពេលដែលសហរដ្ឋអាមេរិក កំពុងរកវិធីដើម្បីដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ីនោះ ឥណ្ឌា បានរក្សាជំហរអព្យាក្រឹតរបស់ខ្លួនដោយបន្តទិញប្រេងនិងឧស្ម័ន្ធពីរុស្ស៊ីហើយក៏បានបោះឆ្នោតអនុប្បវាទដើម្បីព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក Biden នឹងប្រើប្រាស់ជំនួបនេះដើម្បីពិភាក្សាពីផលវិបាកនានានៃសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ក៏ដូចជាផលប៉ះពាល់នៃអស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់សាកល និងទំនិញទីផ្សារផងដែរ។
ក្រសួងការពារជាតិចក្រភពអង់គ្លេស បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា កងកម្លាំរុស្ស៊ី បានបន្តបាញ់ ផ្លោងដាក់តំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែនហើយកងកម្លាំងរបស់អ៊ុយក្រែន បានធ្វើការវាយប្រហារទប់ទល់វិញ ដែលបណ្តាលឲ្យខូចខាតរថក្រោះ រថយន្តយោធានិងកាំភ្លើងធំ រុស្ស៊ីមួយចំនួន។
ជម្លោះនេះ បានបង្ខំពលរដ្ឋអ៊ុយក្រែនប្រមាណ១ភាគ៤នៃពលរដ្ឋអ៊ុយក្រែនសរុបទាំងអស់ប្រមាណ៤៤លាននាក់ឲ្យរត់គេចចេញពីផ្ទះសម្បែងរបស់ខ្លួនហើយអង្គការសហប្រជាជាតិ បានរាយការណ៍ថា មានជនភៀសខ្លួនអ៊ុយក្រែនប្រមាណជាង៤លាន៥សែននាក់ បានចាកចេញពីប្រទេសរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ ប្រទេសនូវែលសេឡង់នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនកំពុងបញ្ជូនជំនួយបន្ថែមសម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែនដែលក្នុងនោះមានយន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងនិងបុគ្គលិកប្រមាណ៥០នាក់ដើម្បីជួយដឹកឧបករណ៍ទៅកាន់មជ្ឈមណ្ឌលចែកចាយនៅក្នុងប្រទេសអឺរ៉ុបដែលនៅទីនោះជំនួយទាំងនេះ អាចត្រូវដឹកបន្តតាមផ្លូវគោកទៅឲ្យប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់មកពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។