ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមានជំរុញឧស្សាហកម្មយោធាឱ្យជួយផ្នែកបច្ចេកវិទ្យាដល់ជំនួយអ៊ុយក្រែន


រូបឯកសារ៖ ទាហានអ៊ុយក្រែន​ហ្វឹកហាត់​​ប្រើ​រថក្រោះ​មួយ​គ្រឿង​ នៅ​អ៊ុយក្រែន កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ទាហានអ៊ុយក្រែន​ហ្វឹកហាត់​​ប្រើ​រថក្រោះ​មួយ​គ្រឿង​ នៅ​អ៊ុយក្រែន កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣។

កាលពី​ថ្ងៃ​ចន្ទ មន្ត្រី​សេតវិមាន​បាន​ជួបជាមួយ​នឹង​មេដឹកនាំ​នានា​មកពី​ឧស្សាហកម្ម​ផ្នែក​បច្ចេកវិទ្យា​និង​យោធាដើម្បី​ពិភាក្សា​អំពី​វិធី​ផ្ដល់​ដល់​ប្រទេស​អ៊ុយក្រែន​នូវ​សព្វាវុធ​ទំនើប​របស់​សហរដ្ឋ​អាមេរិក​ ដូចជា​ប្រព័ន្ធ​យន្តហោះគ្មាន​មនុស្ស​បើក​ ឬ​ក៏​ឧបករណ៍​ដោះមីន​ជាដើម និង​វិធី​គាំទ្រ​អ៊ុយក្រែន​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។

លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន បាន​កោះ​ប្រជុំ​រយៈពេល ៥ ម៉ោង​នេះ​រវាង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​និង​យោធានិង​មន្ត្រី​រដ្ឋាភិបាល​អំពី​សមត្ថភាព​បច្ចេកវិទ្យា​ថ្មី​ ដែល​អាច​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ចាប់សញ្ញា​បាន​និង​ទប់ទល់​នឹង​យន្តហោះគ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​និង​ដោះមីន​នៅ​តំបន់​ជាច្រើន​នៅ​អ៊ុយក្រែន។

ការ​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​កញ្ចប់​ជំនួយ​បន្ថែម​ជាង ១០០ ពាន់​លាន​ដុល្លារ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ជំនួយ​សម្រាប់​អ៊ុយក្រែន​ផង​ដែរ ជាប់គាំង​នៅ​ក្នុង​សភា។

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ជំរុញ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​ផ្ដល់​ជំនួយ​យោធា​និង​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ លោក​បាន​រិះគន់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ ថា​មិន​បាន​ផ្ដល់​សព្វាវុធ​គ្រប់គ្រាន់​ដល់​អ៊ុយក្រែន និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងនោះ​ធ្វើ​បន្ថែម​ទៀត។

ទោះបីជា​អាល្លឺម៉ង់​យឺតយ៉ាវ​នៅ​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​អ៊ុយក្រែន​នៅ​ពេល​សង្គ្រាម​បាន​ចាប់ផ្ដើម​ដំបូងៗ​ក៏ដោយ ក៏​ឥឡូវ​នេះ​អាល្លឺម៉ង់​គឺជា​ប្រទេស​ផ្ដល់​ជំនួយ​សព្វាវុធ​និង​ហិរញ្ញវត្ថុ​កំពូល​មួយ​ដល់​អ៊ុយក្រែន។ កាលពី​ចុង​ឆ្នាំ​មុន អាល្លឺម៉ង់​បាន​យល់ព្រម​បង្កើន​ជំនួយ​យោធា​ទ្វេដង​ដល់​អ៊ុយក្រែន​នៅ​ក្នុង​ឆ្នាំ ២០២៤ នេះ​ឱ្យ​ដល់ ៨,៨ ពាន់​លាន​ដុល្លារ។

នៅ​ក្នុង​រឿង​ដាច់ដោយឡែក​មួយ​ទៀត អ៊ុយក្រែន​បាន​នាំចេញ​ទំនិញ ១៥ លាន​តោន​តាម​រយៈ​ច្រក​របៀង​ដឹកជញ្ជូន​របស់​ខ្លួន​តាម​សមុទ្រ​ខ្មៅ ដែល​នៅ​ក្នុង​ការ​នាំចេញ​នោះ​រួម​មាន​ទាំង​កសិផល​ចំនួន ១០ លាន​តោន​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Oleksandr Kubrakov នៅ​ថ្ងៃ​អង្គារ​នេះ។

អ៊ុយក្រែន​បាន​ចាប់ផ្ដើម​ប្រើប្រាស់​ច្រក​របៀង​នេះ​ដែល​ស្ថិត​នៅ​ក្បែរ​មាត់សមុទ្រ​ខ្មៅ​ភាគ​ខាង​លិច​ជិត​ប្រទេស​រ៉ូម៉ានី​និង​ប្រទេស​ប៊ុលហ្គារី​កាលពី​ខែ​សីហា​ឆ្នាំ​មុន ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០២២ ដែល​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ និង​បាន​គំរាម​ចាត់ទុក​រាល់​នាវា​ទាំង​អស់​ថា​ជា​គោលដៅ​យោធា៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG