ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ច្រានចោលបទឈប់បាញ់គ្នានឹងរុស្ស៊ីដោយថ្លែងថាក្រុងមូស្គូនឹងយកពេលបង្កើនអាវុធ


ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy ពិភាគ្សា​ជាមួយ​ប្រធានាធិបតី​អេស្តូនីលោក Alar Karis នៅរដ្ឋធានី​តាលីន​នៃ​ប្រទេស​អេស្តូនី កាលពីថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤។ (Raigo Pajula/Office of the President of the Republic of Estonia via AP)
ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy ពិភាគ្សា​ជាមួយ​ប្រធានាធិបតី​អេស្តូនីលោក Alar Karis នៅរដ្ឋធានី​តាលីន​នៃ​ប្រទេស​អេស្តូនី កាលពីថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤។ (Raigo Pajula/Office of the President of the Republic of Estonia via AP)

នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បដិសេធ​ការឈប់បាញ់គ្នា​នៅក្នុង​សង្គ្រាមរបស់​ប្រទេស​លោក​ជាមួយ​ប្រទេស​រុស្ស៊ី ដោយនិយាយ​ថាកងកម្លាំងវិមាន​ក្រឹមឡាំងនឹង​ប្រើ​ការផ្អាក​ការប្រយុទ្ធគ្នាដើម្បី​បង្កើន​អាវុធនិង​ប្រមូល​ទាហាន​ជា​ថ្មី នៅ​មុនយក​ជ័យជម្នះលើក្រុមទាហាន​អ៊ុយក្រែន។

ការឈប់បាញ់គ្នា​មាន​កម្រិតត្រូវ​បានស្នើយូរៗ​ម្តង​តាំងពីរុស្ស៊ី​បាន​លុកលុយ​ពេញ​ទំហឹងកាល​ខែកុម្ភៈ ​ឆ្នាំ​ ២០២២ តែមិនបាន​ជាប់លាប់​ទេ។

ភាគី​ទាំងពីរ​ប្រញាប់​ប្រញាល់​បង្កើន​អាវុធ​នៅក្រោយ​ការប្រយុទ្ធគ្នា​រយៈពេល​ ២២ ខែ​ ហើយអាច​ជា​សង្គ្រាម​រ៉ាំរ៉ៃ។ ដោយ​សមរភូមិ​ជួរមុខ​មាន​ប្រហែល​ ១៥០០​គីឡូម៉ែត្រ​ ភាគច្រើន​មិន​ផ្លាស់ប្តូរ​ក្នុង​អំឡុងពេល​អាកាស​រដូវរងា​ដ៏​សែន​ត្រជាក់​ ភាគី​ទាំងពីរ​ត្រូវការ​កាំភ្លើង​ធំ​ មីស៊ីល​ និង​យន្តហោះ​គ្មាន​មនុស្សបើក​ដែល​អាចវាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន។

លោក Zelenskyy ​បាន​កត់សម្គាល់​ថារដ្ឋាភិបាល​ក្រុងមូ​ស្គូ​បាន​ទិញ​គ្រាប់កាំភ្លើង​ធំពី​ប្រទេស​កូរ៉េខាង​ជើង​និង​ដ្រូន​ពី​ប្រទេស​អ៊ីរ៉ង់។

លោក​ Zelenskyy ​បាន​ស្ថិត​នៅក្នុង​រដ្ឋធានី​តាលីននៃ​ប្រទេស​អេស្តូនី ​ជា​ផ្នែក​មួយ​នៃទស្សនកិច្ច​ពីរថ្ងៃ ទៅកាន់​បណ្តា​ប្រទេស​តំបន់​បាល់ទិក ដែល​ស្ថិត​ក្នុង​បណ្តា​ប្រទេស​គាំទ្រ​ខ្លាំងក្លា​ដល់អ៊ុយក្រែន​ក្នុង​សង្គ្រាម​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ជំរុញពួកសម្ព័ន្ធមិត្ត​ឱ្យ​ផ្តល់​ការគាំទ្រ​ថែមទៀត​ដល់​ប្រទេស​លោក ក្រោយ​ពីបាន​ទទួល​ជំនួយ​យោធារាប់ពាន់​លាន​ដុល្លារពី​ក្រុម​សម្ព័ន្ធមិត្តលោក​ខាងលិច។

លោក Oleh Syniehubov ​អភិបាល​តំបន់ ​Kharkiv ​បាននិយាយ​ថាមីស៊ីល​រុស្ស៊ីធុន S-300 មួយ​គ្រឿង​បានធ្លាក់ចំ​សណ្ឋាគារ​មួយ នៅក្នុងក្រុង Kharkiv ​ដែល​ជា​ក្រុង​ធំ​ទីពីរ​របស់​អ៊ុយក្រែនកាលពី​យប់ថ្ងៃពុធ​ នាំ​ឱ្យមនុស្ស​ ១៣ នាក់​ត្រូវរបួស ​រួមមានអ្នកកាសែត​តួកគី​ម្នាក់​ផង។ លោកបានថ្លែង​ថា ក្រុងនេះ​បានរង​ការវាយប្រហារបួនយប់​បន្ត​បន្ទាប់​គ្នា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG