ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃពុធនេះបានធ្វើដំណើរទៅកាន់ប្រទេសលីទុយអានីសម្រាប់ការពិភាក្សាដែលលោកថានឹងផ្ដោតលើបញ្ហាសន្តិសុខ ការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងអង្គការអូតង់ (NATO) និងសហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការផ្នែកដ្រូន និងការសម្របសម្រួលការគាំទ្ររបស់អឺរ៉ុប។
លោក Zelenskyy ក៏បានបញ្ជាក់ផងដែរថា លោកនឹងសម្ដែងការដឹងគុណចំពោះប្រទេសលីទុយអានីសម្រាប់ «ការគាំទ្រឥតឈប់ឈរលើអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ មក និងជាពិសេសនៅពេលបច្ចុប្បន្ននេះក្នុងអំឡុងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី [លើអ៊ុយក្រែន]»។
ខុទ្ទកាល័យលោកប្រធានាធិបតី Gitanas Nauseda នៃប្រទេសលីទុយអានីបានបញ្ជាក់ថា បន្ថែមទៅនឹងការពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន មេដឹកនាំទាំងពីរក៏នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជនលីទុយអានីនិងជួបជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែនដែលរស់នៅក្នុងប្រទេសលីទុយអានីផងដែរ។
លោក Zelenskyy បានធ្វើទស្សនកិច្ចម្ដងម្កាលទៅក្រៅប្រទេសអ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានពេញទំហឹងលើប្រទេសរបស់លោកនៅខែកុម្ភៈឆ្នាំ ២០២២ មក។
លោកបាននិយាយនៅថ្ងៃពុធនេះថា ក្រៅពីប្រទេសលីទុយអានី លោកក៏នឹងធ្វើទស្សនកិច្ចផងដែរទៅកាន់ប្រទេសអេស្តូនីនិងប្រទេសឡេតូនី។
លោក Zelenskyy និងមន្ត្រីអ៊ុយក្រែនផ្សេងទៀតបានបង្ហាញអំពីតម្រូវការនៅក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននៅចំពេលដែលមានការវាយប្រហារជារៀងរាល់ថ្ងៃពីរុស្ស៊ី។ នៅ ឆ្នាំនេះ រុស្ស៊ីបានបង្កើនការវាយប្រហារខុសធម្មតាដោយប្រើដ្រូននិងជាពិសេសមីស៊ីល ដែលជារឿយៗសំដៅលើទីក្រុងនានារបស់អ៊ុយក្រែន។
សមាជិកសភាសហរដ្ឋអាមេរិកបានត្រឡប់ចូលធ្វើការវិញនៅសប្ដាហ៍នេះ បន្ទាប់ពីបានឈប់សម្រាករដូវចូលឆ្នាំថ្មី ៣ សប្ដាហ៍ ដើម្បីបន្តធ្វើការឱ្យបានការព្រមព្រៀងអំពីបញ្ហាសន្តិសុខព្រំដែនជាថ្នូរនឹងការទទួលបានសំឡេងគាំទ្រពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋដើម្បីឱ្យសហរដ្ឋអាមេរិកអាចបញ្ជូនជំនួយបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែនបាន៕
វេទិកាបញ្ចេញមតិ